«ជីងចក់»ក្នុងម្ហូបលើយន្ដហោះ Air India ផ្អើលបណ្ដាញសង្គម!
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 15, 2015
- ប្រធានបទ: កម្រជួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថតមួយសន្លឹកនេះ បានរត់ចេញពីគណីមួយ ទៅកាន់គណនីមួយទៀត ដោយសារការចែករំលែក ពាសពេញបណ្ដាញសង្គម ដែលបានបង្ហាញឲ្យអ្នកផង ឃើញ«ជីងចក់»មួយក្បាល កំពុងអើតក្បាល ពីចេញពីប្រអប់ម្ហូបចំណី ដែលដាក់សម្រាប់ភ្ញៀវបរិភោគ នៅលើយន្ដហោះ «Air India»។ នេះជាជើងហោះហើរមួយ ដែលដឹកអ្នកដំណើរ ហោះចេញពីរដ្ឋធានី ញ៉ូដេលី ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់រាជធានីឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យឲ្យក្រុមហ៊ុនអាកាសចរណ៍ «Air India» លោក ប្រាវីន បាណាហ្គារ (Praveen Bhatnagar) បានថ្លែងទទួលស្គាល់ ថាមាន«ជីងចក់» នៅក្នុងចានម្ហូប។ ប៉ុន្តែអ្នកនាំពាក្យ បានបដិសេធ ពីភាពខ្ជីខ្ជាគ្មានអនាម័យ របស់ក្រុមហ៊ុនរបស់ខ្លួន។ អ្នកនាំពាក្យបានថ្លែងឡើងថា៖ «យើងនឹងដឹកនាំការស៊ើបអង្កេតមួយ ដើម្បីឲ្យដឹងថា ជីងចក់បានមកនៅ ក្នុងចានម្ហូបនេះយ៉ាងដូចម្ដេច ពីសំណាក់ក្រុមហ៊ុនដៃគូរ ខាងចំអិនម្ហូប រួមនឹងផ្នែកសេវាកម្មនេះ របស់យើងផង»។
ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមក ក្រុមហ៊ុនអាកាសចរណ៍ បានវាយតម្លៃពីព័ត៌មាន ដែលនិយាយពីវត្តមាន របស់ជីងចក់ ថា«មិនពិត និងគ្មានមូលដ្ឋាន»។ អ្នកនាំពាក្យឲ្យក្រុមហ៊ុនម្នាក់ទៀត ដែលមិនប្រាប់ពីអត្តសញ្ញាណ បានថ្លែងឡើងថា៖ «យើងច្រានចោល ពីករណីដ៏ហួសហេតុនេះ។ ទីមួយ ព្រោះយើងមិនដឹងថា តើរូបថតនេះ ពិតឬមិនពិត។ និងទីពីរ ព្រោះថាគ្មានអ្នកដំណើរណាម្នាក់ បានដាក់ពាក្យប្ដឹង ឬតវ៉ាមកក្រុមហ៊ុន»។
ក្រុមហ៊ុនដឹកជញ្ជូនជាតិ តាមផ្លូវអាកាស របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ មិនសូវជាជួបនឹងរឿងល្អៗ ប៉ុន្មានទេ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាំងពីឆ្នាំ២០០៧មក ក្រុមហ៊ុនមិនមានប្រាក់ចំណេញ ពីការធ្វើអាជីវកម្មរបស់ខ្លួនឡើយ។ ហើយក្នុងពេលថ្មីៗនេះ យន្ដហោះរបស់ក្រុមហ៊ុន បានជួបនឹងបញ្ហាបច្ចេកទេស ជាបន្តបន្ទាប់ ត្រូវការដំណោះស្រាយ សឹងជាប់ជាប្រចាំ ហើយនៅមានបញ្ហា បណ្ដាលមកពីបុគ្គលិក នោះផងទៀត។
កាលពីខែមេសាកន្លងទៅ យន្ដហោះភ្ជាប់ជើងហោះហើរក្នុងស្រុកមួយ របស់ក្រុមហ៊ុន «Air India» នេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារជម្លោះទាស់ទែងគ្នា រវាងអ្នកបើកបរយន្ដហោះពីរនាក់ (មេបញ្ជាការ និងជំនួយការ) នៅមុនយន្ដហោះកម្រើកខ្លួនពីព្រលាន។ ហេតុការណ៍ ដែលធ្វើឲ្យអ្នកទាំងពីរ ត្រូវបានហាមឃាត់ លែងឲ្យកាន់ចង្កូតយន្ដហោះតទៅទៀត។ សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ៕
» រូបថតពេញ៖