ម៉ូរីញ៉ូ និងរ៉ូណាល់ដូ ត្រូវបណ្តេញចេញពីការប្រកួត ខណៈអាត្លិកទិកូលើកពាន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) បានឈ្នះពានរង្វាន់ខូផាដេលរ៉េ (Copa del Rey) លើកទី១០របស់ខ្លួន បន្ទាប់ពីកីឡាករឌីហ្គូ កូស្តា (Diego Costa) និងកីឡាករមីរ៉ាន់ដា (Miranda) រកគ្រាប់បាល់បញ្ចូលទីបានម្នាក់១គ្រាប់ និងបំបាក់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដោយលទ្ធផល ២-១ នៅម៉ោងបន្ថែម (extra-time)។ ដោយឡែក គ្រូបង្វឹកលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) និងកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៃក្រុមរៀលម៉ាឌ្រីដ ត្រូវបានអាជ្ញា-កណ្ដាលបណ្តេញចេញពីការប្រកួត។
ក្រុមបាល់ទាត់អាត្លិកទិកូ ម៉ាឌ្រីដ សប្បាយនឹងឈ្នះពានរង្វាន់ខូផាដេលរ៉េ។
ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អេស្ប៉ាញ នាកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ក្រុមរបស់លោកម៉ូរីញ៉ូ ចាប់ផ្តើមបានយ៉ាងល្អ បន្ទាប់ពីកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ តែតបញ្ចូលទីបានសម្រេច នៅនាទីទី១៤ ដែលជាការបញ្ជូលបាល់ជ្រុងមកពីកីឡាករ លូហ្គា ម៉ូឌ្រីក (Luka Modric)។
គ្រូបង្វឹកក្រុមអធិរាជស រៀលម៉ាឌ្រីដ លោកជូសេ ម៉ូរីញ៉ូ ត្រូវបានអាជ្ញាកណ្តាលដេញចេញពីកន្លែងកីឡាករបម្រុងអង្គុយ នៅជិតបញ្ចប់ម៉ោងធម្មតា ដោយសារតែតវ៉ាច្រើនពេក។ បន្ទាប់មកកីឡាករមីរ៉ាន់ដា ក៏តែតបញ្ចូលទីឲ្យក្រុមអាត្លិកទិកូ នាំមុខវិញនៅម៉ោងបន្ថែម ដែលធ្វើឲ្យក្រុមរៀលម៉ាឌ្រីដ កាន់តែក្តៅស្លឹកត្រចៀកបន្ថែមទៀត។
កំឡុងពេលដែលក្រុមកំពុងតែចាញ់ ក្រុមរៀលម៉ាឌ្រីដ ក៏លេងជាលក្ខណៈឆេវឆាវទាំងកំហឹង។ វាហាក់ដូចជាខ្សែយន្តដូច្នោះដែរ ខណៈដែលកីឡាករឆ្នើម រ៉ូណាល់ដូ ក៏ត្រូវពិន័យកាតក្រហមមួយទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយកីឡាករ ហ្គាប៊ី (Gabi) នៅនាទីទី១១៤។
ក្នុងការប្រកួតនោះ អាចនិយាយបានថា ជាថ្ងៃនាំសំណាងមិនល្អទាល់តែសោះ មកឲ្យក្រុមរៀលម៉ាឌ្រីដ ខណៈដែលកីឡាករទាំងខ្សែបម្រើ ទាំងប្រយុទ្ធមានឱកាសជាច្រើនលើកច្រើនសារ តែបាល់បានត្រឹមតែទៅបុកនឹងរបារទីខាងឆ្វេង ខាងស្តាំ និងអ្នកចាំទីតែប៉ុណ្ណោះ។
លោកម៉ូរីញ៉ូ បាននិយាយថា «យើងមានឱកាសដាច់យ៉ាងល្អ ២លើក តែធ្វើពុំបានសម្រេច ហើយពួកគេមានកំហុសឆ្គង៣ តែលោកអាជ្ញាកណ្តាលមិនពិន័យ។ នោះជាហេតុផល ដែលធ្វើឲ្យខ្ញុំគិតថា មិនយុទ្តិធម៌។»
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបន្តថា «ខ្ញុំបានប្រកបអាជីពជាគ្រូបង្វឹកនេះ ជាច្រើនឆ្នាំហើយ មិនមែនទើបតែ១ឆ្នាំនេះទេ ប៉ុន្តែនេះជារដូវកាលដ៏អាក្រក់បំផុត ដែលខ្ញុំមិនដែលធ្លាប់ជួប។»
លោកម៉ូរីញ៉ូ មានកំណត់ត្រាមួយដ៏អស្ចារ្យជាមួយនឹងក្រុមរៀលម៉ាឌ្រីដ បន្ទាប់ពីផ្ទេរមកពីក្រុមអ៊ីនធឺ មីឡាន (Inter Milan) កាលពីឆ្នាំ២០១០។ ក្នុងរដូវកាលដំបូងរបស់គាត់ ជាមួយនឹងក្រុមអធិរាជសមួយនេះ គាត់បានជួយឲ្យក្រុមយកឈ្នះក្រុមបាសេឡូណា (Barcelona) ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ឃីងខាប់ (King’s Cup) ដែលពេលនោះក្រុមបាសេឡូណា ត្រូវបានគេដឹងថាជាក្រុមល្អជាងគេបំផុតលើលោក។
គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ បានបន្ថែមថា «បីរដូវកាល ជាមួយនឹងលទ្ធផលទាំងនេះ ជាការបរាជ័យសម្រាប់ខ្ញុំ។ វាប្រហែលជាអាចល្អ សម្រាប់គ្រូបង្វឹកជាច្រើន ប៉ុន្តែសម្រាប់ខ្ញុំ វាជារដូវកាលដ៏អាក្រក់បំផុត ព្រោះខ្ញុំមិនអាចជួយឲ្យក្រុមការពារដំណែងជើងឯកឡាលីកា (La Liga), ធ្លាក់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) និងធ្លាក់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះទៀត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ