ស្ត្រីប្រធានាធិបតីប្រេស៊ីល ត្រូវបានទម្លាក់ពីតំណែងជាផ្លូវការ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ សីហា ២០១៦
- កែប្រែចុងក្រោយ: September 01, 2016
- ប្រធានបទ: នយោបាយ-ប្រេស៊ីល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ (Dilma Rousseff) អាយុ៦៨ឆ្នាំ ត្រូវបានទម្លាក់ពីតំណែង ជាប្រធានាធិបតីនៃប្រទេសប្រេស៊ីល ជាស្ថាពរហើយ នៅថ្ងៃពុធម្សិលម៉ិញ ដោយសម្លេងច្រើនជាង២ភាគ៣ នៃព្រឹទ្ធសភាជាតិ ដែលជាស្ថាប័នចុងក្រោយ សម្រាប់នីតិវិធីទម្លាក់ប្រធានាធិបតី ដ៏ចម្រូងចម្រាស់ របស់ប្រទេស ដែលស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ។ ការទម្លាក់អ្នកស្រី ចេញពីតំណែងនេះ បានធ្វើឡើងក្រោយបទចោទប្រកាន់ ថាអ្នកស្រីបានបន្លំ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
មុននឺងមកដល់ដំណាក់កាលបោះឆ្នោតចុងបញ្ចប់នេះ អ្នកស្រី រ៉ូសែហ្វ បានព្យាយាមការពារខ្លួន នៅចំពោះសមាជិកព្រឹទ្ធសភា អស់រយៈពេល៦ថ្ងៃមកហើយ។ ប៉ុន្តែនៅទីបញ្ចប់ ព្រឹទ្ធសភាដែលមានសមាជិក ៨១នាក់ បានសម្រេចទម្លាក់អ្នកស្រី ដោយសម្លេង៦១ ទល់នឹង២០ នៅវេលាម៉ោងប្រមាណជាង ១១ព្រឹក ម៉ោងក្នុងស្រុក។ អ្នកស្រី រ៉ូសែហ្វ ដែលជាឥស្សរជននយោបាយ ចេញពីគណបក្សឆ្វេងនិយមនេះ ត្រូវជំនួសនៅក្នុងរយៈពេលអន្តរកាលនេះ ដោយអតីតអនុប្រធានាធិបតីរបស់អ្នកស្រី គឺលោក មីឆែល តេម័រ (Michel Temer) ដែលមកពីគណបក្សស្ដាំនិយមកណ្ដាល។
តាមពិតទៅ លោក មីឆែល តេម័រ រូបនេះ ដែលបានធ្លាក់ប្រជាប្រិយភាពខ្លាំង ដូចជាអ្នកស្រី រ៉ូសែហ្វ ដែរនោះ បានឡើងកាន់តំណែងជាប្រធានាធិបតី នៃប្រទេសប្រេស៊ីល នៅក្នុងរយៈពេលអន្តកាលនេះ តាំងពីថ្ងៃទី១២ ខែឧសភាមក ថ្ងៃដែលព្រឹទ្ធសភាបានព្យួរតំណែង របស់អ្នកស្រី រ៉ូសែហ្វ ដែលបានជាប់ឆ្នោត ជាប្រធានាធិបតី តាមការបោះឆ្នោតបែបប្រជាធិបតេយ្យ កាលពីឆ្នាំ២០១០ និងជាថ្មីឡើងវិញ នៅឆ្នាំ២០១៤កន្លងមក។
ការបណ្ដេញអ្នកស្រី ឌីលម៉ា រ៉ូសែហ្វ ចេញពីអំណាចជាស្ថាពរនេះ បានបិតបញ្ចប់នូវជម្លោះនយោបាយដ៏រ៉ាំរ៉ៃ របស់ប្រទេសប្រេស៊ីល ដែលបានកើតឡើង ជុំវិញសំនុំរឿងពុករលួយ «Petrobras» ដ៏អាស្រូវ និងដ៏ចម្រូងចម្រាស់ តាំងពីទសវត្សន៍ឆ្នាំ២០០០មក។
ប៉ុន្តែសម្រាប់អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ វិញ បានអះអាងថា អ្នកស្រីមិនបានខ្វល់ខ្វាយអ្វីទេ ដោយសារអ្នកស្រីមិនបានប្រព្រឹត្តិកំហុស នៅក្នុងអំឡុងពេលនៃការទទួលខុសត្រូវ របស់អ្នកស្រី។ ប៉ុន្តែអ្នកស្រី បានបរិហារពី«រដ្ឋប្រហារ»មួយ ពីសំណាក់រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដាក់តាំងឲ្យមានមកវិញ នូវរដ្ឋាភិបាលខុសច្បាប់នៅប្រេស៊ីល។ អ្នកស្រីបានថ្លែងឡើងថា៖ «ខ្ញុំខ្លាចការស្លាប់ណាស់ ខ្ញុំខ្លាចនឹងការធ្វើទារុណកម្ម ដែលខ្ញុំធ្លាប់បានរងគ្រោះ ទាំងខាងផ្លូវកាយ ទាំងខាងផ្លូវអារម្មណ៍ (...) ប៉ុន្តែខ្ញុំមិនបានបណ្ដោយខ្លួន ទៅតាមអារម្មណ៍នេះទេ។ ខ្ញុំបានតស៊ូគ្រប់បែបយ៉ាង។ ហើយនៅថ្ងៃនេះ អ្វីដែលខ្ញុំខ្លាចជាងគេនោះ គឺការស្លាប់របស់លិទ្ធិប្រជាធិបតេយ្យ។»៕