សង្គម​​ស៊ីវិល​​ថា ហ៊ុន សែន ពិត​ជា​លូក​ដៃ​ទន្ទ្រាន​​​លើ​​តុលាការ

ការដកតំណែងប្រធានតុលាការ បន្ទាប់ពីរឿងអាស្រូវ ជុំវិញការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ បានបង្ហាញជាថ្មីទៀតថា អង្គនីតិប្រតិបត្តិ កំពុងលូកដៃចូលក្នុងកិច្ចការតុលាការ។ នេះបើតាមការអង្កេត របស់សង្គមស៊ីវិល ទៅលើបញ្ហានានា ជុំវិញទំនាក់ទំនងរវាងតុលាការ និងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 18, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ជារឿងមិនធម្មតា នៃសាលាដំបូង​រាជធានី​ភ្នំពេញ។ ករណីនេះ ចាំបាច់ត្រូវធ្វើអធិការរកិច្ច ជាដាច់ខាត ព្រោះការដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅឃុំ ជារឿងខុសនឹងនីតិវិធីច្បាប់។ បន្ទាប់មកទៀត មានការបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនានា ធ្វើ​អធិការ​កិច្ច ក្នុង​រឿង​ដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ក្រោមភាសាមួយថា ទាំងនេះ «មិនមែន​ជាការ​ជ្រៀត​ជ្រែក ឬលូកដៃចូលក្នុងប្រព័ន្ធតុលាការឡើយ»។ ទាំងនេះ សុទ្ធតែជាការលើកឡើង របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១៥ ម្សិលម៉ិញនេះ។

ក្នុងថ្ងៃទី១៧ ខែកុម្ភៈដដែលនេះ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី មិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់​តែ​មាន​ការដកតំណែង ប្រធានសាលាដំបូងរាជធានីភ្នំពេញតែម្តង។ ករណីខាងលើនេះ ត្រូវបានសង្គមស៊ីវិល​មើល​ឃើញថា ពិតជាមានការលូកដៃ ចូលកិច្ចការតុលាការ យ៉ាង«ពិតប្រាកដ» ដោយមិនអាចប្រកែកបាន ដោយ​បុរស​ខ្លាំងកម្ពុជា ដែលកាន់អំណាចដុះស្លែ ប្រមាណជា៣០ឆ្នាំមកនេះ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៨ ខែកុម្ភៈនេះ លោក នី ចរិយា ប្រធានផ្នែកអង្កេត​សមាគមការពារសិទ្ធិមនុស្ស អាដហុក បានធ្វើការអះអាងថា តុលាការកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្រោមអំណាច នៃលោកនាយករដ្ឋមន្រ្តីយ៉ាងច្បាស់ ដោយមិនអាចប្រកែកបាន។ លោកបានធ្វើការពន្យល់ថា ករណីឪពុក​ម្តាយ​លោក ថោង សារ៉ាត់ នេះជារឿងមួយ ករណីការដោះលែងសកម្មជនគណបក្សប្រឆាំង នាពេលកន្លងមក ជារឿង​មួយ និងការស្រែក ឲ្យមានការចាប់តំណាងរាស្រ្តបក្សប្រឆាំង ឡើងវិញជាដើម។ លោកថា នោះជាការបង្គាប់​បញ្ជា​របស់​លោកនាយករដ្ឋមន្រ្តី ហើយក៏ជាការបង្ហាញថា ជាការលូកដៃចូលក្នុងកិច្ចការតុលាការដែរ។

ប្រធានផ្នែកអង្កេតសមាគម អាដហុក រូបនេះ បានបញ្ជាក់ថា៖ «ជាធម្មតា លោកនាយករដ្ឋមន្រ្តី មិនដែល​ទទួល​ស្គាល់ថា តុលាការទាំងអស់ ស្ថិតក្រោមអំណាចរបស់គាត់ទេ។ (...) អ្វីដែលសំខាន់លើសកម្មភាព ។ (...) យើង​មិន​បាច់ ធ្វើការពិចារណាអ្វីទេ។ ទាំងរដ្ឋមន្រ្តី (ក្រសួងយុត្តិធម៌) ទាំងតុលាការ ទាំងប្រធានតុលាការ និង​មន្រ្តីទាំង​អស់ហ្នឹងបបួលគ្នា ទៅការពារតែសម្តីនាយករដ្ឋមន្រ្តី ទាំងហ្វូងទាំងហ្វាយទៅ បើទោះជានាយករដ្ឋមន្រ្តី​និយាយ​ខុស ក៏ដោយ។ ព្រោះអ្នកទាំងអស់នោះ បានអំណាចពីនាយករដ្ឋមន្រ្តី ដូច្នេះហើយ ទើបអំណាចតុលាការ​មិន​អាច នៅឯករាជ្យបាន។ (...) ប្រទេសមួយខ្ទេចខ្ទាំ ព្រោះតែមានមនុស្សប្រភេទទាំងនោះ។»

សមាជិកក្រុមប្រិក្សាភិបាល និងជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក  អ៊ូ វីរៈ បាន លើកឡើងថា លោកនាយករដ្ឋមន្រ្តី «ពិត»ជាមានអំណាចគ្រប់គ្រង លើតុលាការទៅតាមរយៈច្បាប់បី ដែលមានចែងច្បាស់ថា តុលាការត្រូវបានដាក់ ឲ្យនៅក្រោមក្រសួងយុត្តិធម៌តែម្តង ដែលក្រសួងមួយនេះ ជាកូនចៅ (សេនាធិការ) របស់​លោក​នាយករដ្ឋមន្រ្តី។

បញ្ហាតុលាការស្ថិតនៅក្រោម ឬមិននៅក្រោមអំណាច លោកនាយករដ្ឋមន្រ្តី ត្រូវបានអតីតប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា បង្ហាញតាមច្បាប់ ដែលបញ្ជាក់ទៀតថា តុលាការត្រូវនៅក្រោមអំណាច លោកនាយក​រដ្ឋមន្រ្តី​ដូចជា «តុលាការទាំងមូល (រដ្ឋបាលតុលាការ ហិរញ្ញវត្ថុតុលាការ) ស្ថិតក្រោមក្រសួងយុត្តិធម៌ ក្រោមឧត្តម​ក្រុម​ប្រឹក្សា នៃអង្គចៅក្រម។ ក្រុមស៊ើបអង្កេតតុលាការ ចៅក្រមស្ថិតនៅក្រោមក្រសួងមហាផ្ទៃ។ ទាំងក្រសួងយុត្តិធម៌ ទាំងក្រសួងមហាផ្ទៃ មានអំណាចបែបនេះ រឿងអ្វីដែលថា នាយករដ្ឋមន្រ្តីមិនមានអំណាច? (...) គាត់ (ហ៊ុន សែន) និយាយយ៉ាងណាក៏ដោយ ជាក់ស្តែងនៅតែជាក់ស្តែង គាត់មានឥទ្ធិពល ដូចជាការចាប់សកម្មជននោះ វាជារឿងឆន្ទះនយោបាយ និងការបង្គាប់បញ្ជារបស់គាត់។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជ្រៀតជ្រែកឬមិនមែន ក្នុងប្រព័ន្ធតុលាការនោះ មានករណីពីរដែលបាន​បង្ហាញ​ឡើង។ ទីមួយ អាចជាការស្នើសុំរបស់លោក ក្នុងរឿងតុលាការ ទីពីអាចជាភាពទន់ខ្សោយ របស់ក្រសួងយុត្តិធម៌ ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រោះទាល់តែខាងអំណាចនីតិប្រតិបត្តិ ថានេះថានោះ ទើបអាចដោះស្រាយ ឬអាចរកឃើញជាដើម។ នេះជាការបញ្ជាក់ របស់លោកមេធាវី សុខ សំអឿន និងជានាយកប្រតិបត្តិអង្គការ ក្រុម​អ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP)។ លោកបានបន្តឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងទៀតថា ចំណុចទាំងពីរ​នេះ បានបង្ហាញពីភាពអសកម្ម និងមិនមែនជាចំណុចល្អទាំងពីរ សម្រាប់ការអនុវត្តនោះឡើយ។ ទោះជាយ៉ាង​ណា លោកនៅតែចាត់ទុកថា បើមិនមែនជាការជ្រៀតជ្រែកដោយផ្ទាល់ ក៏ជាការជ្រៀតជ្រែកមួយចំណែក (ឬ​ប្រយោល) ដែរ។

នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជារូបនេះ បានថ្លែងឲ្យដឹងទៀតថា៖ «រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងចៅក្រមម្នាក់ នៃក្រសួងយុត្តិធម៌ ជាសមាជិកនៃឧត្តក្រុមប្រឹក្សានៃអង្គចៅក្រម ដូច្នេះបើក្រសួងយុត្តិធម៌ មិន​មាន​ឥទ្ធិពល ដូចជាភូតខ្លួនឯង។ (...) តាមច្បាប់ថ្មី ព្រះរាជអាជ្ញាក៏បានទាញ មកដាក់ក្រោមការគ្រប់គ្រង ដោយ​ក្រសួង​យុត្តិធម៌។ មិនមានន័យថា ក្រោមរដ្ឋាភិបាល? នេះហើយដែលជាផលវិបាក។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ ក៏ដូចជាឧត្តមក្រុមប្រឹក្សា នៃ​អង្គចៅក្រមបានទេ នាព្រឹកនេះ។ តែបើយោង តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព ក្នុងបណ្តាញព័ត៌មានសង្កមផ្ទាល់របស់លោក បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី មិនបានជ្រៀតជ្រែក​អំណាចតុលាការទេ។ លោកបានធ្វើការពន្យល់ យ៉ាងដូច្នេះថា៖ «សម្តេចមិនបានស្នើ អោយតុលាការដោះលែង ឬសម្រេចសេចក្តីតាមរបៀបណាមួយនោះទេ។ សម្តេចគ្រាន់តែស្នើ ឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជា​ស្ថាប័នមានភារកិច្ច ត្រួតពិនិត្យលើការអនុវត្តការងារ របស់ចៅក្រម ពិនិត្យមើលករណីសំណុំរឿងមួយ តើអនុវត្ត​តាមនីតិវិធីឬទេ? រីឯចំណាត់ការយ៉ាងណានោះ ជាភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម! សូមអ្នក​វិភាគ​ផ្តាប់​មុខទាំងឡាយជ្រាប!»

លោក អាំង មាលតី ដែលទើបនឹងត្រូវដកដំណែង ពីប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ​កុម្ភៈ​ម្សិលម៉ិញនេះ មិនអាចសុំឲ្យធ្វើការបកស្រាយ ជុំវិញការដកតំណែងនេះបានឡើយ ព្រោះទូរស័ព្ទរបស់លោក មិន​អាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមការអះអាង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលម៉ិញ ការដក​តំណែងនេះប្រហែលពាក់ព័ន្ធ នឹងការដោះលែងឪពុកម្តាយ លោក ថោង សារ៉ាត់ ដោយមានភាពទាន់​ហន់មិន​ប្រក្រតី ដោយខុសនឹងនីតិវិធីច្បាប់ជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...