ហេតុអ្វីបានជាទូរស័ព្ទដៃលើយន្ដហោះបាត់ខ្លួន នៅទទួលការហៅចូល?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដីសង្ឃឹមបានកើតមានឡើងខ្លះឡើងវិញ សម្រាប់ក្រុមគ្រួសារនៃអ្នកដំណើររបស់ ជើងហោះហើរលេខ ៣៧០ របស់ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញ បន្ទាប់ពីពួកគេបានសាកល្បងហៅទៅទូរស័ព្ទដៃដែលនៅលើយន្ដហោះ ហើយបានទទួលការហៅចូលនៅឡើយ។ ទូរស័ព្ទនៅទទួលការហៅចូល ដូច្នេះតើម្ចាស់ទូរស័ព្ទអាចមានសង្ឃឹមថានឹងនៅរស់រានមានជីវិត? សូមអានការបកស្រាយ របស់អ្នកជំនាញមួយរូប ទាក់ទងនឹងការហៅចូលរបស់ទូរស័ព្ទដៃ។
ការបង្ហាញពីការបាត់យន្ដហោះ និងអ្នកដំណើរចំនួន២៣៩នាក់នៅលើនោះ រីឯក្រុមគ្រួសារសាកល្បងទូរស័ព្ទស្វែង រក។ (រូបថត Reuters)
បាត់យន្ដហោះ - ភាពអាថ៌កំបាំងនៅតែកើតមាននៅឡើយ បួនថ្ងៃបន្ទាប់ពីការបាត់ខ្លួនរបស់យន្ដហោះ ប្រភេទប៊ូអ៊ីញ ៧៧៧ ដែលភ្ជាប់ជើងហោះហើរពីរដ្ឋធានី កូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី ទៅកាន់រដ្ឋធានីប៉េកាំងនៃប្រទេសចិន។ ប្រសិនបើការបាត់ខ្លួនដ៏គួរឲ្យសង្ស័យនេះ ត្រូវបានគេគិតថា យន្ដហោះប្រហែលជាអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយបានលិចចុះទៅក្រោមសមុទ្រក៏ដោយ តែការសាកល្បងហៅទៅទូរស័ព្ទដៃ របស់អ្នកដំណើរដែលស្ថិតនៅលើយន្ដហោះ នៅតែត្រូវបានធ្វើដោយសមាជិកក្រុមគ្រួសារ ហើយពួកគេបានបញ្ជាក់ថា ទូរស័ព្ទដៃទាំងនោះ នៅទទួលការហៅចូលនៅឡើយ។
ជាងនេះទៅទៀត បើតាមការផ្សាយឲ្យដឹង នៅលើទំព័ររបស់សារព័ត៌មានវ៉ាស៊ីតោនប៉ុស្ដ៍ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែឡាញ ខ្លួនឯងក៏បានសាកល្បងទាក់ទងទៅទូរស័ព្ទដៃ របស់សមាជិកបម្រើការរបស់ខ្លួន ដែលមានវត្តមានជាក្រុមការងាររបស់ជើងយន្ដហោះនេះដែរ។ ហើយជាលទ្ធផលនោះ គឺមិនខុសគ្នានឹងក្រុមគ្រួសាររបស់អ្នកដំណើរផ្សេងទៀតទេ៖ «ទូរស័ព្ទដៃទទួលការហៅចូល តែគ្មានអ្នកលើក រហូតទាល់តែប្រព័ន្ធទទួលសារជាសម្លេងបានបន្លឺឡើង»។
ក្រុមគ្រួសារ និងអ្នកវិភាគមួយចំនួនបានគិតថា បើទូរស័ព្ទធ្លាក់ចូលទៅក្នុងទឹក ឬកាតស៊ីម (Sim) របស់វា ត្រូវបានកំទេចដោយការផ្ទុះជាយថាហេតុរបស់យន្ដហោះនោះ វានឹងមិនអាចទទួលការហៅចូលដូច្នេះនោះទេ។ ការវិភាគនេះ បានផ្ដល់ក្ដីសង្ឃឹមយ៉ាងច្រើន ទៅដល់ក្រុមគ្រួសារនៃអ្នកដំណើរ ដើម្បីឲ្យពួកគេគិតថា សមាជិកគ្រួសាររបស់ពួកគេ អាចនៅរស់រានមានជីវិតនៅឡើយ ហើយទីកន្លែងរបស់យន្ដហោះដែលបានលាក់ខ្លួននោះ អាចនឹងត្រូវរកឃើញ។ តែខាងក្រោមនេះ ជាការបកស្រាយរបស់អ្នកជំនាញ ខាងបច្ចេកវិទ្យានៃទូរស័ព្ទដៃមួយរូប លោក ប៊្រុយណូ សាលហ្គេ (Bruno Salgues) នាយកវិទ្យាស្ថានស្រាវជ្រាវទូរគមនាគមន៍ របស់ប្រទេសបារាំង។
«វាអាចជារឿងត្រឹមត្រូវហើយ ដែលគេស្ដាប់លឺទូរស័ព្ទរោទ៍ នៅពេលដែលគេហៅទៅ។ តែសួរថាតើ ទូរស័ព្ទដៃមែនទែន ពិតជាបានរោទ៍ពិតប្រាកដឬទេ? រឿងនេះមិនអញ្ចឹងទាំងស្រុងទេ។» នេះជាការពន្យល់របស់អ្នកជំនាញ ទៅកាន់សារព័ត៌មានចម្រុះភាសាមួយឈ្មោះ ឌី ហ័ហ្វីនតោន ប៉ុស្ដ៍ (The Huffington Post) ដែលផ្សាយជាភាសាបារាំង។ លោកបានបន្តទៀតថា «ទូរស័ព្ទណាក៏ដោយ ដែលប្រើប្រាស់ប្រព័ន្ធ ជីអេសអ៊ឹម ( GSM 2G ឬ 3G) ហើយដែលត្រូវបានទុកឲ្យដំណើរការធម្មតានោះ ការផ្លាស់ប្ដូរទីកន្លែងរបស់វា ត្រូវបានថតទុកដោយប្រព័ន្ធទិន្នន័យមួយ ដែលមានឈ្មោះថា HLR។ ដូច្នេះ នៅពេលគេហៅទៅលេខទូរស័ព្ទនោះ ការហៅនេះបានបាញ់បង្ហោះ ទៅគ្រប់ទីកន្លែងដែល HLR បានថតទុក ដើម្បីស្វែងរកម្ចាស់លេខ។»
ដោយសារតែទូរស័ព្ទដៃ មិនបានបិទនៅក្នុងការបម្លាស់ទីរបស់អ្នកប្រើប្រាស់ និងនៅពេលយន្ដហោះបានហោះ ចេញក្រៅតំបន់សេរវាទូរស័ព្ទ ដូចជានៅកណ្ដាលសមុទ្រជាដើមនោះ សម្លេងរោទ៍ ទំនងជាអាចត្រូវឲ្យអ្នកហៅ ស្ដាប់លឺសូរ តែមិនមែនជាទូរស័ព្ទផ្ទាល់ជាអ្នករោទ៍ ឬបានទទួលការហៅចូលនោះទេ។ អ្នកជំនាញបញ្ជាក់ថា «វាជាទីកន្លែងចុងក្រោយ ដែល HLR បានថតទុក ជាអ្នករោទ៍ជំនួសទូរស័ព្ទមែនទែន»។ ការហៅដែលលឺសូរសម្លេងរោទ៍នេះ សុទ្ធសឹងជាការហៅទៅរកភាព«ទទេ»មួយ ហើយគេក៏មិនអាចដឹងពីទីន្លែងដែល យន្ដហោះ ប៊ូអីញ លាក់ខ្លួននោះដែរ។
ការពន្យល់បកស្រាយនេះ ជាការថ្លែងតាមបែបវិទ្យាសាស្ត្រ ដែលមានលក្ខណៈសមសួនមួយ។ បើសិនជាយ៉ាងនេះ ក្ដីសង្ឃឹមរបស់ក្រុមគ្រួសារជនរងគ្រោះ ប្រាកដជាត្រូវបានកាត់បន្ថយ ហើយការរុករកយន្ដហោះបាត់ខ្លួន អាចនឹងត្រូវប្រើពេលកាន់តែច្រើនឡើង។ ក្នុងពេលនេះ មានតែទេវតាប៉ុណ្ណោះ ដែលអាចដឹង និងផ្ដល់ក្ដីសង្ឃឹមជាថ្មីថា ទូរស័ព្ទទាំងនោះនៅជិតបង្គោលអង់តែនណាមួយ និងជាពិសេសថ្មរបស់ទូរស័ព្ទ អាចមានជីវិតបានយូរ រហូតដល់អ្នកជួយសង្គ្រោះអាចរកឃើញយន្ដហោះ៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ មីនា ២០១៤