វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

សារព័ត៌មានវៀតណាម បានផ្សាយឲ្យដឹងថា ភ្នំបូកគោ របស់កម្ពុជា ដែល​ពលរដ្ឋ​វៀតណាម ហៅថា ភ្នំតាលន់ (Tà Lon) កំពុងទាក់ទាញទេសចរណ៍ វៀតណាមច្រើនឡើងៗ ឲ្យចូលមកលេង។ សារព័ត៌មានបាន​ប្រៀប​ធៀប រមណីយ​ដ្ឋាន​​បូកគោ ថាមានលក្ខណៈដូចទៅនឹង ក្រុងលើភ្នំរបស់វៀតណាម ដូចជាក្រុង ដាឡាត់ (Dà Lat) ឬ​ក្រុង សាប៉ា (Sa Pa) ជាដើម។
វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»
ភ្នំបូកគោ មើលទៅវត្តសំពៅប្រាំ។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំបូកគោខ្មែរ ដែលស្ថិតក្នុងខេត្តកំពតភាគនារតី នៃប្រទេសកម្ពុជា កំពុងទាក់ទាញឲ្យទេសចរណ៍​វៀតណាម​ច្រើនឡើងៗ ចូលមកទស្សនា។ ប៉ុន្តែពលរដ្ឋវៀតណាមទាំងនោះ មិនហៅឈ្មោះភ្នំនេះ ថាជាភ្នំបូកគោទេ គេ​ហៅ​ថាភ្នំ តាលន់ (Tà Lon)។ នេះបើតាមសារព័ត៌មានវៀតណាម ឈ្មោះ «Le Courrier Vietnam» ដែលបាន​ចេញ​ផ្សាយ កាល​ពីសប្ដាហ៍មុន។

សារព័ត៌មានបានរៀបរាប់ ពីប្រវត្តិរបស់ភ្នំបូកគោ ថាជាអតីតស្ថានីយ៍លំហែកាយ របស់អាណានិគមបារាំង តាំងពីដើមទសវត្សន៍ទី២០ មានកំពស់នៅជាង១០០០ម៉ែត្រ ពីទឹកសមុទ្រ ស្ថិតក្នុងឧទ្យានជាតិ ព្រះមុនីវង្ស។ គេត្រូវធ្វើដំណើរ ឆ្លងកាត់ព្រៃភ្នំប្រមាណជា ៣២គីឡូម៉ែត្រ មុននឹងទៅដល់រមណីយដ្ឋាននេះ។ នៅទីនោះ បារាំងបានសាងសង់សណ្ឋាគារកាស៊ីណូ «Bokor Palace» ដែលសម្ពោធនៅឆ្នាំ១៩២៥ មានមន្ទីរប្រៃសនីយ៍ រោងចក្រអគ្គិសនី និងទីក្រុងតូចមួយ សម្រាប់ការស្នាក់នៅ របស់មន្ត្រីជាន់ខ្ពស់។

បន្ទាប់ពីការចាកចេញ របស់​រដ្ឋអំណាចបារាំង ពីទឹកដីឥណ្ឌូចិន ស្ថានីយ៍នេះបានប្រែក្លាយ ជាទីលំហែកាយ របស់ព្រះញាតិវង្សានុវង្ស និង​ក្រុមអ្នកអន្ទ្រើសៗខ្មែរ មុននឹងតំបន់នេះ ត្រូវបានបោះបង់ចោល នៅក្នុង​ទសវត្សន៍ ឆ្នាំ៧០ និង៨០។

នៅឆ្នាំ១៩៩៣ រមណីយដ្ឋានត្រូវបានដាក់បញ្ចូល ជាឧទ្យានជាតិ ហើយភ្ញៀវទេសចរណ៍ ចាប់ផ្ដើមត្រឡប់មក ដើរ​លេងកំសាន្ដវិញ មានរួមទាំងទេសចរណ៍វៀតណាមនោះផង។ គម្រោងសណ្ឋាគារ ភោជនីយដ្ឋាន... ជា​ច្រើន​​ត្រូវបានធ្វើ ឲ្យឃើញចេញជារូបរាង ជាពិសេសគម្រោងសណ្ឋាគារផ្កាយប្រាំ ដែលមានឈ្មោះថា «Thansur Bokor Highland Resort»។ សារព័ត៌មានបានសរសេរ បញ្ជាក់ថា៖ «បូកគោ ត្រូវបានគ្រប់គ្រង និង​ធ្វើ​អាជីវកម្ម ដោយ​ក្រុមហ៊ុន សូគីម៉ិច របស់ជនជាតិយួន រស់នៅក្រៅប្រទេសម្នាក់ (Viêt kiêu) ដែល​មាន​ឈ្មោះ​ថា ឧកញ៉ា សុខ គង់»។

«នៅពេលដែលគម្រោងទាំងនេះ បានចេញជារូបរាង ស្ថានីយភ្នំបូកគោ នឹងមានមាត្រាដ្ឋាន ជាលក្ខណៈ​អន្តរជាតិ» នេះជាការដកស្រង់សម្ដី នាយកក្រុមហ៊ុនទេសចរណ៍មួយ មកបញ្ជាក់ នៅក្នុងអត្ថបទ របស់​សារព័ត៌មាន។ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកលេង ឲ្យបានច្រើនបំផុត ក្រុមហ៊ុន សូគីម៉ិច បានសហការ ជាមួយនឹងក្រុមហ៊ុនទេសចរណ៍ ជាច្រើនក្នុងលោក ក្នុងនោះក្រុមហ៊ុនរបស់ប្រទេសវៀតណាមផង។ ដំណើរ​កំសាន្ដ ដោយរថយន្ដក្រុងជាច្រើន ត្រូវបានរៀបចំចេញ ពីក្រុងហូជីម៉ិញ (អតីតក្រុងព្រៃនគរ ក្នុង​ទឹកដី​​កម្ពុជា​ក្រោម) ហើយឆ្ពោះទៅកាន់ ក្រុងព្រះសីហនុ កោះរ៉ុងសន្លឹម និងក្រុងបូកគោ ដោយប្រើ​រយៈពេល ៤ថ្ងៃ​​៣យប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...