ភរិយា មាជ សុវណ្ណារ៉ា ថា ហ៊ុន សែន មានអំណាចកែទូរទស្សន៍ទៅជាទូរស័ព្ទ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មីនា ២០១៨
- កែប្រែចុងក្រោយ: March 31, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក មាជ សុវណ្ណារ៉ា គ្មានទូរស័ព្ទដៃ ប្រើនៅក្នុងពន្ធនាគារទេ តែបើមានសម្ភារៈប្រើ គឺមានតែទូរទស្សន៍មួយគ្រឿង គ្រាន់នឹងទស្សនាកម្មវិធី របស់ស្ថានីយទូរទស្សន៍ក្នុងស្រុក តែប៉ុណ្ណោះ។ អ្នកស្រី មាជ ចេមី ភរិយាលោក មាជ សុវណ្ណារ៉ា បានថ្លែងអះអាងដូច្នេះ ពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតប ទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមីនាកន្លងមកនេះ ដែលថាលោក មាជ សុវណ្ណារ៉ា កំពុងប្រើទូរស័ព្ទដៃ ពីពន្ធនាគារ ដើម្បីបង្ហោះសារនយោបាយ ប្រឆាំងរដ្ឋាភិបាល។
អ្នកស្រី មាជ ចេមី បានថ្លែងថា កាលពីដំបូងឡើយ ស្វាមីអ្នកស្រីមានទូរស័ព្ទប្រើ ប្រភេទ «N ចុចពិល» មួយមែន តែទូរស័ព្ទដ៏កញ្ចាស់មួយនេះ ត្រូវបានដកហូតចេញ តាំងពីយូរមកហើយ ហើយរហូតមកដល់ថ្ងៃនេះ ក្រុមគ្រួសារអ្នកស្រី ទាក់ទងគ្នាតាមរយៈ តែទូរស័ព្ទជញ្ជាំង (ទូរស័ព្ទខ្សែលើតុ) ដែលត្រូវបង់សេវានេះ ឲ្យពន្ធនាគារ ក្នុងតម្លៃយ៉ាងថ្លៃជាទីបំផុត។ អ្នកស្រីបានអះអាងបន្តថា បើទោះជាមានទូរស័ព្ទប្រើ ក៏គេមិនអាចប្រើ នៅក្នុងពន្ធនាគារព្រៃស បានដែរ ព្រោះនៅទីនោះ ប្រព័ន្ធផ្ដាច់សេវាទូរស័ព្ទ បានរារាំងមិនឲ្យមានសេវាទូរស័ព្ទ នៅក្នុងពន្ធនាគារឡើយ។
ភរិយាអ្នកនយោបាយ ដែលត្រូវទទួលបន្ទុកមើលការខុសត្រូវ លើគ្រួសារ និងកូនស្រីទាំងបី បានថ្លែងទៀតថា សារដែលបង្ហោះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក មាជ សុវណ្ណារ៉ា មិនមែនជាសរសេរឡើង ដោយលោក មាជ សុណ្ណារ៉ា នោះទេ ខណៈអ្នកកាន់ទំព័រហ្វេសប៊ុកមួយនេះ មិនមែនមានតែលោក មាជ សុវណ្ណារ៉ា ម្នាក់នោះទេ តែក៏មានរូបអ្នកស្រី ឬក៏ក្រុមគ្រួសារអ្នកស្រី ជាអ្នកកាន់ទំព័រនោះដែរ។
ផ្ទុយទៅវិញ នៅក្នុងបន្ទប់ឃុំឃាំងនោះ មានតែទូរទស្សន៍មួយគ្រឿងប៉ុណ្ណោះ ហើយក្រុមនគរបាល ក៏មិនបានរកឃើញ ថាមានទូរស័ព្ទដៃនោះដែរ។ អ្នកស្រីបានថ្លែងចំអកឲ្យលោក ហ៊ុន សែន វិញថា តើលោកនាយករដ្ឋមន្ត្រី ដ៏មានអំណាចនៅកម្ពុជារូបនេះ ចង់បានអ្វីទៀត ពីក្រុមគ្រួសារអ្នកស្រី? ជាពិសេស ទូរទស្សន៍ ដែលមាននោះ ក៏នៅតែជាទូរទស្សន៍ មិនអាចបំប្លែង ឲ្យក្លាយជាទូរស័ព្ទដៃបានឡើយ៕
» ទស្សនាវីដេអូ នៃការថ្លែងរបស់អ្នកស្រី មាជ ចេមី ទាំងស្រុងដូចតទៅ៖