អនុប្រធាន CNRP ចេញមុខសុំទោសជំនួសកូន រឿង«កឹម សុខា កុហក ហ៊ុន សែន»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនុប្រធានគណបក្សប្រឆាំងធំជាងគេ លោក អេង ឆៃអ៊ាង ដែលមានកូនប្រុសឈ្មោះ អេង រតនៈ បានប្រកាសសុំទោសកាលពីម្សិលម៉ិញ នៅចំពោះអ្នកគាំទ្រគណបក្សទាំងអស់ ដោយបានពន្យល់ថា កូនប្រុសរបស់លោក មានបញ្ហាសុខភាព ក្នុងមួយសប្ដាហ៍កន្លងទៅនេះ។ ការសុំទោសនេះ ធ្វើឡើងបន្ទាប់ ពីកូនប្រុសរបស់លោក បានបង្ហោះសារមួយឃ្លា នៅលើគណនីរបស់ខ្លួន សរសេរថា៖ «កឹម សុខា បានកុហក ហ៊ុន សែន បីលើក លើកទីបីនាយករដ្ឋមន្ត្រី ចាប់ឲ្យសារភាព!»។
លោក អេង ឆៃអ៊ាង ដែលកំពុងស្ថិតនៅក្រៅប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «សូម[ការ]អភ័យទោស (...) [ពីសំណាក់] អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងក្នុង និងក្រៅប្រទេស ជំនួសកូនប្រុសរបស់ខ្ញុំ ដែលបានសរសេរ និងឆ្លើយឆ្លង ដោយចោទប្រកាន់មិនត្រឹមត្រូវ លើលោកប្រធាន កឹម សុខា នៅក្នុងគណនីហ៊្វេសប៊ុករបស់គាត់។»។
អនុប្រធានគណបក្ស ដែលជាមនុស្សជំនិត របស់អតីតប្រធានគណបក្ស លោក សម រង្ស៊ី បានសរសេរបន្តថា៖ «ខ្ញុំសូមជំរាបជូន បងប្អូនរួមនយោបាយ មេត្តាជ្រាបថា កូនប្រុសខ្ញុំ អេង រតនៈ មួយសប្តាហ៍កន្លង[មក] មានបញ្ហាសុខភាព»។
សារបង្ហោះមួយឃ្លាខាងលើ របស់យុវជន អេង រតនៈ ទទួលបាននូវការចែករំលែក និងប្រតិកម្មជាច្រើន ពីសំណាក់ប្រិយមិត្តរបស់ខ្លួន ដែលភាគច្រើន ទំនងជាអ្នកគាំទ្រគណបក្សប្រឆាំង។ ប្រិយមិត្តខ្លះ បានចោទសួរទៅវិញថា៖ «លោក កឹម សុខា កុហកលោក ហ៊ុន សែន ឬក៏ កឹម សុខា មិនធ្វើអ្វីតាមបញ្ជា ហ៊ុន សែន?»។ លោក អេង ឆៃអ៊ាង បានចូលទៅឆ្លើយជំនួស នៅលើគណនីរបស់កូនប្រុសថា៖ «មិនមែនកុហកទេ គឺមិនធ្វើតាមបំណង លោក ហ៊ុន សែន»។
ដើម្បីពន្យល់ពីអ្វី ដែលខ្លួនបានលើកឡើងខាងលើ យុវជន អេង រតនៈ បានសរសេរបកស្រាយថា៖ «កឹម សុខា កុហកទី១ ពេលបង្កើតបក្ស ទី២ ពេលធ្វើប្រធានមតិភាគតិច ទី៣ ឃាត់នៅព្រលានយន្តហោះ បង្ហោះថា បានជួបអង្គទូតច្រើនសិប នៅថៃ»។ នៅមានពាក្យពេជន៍រាប់សិបទៀត ដែលយុវជន រតនៈ និយាយចេញខ្លាំងៗ ដូចជា «កឹម សុខា បោកទាំង សម រង្ស៊ី ហើយថែមទាំងហ៊ានបោកដល់ ហ៊ុន សែន ទៀត!» ឬឃ្លាដូច្នេះ «កឹម សុខា ជាមនុស្សគ្មានគុណធម៌ កលល្បិច ពិសពុល និងអមនុស្សធម៌សម្រាប់នរណា ដែលមិនបម្រើផលប្រយោជន៍គាត់»។
ប្រិយមិត្តម្នាក់ បានព្យាយាមពន្យល់ កូនអនុប្រធានគណបក្ស ឲ្យយល់អំពីគ្រោះថ្នាក់ នៃការសរសេរទាំងនេះ ថាជា«ការវាយបំបែកឆ្នាំងបាយ»ខ្លួន និង«កំពុងបំផ្លាញផលប្រយោជន៍ ឪពុករបស់ខ្លួន»។ តែយុវជន អេង រតនៈ នៅតែប្រកាន់ជំហរដដែល ដោយសរសេរច្បាស់ៗ ដូច្នេះថា៖ «កឹម សុខា មិនធ្វើដើម្បីជាតិខ្មែរឡើយ រាល់ទង្វើរបស់បុគ្គលម្នាក់នេះ ដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ នរណាក៏គាត់ហ៊ានលះបង់ដែរ ឲ្យតែគោលដៅគាត់ បានកំណត់ ទៅដល់។ សូម្បីមនុស្សគាត់ស្រឡាញ់ កូនគាត់ គាត់នៅហ៊ានលះបង់ផង រឿងអីយើងចេញមុខ ការពារគាត់!»។
កូនប្រុសលោក អេង ឆៃអ៊ាង ថែមទាំងបានសរសេរទទួលស្គាល់ទៀតថា៖ «កឹម សុខា នឹងដឹកនាំប្រទេស ទៅរកសភាពធ្ងន់ធ្ងរជាង ហ៊ុន សែន ទៀតផង ព្រោះ កឹម សុខា មិនមែនធ្វើ ដើម្បីជាតិពិតប្រាកដឡើយ កឹម សុខា ធ្វើដើម្បីខ្លួនឯងច្រើនជាង!»។
រាល់ឃ្លាទាំងនេះ អាចជាផ្នែកមួយ នៃសេរីភាពក្នុងការបញ្ចេញមតិ និងបង្ហាញពីលទ្ធិប្រជាធិបតេយ្យ ដែលមតិជំទាស់តែងកើតមានឡើង នៅគ្រប់ទីកន្លែង បើទោះជានៅក្នុងគណបក្សប្រឆាំងក៏ដោយ។ ឬបើមិនដូច្នេះទេ គេអាចចាត់ទុកម្ចាស់សំដីខាងលើ ថាមានរោគ«ផ្លូវចិត្ត» ឬមាន«បញ្ហាផ្នែកសុខភាព»ជាដើម។ ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រភាគច្រើន របស់គណបក្សប្រឆាំង ការសរសេររបស់កូនប្រុសលោក អេង ឆៃអ៊ាង គឺជាការហុចដងទៅគណបក្សកាន់អំណាច ដើម្បីយកមកប្រើ តិចឬច្រើន ក្នុងការ«ចាក់សម្លាប់»គណបក្សប្រឆាំង។ ខណៈអ្នកមាននិន្នាការកណ្ដាលវិញ បានចោទសួរថា តើការលើកឡើងយុវជន អេង រតនៈ ជាអ្វីដែលយុវជន តែងនិយាយនៅក្នុងរង្វង់គ្រួសារឬ?