សហគមន៍ជម្លោះដីធ្លី៥ រកអន្តរាគមន៍ពី ស៊ូប៊ែឌី
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])យកការណ៍៖ស្រ៊ុន ទិត្យ-ភ្នំពេញ ថ្ងៃទី២៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 23, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហគមន៍ដែលរងគ្រោះនឹងវិបត្តិដីធ្លីចំនួន៥ រួមមានសហគមន៍បឹងកក់ បណ្តាញអតីតបឹងកក់ បុរីកីឡា៣មករា ថ្មគោល និងព្រះវិហារ បានដាក់របាយការណ៍ ឬញត្តិស្វែងរកអន្តរាគមន៍ ពីលោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ដើម្បីស្នើសុំឲ្យលោកជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយ វិបត្តិដីធ្លីរបស់ពួកគេឲ្យបានឆាប់រហ័ស។
អ្នកស្រី យោម បុប្ផា តំណាងសហគមន៍បឹងកក់ បានប្រាប់ឱ្យដឹងថា ញត្តិដែលក្រុមសហគមន៍យកមកដាក់ជូន អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី គឺជារបាយការណ៍មួយ អំពីការអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលរំលោភបំពាន យកដីធ្លីប្រជាពលរដ្ឋតាមសហគមន៍នីមួយៗ ដើម្បីឱ្យលោក សូរិយា ប្រាសាទ ស៊ូប៊ែឌី ជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋ។
នេះមិនមែនជាលើកទីមួយទេ ដែលខាងសហគមន៍រងគ្រោះបញ្ហាដីធ្លី បានដាក់ញត្តិរកជំនួយអន្តរាគមន៍ ពីអ្នករាយការពិសេសអង្គការសហប្រជាជាតិលោក សូរិយា ប្រាសាទ ស៊ូប៊ែឌី។ ប៉ុន្តែញត្តិស្នើសុំទាំងនោះ មិនបានធ្វើឲ្យមានការប្រែប្រួល ឬអន្តរាគមន៍អ្វីឱ្យមានប្រសិទ្ធភាព ទៅលើសំនុំរឿងដ៏រ៉ាំរ៉ៃទាំងនេះទេ។
ប៉ុន្តែលើកនេះ សកម្មជនដីធ្លី អ្នកស្រី យោម បុប្ផា បានបង្ហាញជំនឿថា៖ «សហគមន៍យើងទាំងអស់ ដែលបានដាក់របាយការណ៍នៅក្នុងថ្ងៃនេះ គឺសង្ឃឹមយ៉ាងមុតមាំតែម្តង ដោយសារថា ទស្សនកិច្ចរបស់លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី លើកនេះ មានឥទ្ធិពលខ្លាំង។ យើងឃើញហើយ សូរិយា ប្រាសាទ ស៊ូប៊ែឌី បានចូលទៅជួបគណបក្សនយោបាយ ហើយបានចុះទៅមូលដ្ឋាន បានចុះទៅសួរសុខទុខប្រជាពលរដ្ឋតាមសហគន៍។»
អ្នកស្រីបន្ថែមថា តាមរយៈការឃើញស្ថានភាពជាក់ស្តែង អ្នកស្រីជឿជាក់ថា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី នឹងអាចជម្រុញទៅកាន់រដ្ឋាភិបាល ឱ្យធ្វើយ៉ាងណាក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋរងគ្រោះ។
ខណៈដែលចេញមកទទួលញត្តិ ពីប្រជាពលរដ្ឋទាំង៥សហគមន៍ លោកសូរិយា ប្រាសាទ ស៊ូប៊ែឌី បានថ្លែងឱ្យដឹងថា៖ «ខ្ញុំបានយល់ពីបញ្ហានេះខ្លះហើយ ព្រោះបញ្ហាជម្លោះដីធ្លី និងការបណ្តេញចេញហ្នឹង គឺជាបញ្ហាមួយទាញការចាប់អារម្មណ៍ពីខ្ញុំ។ ខ្ញុំយកចិត្តទុកដាក់ចំពោះរឿងនេះ ព្រោះវាជារឿងក្តៅ»។ ថ្លែងចំពោះមុខអ្នកដែលយកញត្តិទៅដាក់នៅព្រឹកនេះ អ្នករាយការពិសេសរូបនេះ បានបញ្ជាក់ថា លោកបានអន្តរាគមន៍ទៅមន្ត្រីរដ្ឋាភិបាលរួចរាល់ហើយ។ លោកសន្យាថា លោកនឹងពិនិត្យទៅលើញត្តិដែលបានដាក់ជូនជាថ្មីនេះ និងបន្តធ្វើការអន្តរាគមន៍ ជាបន្តទៅទៀត។
លោកបានបន្តថា៖ «ហើយខ្ញុំក៏សូមឱ្យរដ្ឋាភិបាលធ្វើការពិនិត្យលើអ្វី ដែលជាការប៉ះពាល់ទៅលើដីធ្លី មុនពេលបណ្តេញចេញ ឬធ្វើការអភិវឌ្ឍតំបន់នោះ។ នេះគឺជាអ្វីដែលពួកខ្ញុំត្រូវធ្វើ និងបន្តធ្វើដើម្បីជម្រុញឱ្យមានការគោរព និងការដោះស្រាយ។»
មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល ដើម្បីធ្វើការបកស្រាយបំភ្លឺបានទេ នៅថ្ងៃនេះ។ តែរយៈពេលកន្លងមក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថាការដោះស្រាយវិបត្តិដីធ្លីទាំងនោះ មានការជាប់គាំងឬអូសបន្លាយ ដោយសារតែបញ្ហាទាំងនោះ មានទាក់ទងនឹងនយោបាយ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ក្រុមសហគមន៍ដីធ្លីទាំង៥ បានដើរជាក្បួនដាក់ញត្តិនៅថ្ងៃនេះ ក៏មានការរារាំង និងការប្រើអំពើហឹង្សា ពីសំណាក់សន្តិសុខផងដែរ ដែលបណ្តាលឱ្យអ្នកតវ៉ាពីរនាក់រងរបួស៕