ស ខេង ជួប កឹម សុខា នៅរដ្ឋសភារសៀលថ្ងៃទី១០ សីហានេះ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 12, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងជំនួបនៃថ្នាក់ដឹកនាំកំពូលនេះ ខាងគណបក្សប្រជាជនកម្ពុជា មានលោក ស ខេង, លោក កើត រិទ្ធិ និងលោក សក់ សេដ្ឋា។ ឯខាងគណបក្សសង្គ្រោះជាតិ មានលោក កឹម សុខា, លោក អេង ឆៃអៀង, និងលោក ប៉ុល ហំម។
ជំនួបដោយបិទទ្វា នៃតំណាងគណបក្សទាំងប្រាំមួយរូប បានជួបជជែកគ្នា ដោយគ្មានវត្តមានអ្នកសារព័ត៌មានឡើយ។ ជំនួបនេះ បានចាប់ផ្តើម នៅម៉ោងជាងប្រាំរសៀល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា។
ជាមួយនឹងជំនួបនេះ បើតាមការអះអាង របស់លោក កឹម សុខា នាពេលថ្មីៗនេះ បានលើកឡើងថា ការជជែកនេះ នឹងលើកយកបញ្ហាសកម្មជន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទវប្រកាន់ និងកំពុងបន្តចាប់ខ្លួន ជាបន្តបន្ទាប់ មកដាក់ជជែកគ្នាដែរ។
មកទល់ម៉ោងនេះ លទ្ធផលនៃការជជែកគ្នា យ៉ាងណានោះ នៅមិនទាន់បង្ហាញជាផ្លូវការ ដោយតំណាងគណបក្សទាំងពីរ នៅឡើយ។ តែកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ លោក ឡុង រី បានលើកឡើងថា កឹម សុខា នឹងជួបជាមួយ លោក ស ខេង ដើម្បីជជែកគ្នា ពីបញ្ហាយកបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
ត្រង់ចំណុច នៃការជជែកគ្នាលំអិតយ៉ាងណានោះ មិនត្រូវបានលោក ឡុង រី លើកមកបង្ហាញទេ។ លោកគ្រាន់តែបញ្ជាក់ថា៖ «យើងចង់ចូលរួមចំណែក ក្នុងការចូលរួមដោះស្រាយ បញ្ហាប្រទេសជាតិ។ រសៀលនេះ គណបក្សទាំងពីរ បានជួបគ្នាដោយត្រង់ មើលគ្នាដោយត្រង់។ (...) ជាតំណាង ឲ្យប្រជាពលរដ្ឋខ្មែរ យើងចង់បានដំណោះស្រាយ ដោយសន្តិវិធី បំពេញចិត្តម្ចាស់ឆ្នោត ដែលចង់បានព័ត៌មាន ជាមោទនភាព ដែលយើងបានឆ្លើយឆ្លងគ្នា។»៕