កិច្ចពិភាក្សាលើការអភិវឌ្ឍន៍ផ្សារដើមគ មិនទទួលបានលទ្ធផល
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៧សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: ការអភិវឌ្ឍន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះមុខទុក្ខកង្វល់ របស់អាជីវករ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ផ្សារ របស់សាលារាជធានី លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានមានប្រសាសន៍ដំបូងគេ នៅក្នុងអង្គប្រជុំ ដោយបានធានាទៅកាន់ប្រជាពលរដ្ឋថា គម្រោងធ្វើផ្សារដើមគរថ្មី មិនមានផលប៉ះពាល់ ដល់អជីវករនោះទេ។
ថ្លែងក្នុងសាលាសង្កាត់ផ្សារដើមគរ កាលពីថ្ងៃទី៧ ខែសីហានេះ លោក ឯក ឃុនឌឿន បានលើកឧទាហរណ៍ ពីផ្សារធំថ្មីថា អាជីវករនៅទីនោះ មានការស្រុះស្រួលគ្នា ដើម្បីគម្រោងអភិវឌ្ឍន៍ថ្មី ឲ្យដំណើរការផ្សាររលូនល្អ។ លោកបញ្ជាក់ថា៖ «បងប្អូនកុំភ័យ យើងធ្វើមិនឲ្យប៉ះពាល់ ប្រយោជន៍បងប្អូនទេ ថ្នាក់ដឹកនាំគម្រោង បានគិតល្អិតល្អន់ណាស់»។
អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានស្រង់សម្ដីនាពេលកន្លងមក របស់អភិបាល រាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស មកបញ្ជាក់ថា បើមិនមានការយល់ព្រម ពីអាជីវករណាមួយ គម្រោងនេះ នឹងមិនអាចអនុវត្តន៍បានឡើយ។ ម្យ៉ាងវិញទៀតលោកថា អ្នកលក់ដូរភាគច្រើន ខ្លាចបាត់បង់អតិថិជន (ម៉ូយ) នៅពេលផ្លាស់ទីកន្លែង តែបើធ្វើថ្មីទាំងប្រព័ន្ធលូ ការៀបចំផ្សារនោះ អ្នករស់នៅជុំវិញផ្សារ និងអាជីវករ នឹងឈប់មានក្លិនស្អុយ និងបញ្ហាបរិស្ថានមិនស្អាត ខួបប្រាំង ខួបវស្សាទៀតហើយ។
ចំពោះលោក ទិត្យ សាមឿន ចៅសង្កាត់រងទីមួយ ក្នុងសង្កាត់ផ្សារដើមគរ បានបញ្ជាក់ថា លោកគាំទ្រចំពោះគម្រោង របស់សាលារាជធានីភ្នំពេញ ក្នុងការដាក់ប្រព័ន្ធលូថ្មីនេះ។ លោកថា ផ្សារដើមគរ ហាក់ដូចជាកន្លែងផ្ទុកទឹកមួយអញ្ចឹង ព្រោះវានៅកណ្តាលរាជធានីភ្នំពេញ ទឹកស្ទើគ្រប់កន្លែង បុកទម្លុះចូលក្នុងផ្សារនេះ។ ចៅសង្កាត់រងរូបនេះ បានបញ្ជាក់ទៀតថា បញ្ហាធំគឺបរិស្ថាននៅក្នុងផ្សារ ដែលជះក្លិន ដល់អ្នករស់នៅជាប់ក្បែរផ្សារជាខ្លាំង។ លោកលើកឡើងថា៖ «ខ្ញុំគាំទ្រ នូវគម្រោងរបស់សាលារាជធានីភ្នំពេញ ខ្ញុំសង្ឃឹមថា បងប្អូននឹងគិតពីផលប្រយោជន៍វែងឆ្ងាយ»។
ចំពោះការលើកឡើង របស់ប្រជាពលរដ្ឋ ដែលចូលរួមកិច្ចពិភាក្សា ជាមួយអាជ្ញាធរនៅថ្ងៃដដែលនេះ បានលើកឡើង ពីផលវិបាករបស់ពួកគេ រៀងៗខ្លូនដូចគ្នា ថាពលរដ្ឋជួបការពិបាកណាស់ ក្នុងការពឹងពាក់ទៅអាជ្ញាធរមូលដ្ឋាន នៅពេលមានបញ្ហា ជាពិសេស គឺនៅលើផ្លូវ ៣៣៦ មិនអាចបើកបរ ឬធ្វើដំណើរបានស្ទើររាល់ថ្ងៃ ពេលមានភ្លៀងលិច ពេលគ្មានភ្លៀងស្ទះ។ ជាការលើកបញ្ហា ដាក់គ្នាទៅវិញទៅមក ដែលមិនបានធ្វើឲ្យការពិភាក្សាលើកនេះ ទទួលបានលទ្ធផល ជាផ្លូវការអ្វីឡើយ៕