ខួប៨០ឆ្នាំ អតីតប្រធានាធិបតីបារាំង ហ្សាក់ ឆៀរ៉ាក់ នៅតែមានប្រជាប្រិយ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 03, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើនិយាយពីប្រជាប្រិយភាព ពីក្នុងចំណោមអតីតប្រធានាធិបតីបារាំង ដែលផុតតំណែង ឬចូលនិវត្តន៍ទៅហើយនោះ លោកហ្សាក់ ឆៀរ៉ាក់ (Jacques Chirac) ជាអតីតប្រធានាធិបតីមួយរូប ដែលនៅតែទទួលបាននូវការនិយមពេញចិត្ត យ៉ាងខ្លាំងនៅឡើយ ពីសំណាក់ប្រជាជនបារាំង។ នេះជាការអោយដឹង នៃការស្ទង់មតិ ក្នុងថ្ងៃបុណ្យខួបកំណើត ៨០ឆ្នាំរបស់លោក កាលពីថ្ងៃព្រហស្បត្តិ៍ទី២៩វិច្ឆិការកន្លងមក។ យើងសូម លើកយកមកសរសេរ ពីមូលហេតុដែលលោកអតីតប្រធានាធិបតី នៅតែថែរក្សាបាន នូវកំរិតនៃប្រជាប្រិយភាព រហូតមកដល់សព្វថ្ងៃ។
លោកហ្សាក់ ឆៀរ៉ាក់ កាលពីខែសីហា ឆ្នាំ២០១១។ រូបថត SEBASTIEN NOGIER / AFP។
ជាទូទៅ មិនសូវមានការខុសគ្នា រវាងការធ្វើអោយចេញជារូបរាង នៃផលប្រយោជន៍ប្រជាជាតិ និងប្រទេស សម្រាប់រយះពេលនៃការកាន់អំណាច របស់ប្រធានាធិបតីបារាំងនីមួយៗ នោះទេ។ ចង់និយាយថា នណារម្នាក់ក៏មានគុណសម្បត្តិ និងគុណវិបត្តនៅក្នុងការដឹកនាំ របស់ពួកគាត់ដែរ។ តែអ្វីដែលសំខាន់ និងអ្វីដែលយើងចង់និយាយនៅខាងក្រោម គឺនៅបន្ទាប់ពីចាកចេញពីអំណាច កេរ្ដ៍ឈ្មោះ និងការរាប់អាននៃប្រជាជនបារាំង មានទៅលើប្រធានាធិបតីរបស់ខ្លួន មានខុសៗគ្នា ជាពិសេសគឺអតីតប្រធានាធិបតី ហ្សាក់ ឆៀរ៉ាក់នេះតែម្ដង។
រូបភាពរស់រវើក របៀបបារាំង
នៅពេលដែលអតីតប្រធានាធិបតីបារាំង លោកនីកូឡា ស្សាកូហ្សី ទទួលស្គាល់ថា លោកមិនចូលចិត្តសូរ៉ា តែលោកហ្សាក់ ឆៀរ៉ាក់ ឯណោះវិញ ត្រូវបានគេទទួលស្គាល់ថា មិនដែលរាថយម្ដងណាសោះឡើង នៅចំពោះមុខគ្រឿងស្រវឹង។ វត្តមានរបស់លោក ឆៀរ៉ាក់ រហូតមកដល់បច្ចុប្បន្ន នៅមហាពិពណ៌ប្រចាំឆ្នាំ នៃផលិតផលកសិកម្ម បង្ហាញថាលោកមានចិត្ត ដក់ជាប់ជាមួយនឹងជនបទស្រុកស្រែចំការ និងវប្បធម៌ប្រពៃណី នៃប្រទេសបារាំង ដែលជាប្រទេសមួយ ល្បីខាង«ផលិតផលស្រា»នេះ។ លោកអតីតប្រធានាធិបតី ក៏ត្រូវបានគេស្គាល់ថា លោកធ្វើខ្លួនដូចអ្នកផងទាំងឡាយ ដូចជាទទួលទានកាហ្វេនៅហាងជាមួយ នឹងមិត្តភ័ក្រ ទទួលជួបជជែក ជាមួយមនុស្សរាល់គ្នា ដែលជួបលោកនៅតាមផ្លូវជាដើម។
បើទោះជាលោក ញ៉ាំញ៉ីដោយជម្ងឺ ក៏លោកអតីតប្រធានាធិបតី សឹងតែមិនដែលភ្លេច នឹងឈប់«ដាក់់មួយកែវតូច» នៅក្នុងតៀមស្រានៃមហាវិថី ស៊ាំង ហ្សែរម៉ាំង (Saint-Germain) ជិតទីលំនៅរបស់គាត់ ក្នុងទីក្រុងប៉ារីសនោះទេ។
ចំណង់ចំណូលចិត្ត ដូចគ្នានឹងប្រជាជន
ប្រជាជនបារាំងចូលចិត្ត កីឡា ជាពិសេសកីឡាបាល់ទាត់។ នៅឆ្នាំ១៩៩៨ ប្រជាជនបារាំង បានឃើញប្រធានាធិបតីរបស់ពួកគេ អង្គុយនៅក្នុងពហុកីឡាដ្ឋាន មើលការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងបារាំងនិងប្រេស៊ីល។ មិនត្រឹមតែប៉ុណ្ណោះ លោកឆៀរ៉ាក់ បានទទួលជួប និងកោតសរសើរ កីឡាករបាល់ទាត់ទាំងនោះ នៅវិមានប្រធានាធតិបតី នៅក្រោយថ្ងៃជ័យជំនះរបស់ពួកគេពីរថ្ងៃ។
រូបរាងស្អាតបាត
ជាការពិតហើយ ដែលលោកឆៀរ៉ាក់ ចូលចិត្តស្លៀកខោវែង និងខ្ពស់ៗ។ តែនេះ វាបានក្លាយជារចនាមូដមួយ យ៉ាងពិសេសរបស់លោកអតីតប្រធានាធិបតី ដែលមើលទៅ រូបរាងស្លៀកពាក់របស់លោកសមញ្ញ តែសម្រិតសម្រាំង។ ចរិកលក្ខណៈ ដែលមើលទៅមានសភាពជាសុភាពបុរសផង របស់លោកអតីតប្រធានាធិបតី ក៏បានជួយរូបលោក កាន់តែក្លាយជានិមិត្តរូបដ៏គំរូ សម្រាប់បុរសបារាំងគ្រប់រូបបន្ថែមទៀត។
រូបភាពជាអ្នកចែចង់ស្រ្តីម្នាក់យ៉ាងជំនាញ
កេរ្ដ៍ឈ្មោះនេះ ត្រូវគេអោយតម្លៃលោក ដូចទៅនឹង «ទាំងងូតទឹកផង តែបីនាទីរួចរាល់»។ លោក ហ្សាក់ ឆៀរ៉ាក់ ចូលចិត្តសន្ដំបេះដូងរបស់មនុស្សស្រីណាស់ បើទោះជានៅនឹងមុខរបស់ភរិយារបស់លោកក៏ដោយ។ នៅក្នុងការស្ទង់មតិ ដោយកាសែតបារាំងមួយ កាលពីពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខែឧសភាឆ្នាំ ២០០២ បានអោយដឹងថា លោកឆៀរ៉ាក់ ជាបេក្ខជនដែលពូកែសន្ដំបេះដូង បណ្ដាជនារី ជាងបេក្ខជនគូប្រជែងរបស់លោក គឺលោកលីយ៉ូនែល ចូស្បាំង (Lionel Jospin)។ គុណសម្បត្តិនេះ បានជួយអោយលោក ឆៀរ៉ាក់ បានជាប់ឆ្នោតឡើងវិញផង នៅពេលនោះ។
ឃ្លាប្រយោគដែលធ្វើអោយភ្ញាក់ផ្អើល
នៅក្នុងប្រវត្តិរបស់លោកហ្សាក់ ឆៀរ៉ាក់ គេកម្រឃើញលោកនិយាយ ពាក្យជាឃ្លាប្រយោគ មិនមានន័យជ្រៅនោះណាស់។ លោកបានបញ្ចូលន័យ និងការរៀបរៀងពាក្យនិយាយរបស់លោក យ៉ាងប៉ិនប្រសព្វ បើទោះជា ពាក្យសម្ដីនោះមិនមានលក្ខណៈជាផ្លូវការក៏ដោយ។
ប៉ុន្តែឃ្លាប្រយោគទាំងនោះ មិនប្រាកដថា បានផ្ដល់កិត្តិយស ត្រឡប់ទៅអោយលោកវិញរហូតនោះទេ ព្រោះពេលខ្លះ គេបានយកពាក្យទាំងនោះរបស់លោកមកវិភាគ ឬប្រើប្រាស់ ដើម្បីបញ្ឆិតបញ្ឆៀង ពីការប្រកាន់ពូជជាតិសាសន៍ នៅក្នុងប្រទេសបារាំង៕
-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ