លោកហ្វឺកឺសិន បដិសេដមិនធ្វើសន្និសីទសារពត៌មាន បន្ទាប់ពីចាញ់រៀល ម៉ាឌ្រីដ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹករបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានបដិសេដចំពោះការចូលរួមសន្និសីទសារពត៌មាន បន្ទាប់ពីក្រុមរបស់លោក ត្រូវធ្លាក់ចេញពីការប្រកួតក្នុងក្របខ័ណ្ឌ យូហ្វា ឆែមពានលីក (UEFA Champions League) ដោយប្រកួតចាញ់ក្រុមរៀលម៉ាឌ្រីដ (Real Madrid)។
លោកហ្វឺកឺសិន ឆ្ងោកមុខ ទំនងជាអន់ចិត្តនឹងលទ្ធផលផង និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផង។
ក្រុមម៉ែនញូ បង្ហាញពីការគ្រប់គ្រងបាល់បានយ៉ាងល្អដែរ នៃការប្រកួតវគ្គ ១៦ក្រុមជើងទី២ នេះ បន្ទាប់ពីកីឡាករណានី (Nani) ទាត់បាល់កាត់មុខទី នៅវគ្គទី២ ហើយត្រូវបានកីឡាករខ្សែការពារ សឺជីអូ រ៉ាម៉ូស (Sergio Ramos) ទាត់បញ្ចូលទីខ្លួនឯង។
ទោះបីជាយ៉ាងណាក៏ដោយ នៅប៉ុន្មាននាទីក្រោយមក កីឡាករណានី ក៏ទទួលបានកាតក្រហម បន្ទាប់ពីមានការប៉ះទង្គិច ជាមួយនឹងកីឡាករ អាវ៉ារ៉ូ អាបិលូអា (Alvaro Arbeloa)។ ហើយនេះជាឱកាស ដែលធ្វើឲ្យកីឡាករ លូកា ម៉ូឌ្រិក (Luka Modric) រកគ្រាប់បាល់តាមបានស្មើនៅនាទី ៦៦ និងគ្រាប់បាល់ជ័យជំនះ ដែលស៊ុតដោយអតីតកីឡាករ ក្រុមម៉ែនញូផ្ទាល់ គឺកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ធ្វើបានសម្រេចនៅនាទី ៦៩។ សរុបគ្រាប់បាល់ នៃការប្រកួតទាំង២ជើង ឃើញថាក្រុមរៀលម៉ាឌ្រីដ យកឈ្នះដោយលទ្ធផល ៣-២ ដែលអាចបន្តទៅវគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រជាបន្តទៅទៀត។
លោកជំនួយការគ្រូបង្វឹក ម៉ៃ ផេឡាន (Mike Phelan) បានចូលសន្និសីទពត៌មានជំនួសលោក ហ្វឺកឺសិន ហើយបានពន្យល់ថា គ្រូបង្វឹកក្រុមម៉ែនញូរូបនេះ គ្មានពាក្យអ្វីនិយាយទៅកាន់លោក អាជ្ញាកណ្តាលសញ្ជាតិទួរគី ខូនី ខាកឺ (Cuneyt Cakir) ទេ បន្ទាប់ពីគាត់សម្រេចចិត្តដេញ កីឡាកររបស់លោកចេញ។
លោក ផេឡាន បាននិយាយថា «វាការក្រៀមក្រំមួយ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ និងការមិនអស់ចិត្តចំពោះ លោកគ្រូបង្វឹក។ ហើយនេះជាមូលហេតុដែលខ្ញុំអង្គុយនៅទីនេះ។ យើងគិតថា យើងមានបច្ចេកទេសត្រឹមត្រូវ សំរាប់ការប្រកួតមួយនេះ។ យើងមានអារម្មណ៏កក់ក្តៅខ្លាំងណាស់ បន្ទាប់ពីចប់វគ្គទី១ ដោយលទ្ធផល ០-០ ហើយនោះជាអ្វីដែលយើងចង់បាន។»
គាត់បានបន្តថា «យើងចូលមកវគ្គទី២ ហើយរកគ្រាប់បាល់បានមួយគ្រាប់ថែមទៀត ដែលធ្វើឲ្យយើងស្ថិតក្នុងដំណែងវិជ្ជមាន។ ប៉ុន្តែបន្ទាប់មក ការប្រកួតក៏មានការផ្លាស់ប្តូរ។ ការសម្រេចចិត្តនេះ គឺសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យយើងមិនស្ងប់ចិត្ត ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ការលេងជាមួយក្រុមរៀលម៉ាឌ្រីដ មានកីឡាករ ១១នាក់ គឺវាពិបាកណាស់ទៅហើយ។ ក្នុងការប្រកួតនេះ ជាការប្រកួតដ៏ធំ ដែលពិភពលោកកំពុងតែទស្សនា ប៉ុន្តែយើងពិតជាមានការខកចិត្តនៅពេលដែលឃើញ កីឡាកររបស់យើងនៅសល់គ្នាត្រឹមតែ ១០នាក់។»
ជំនួយការរូបនេះបានបន្តថា «ខ្ញុំគិតថា គ្រូបង្វឹករកពាក្យអ្វី និយាយទៅកាន់លោកអាជ្ញាកណ្តាលគ្មានទេ អំពីការសម្រេចចិត្តរបស់គាត់។ ខ្ញុំគិតថា សំលេងដែលខ្ញុំនិយាយនៅទីនេះ ពេលនេះ ខណះនេះ គឺមិនមែនជា សម្តីដែលគ្រូបង្វឹកក្រុមបាល់ទាត់ដ៏អស្ចារ្យនិយាយទេ។ យើងទាំងអស់គ្នា បានឃើញហើយពីការសម្រេចចិត្តមួយ ដែលអយុត្តិធម៌ ដូចជាឃោរឃៅ ហើយមិនគួរឲ្យជឿ ក្នុងការប្រកួតមួយនេះ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ