សាស្ត្រាចារ្យ​ច្បាប់​បក​ស្រាយ ពី​អសុពលភាព​នៃ​រដ្ឋសភា ជា​ឧបសគ្គ​នៃ​ការ​បង្កើត​រដ្ឋាភិបាល

ការបើកសម័យប្រជុំលើកដំបូង ឬដំណាក់កាលទីមួយរបស់ខ្លួន ជាមួយនឹងតំណាងរាស្ត្រយ៉ាងហោច ១២០រូប នឹង​បញ្ជាក់ពីសុពលភាពនៃរដ្ឋសភា ហើយនឹងអាច​ឲ្យដំណើរការផ្សេងទៀត មានភាពស្របច្បាប់។ ដំណើរការ​ទាំងនេះ មាន​រួមទាំងការជ្រើសតាំងប្រធានអនុប្រធាន​ គណកម្មាធិការរបស់រដ្ឋសភា និងការបង្កើតរដ្ឋាភិបាលនោះផង។ ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយសាស្ត្រចារ្យច្បាប់មួយរូប ឯកទេសខាងនីតិរដ្ឋធម្មនុញ្ញ ដើម្បី​សុំ​ការបក​ស្រាយ​បញ្ហាខាងលើ ទៅតាមមាត្រានីមួយៗ ចែងក្នុងរដ្ឋធម្មនុញ្ញ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ការបើកសម័យប្រជុំលើកដំបូង ឬដំណាក់កាលទីមួយរបស់ខ្លួន ជាមួយនឹងតំណាងរាស្ត្រយ៉ាងហោច ១២០រូប នឹង​បញ្ជាក់ពីសុពលភាពនៃរដ្ឋសភា ហើយនឹងអាច​ឲ្យដំណើរការផ្សេងទៀត មានភាពស្របច្បាប់។ ដំណើរការ​ទាំងនេះ មាន​រួមទាំងការជ្រើសតាំងប្រធានអនុប្រធាន​ គណកម្មាធិការរបស់រដ្ឋសភា និងការបង្កើតរដ្ឋាភិបាលនោះផង។ ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ បានជួបសម្ភាសជាមួយសាស្ត្រចារ្យច្បាប់មួយរូប ឯកទេសខាងនីតិរដ្ឋធម្មនុញ្ញ ដើម្បី​សុំ​ការបក​ស្រាយ​បញ្ហាខាងលើ ទៅតាមមាត្រានីមួយៗ ចែងក្នុងរដ្ឋធម្មនុញ្ញ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

ដោយសារលោក មានតួនាទីខ្ពស់គួរសម នៅក្នុងស្ថាប័នរដ្ឋសព្វថ្ងៃ លោកសាស្ត្រាចារ្យបានអនុញ្ញាតផ្ដល់កិច្ចសម្ភាសនេះ តែនៅក្នុងលក្ខខ័ណ្ឌ លាក់​អត្តសញ្ញាណរបស់លោក មិនបង្ហាញជាសាធារណៈប៉ុណ្ណោះ។

លោកបានថ្លែងជាដំបូងថា តាមយៈការអៈអាងរបស់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ឬអ្នកវិភាគមួយចំនួន បាន​ទទួលយកតាមមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលបានធ្វើវិសោធនកម្មរហូតដល់ប្រាំពីរលើក តែក្នុងរយៈកាល​១៩ឆ្នាំប៉ុណ្ណោះ ដើម្បីដាក់ឲ្យមានដំណើរការបាន នូវកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា ដែលត្រូវមានសមាជិកតដ្ឋសភា ១២០រូប។

លោកសាស្ត្រាចារ្យរូបនេះ បានបន្តថា ជាមួយគ្នានេះដែរក៏មានភាគីម្ខាងទៀត (គណបក្សកាន់អំណាច) បានសំអាង​លើ​មាត្រាទី៨២ថ្មី នៃរដ្ឋធម្មនុញ្ញនោះ មកបកស្រាយដែរ។ មាត្រាទី៨២នោះចែងថា «រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិប​ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។ មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភា​​ត្រូវ​ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុ​ប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាត នៃចំនួន​សមាជិក​រដ្ឋសភាទាំងមូល។ រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។»

ក្នុងន័យនៃមាត្រាទី៨២នេះ លោកបានបញ្ជាក់ថា សម្លេងភាគច្រើនដាច់ខាត (៥០ភាគរយបូក១) នោះ គ្រាន់តែសម្រាប់​បញ្ជាក់លើការប្រកាស នូវសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ នៃរដ្ឋសភាប៉ុណ្ណោះ ប៉ុន្តែមិនមែនជាកូរ៉ុម​ក្នុង​ការបង្កើតរដ្ឋសភាដំបូងនោះទេ។ សាស្រ្តាចារ្យរូបនេះបន្តរថា អ្វីដែលលោកលើកឡើងនេះ ជាការយល់ឃើញទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញដែលមានចែង។ ព្រោះរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា រាល់ច្បាប់ និងសេចក្ដីសម្រេច​ទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ លោកក៏បានបញ្ជាក់ថា បើគ្មានការបកស្រាយ​ច្បាប់ណាមួយ ច្បាស់លាស់នោះទេ ដូច្នេះការកំណត់កូរ៉ុមប្រជុំសម្រាប់រដ្ឋសភាលើកដំបូង ត្រូវអនុវត្តតាមមាត្រា​៧៦នៃ​រដ្ឋធម្មនុញ្ញជាចាំបាច់។

ជាមួយគ្នានេះ លោកក៏បានបង្ហាញនូវផ្លូវដោះស្រាយមួយថា ដើម្បីបញ្ជាក់ភាពខុសនិងត្រូវ ចាំបាច់ត្រូវមានការ​បកស្រាយ​ពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាអ្នកមានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់​ដែល​រដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។ ហើយក្រុមប្រឹក្សាធម្មនុញ្ញនេះ ក៏មានសិទ្ធិពិនិត្យ និង​សម្រេចអំពីករណីវិវាទកម្មទាក់ទង នឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នោះជាកត្តាចាំបាច់បំផុត។ តាមមាត្រា១៤២រដ្ឋធម្មនុញ្ញ «សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដី​សម្រេចបិទផ្លូវតវ៉ា» តែក៏ត្រូវស្របនឹងរដ្ឋធម្មនុញ្ញនោះដែរ បើមិនដូច្នេះទេ នឹងរំលោភលើមាត្រា១៥០ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញ​ដដែលនេះ។

ក្នុងករណីដែលមិនអាចឲ្យមានការរៀបចំ នូវក្បាលម៉ាស៊ីនសម្រាប់បង្កើតបានជារដ្ឋសភានោះទេ ដូច្នេះចំពោះការបង្កើត​រដ្ឋាភិបាល ក៏មិនអាចទៅមុខរួចនោះដែរ។ លោក សាស្ត្រាចារ្យ បានពន្យល់ពីមូលហេតុយ៉ាងដូច្នេះថា ការផ្តល់សេចក្តី​ទុកចិត្តដល់រាជរដ្ឋាភិបាល ដែលត្រូវបង្កើតថ្មីនោះ ក៏ត្រូវបានកំណត់ក្នុងច្បាប់កំពូល ត្រង់មាត្រ៩០ដែរថា «រដ្ឋសភា​បោះ​ឆ្នោតទុកចិត្ត ដល់រាជរដ្ឋាភិបាលតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភា»។ ទាំងនេះស្តែងឲ្យឃើញ នូវភាព​ប្រទាំងប្រទើស នៃការអនុវត្តតាមមាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញនេះដែលបានចែងថា «តាមសេចក្ដីស្នើរពីប្រធាន ដោយមាន​មតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃ​គណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណាងផ្សេងៗ ក្នុងរាជរដ្ឋាភិបាលទៅ​សុំសេចក្ដី​ទុក​ចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យ​តែងតាំងគណៈ​រដ្ឋមន្ត្រីទាំងមូល។»

«បើរដ្ឋសភាមួយមិនមានសុពលភាពស្របច្បាប់នោះទេ ការបង្កើតរដ្ឋាភិបាល ក៏មិនអាចទៅរួចនោះដែរ ករណីនេះគេអាច​ហៅបានថា រដ្ឋាភិបាលចាំផ្ទះ។ តែបើរដ្ឋាភិបាលចាំផ្ទះនេះ នៅតែបន្តរការកាន់កាប់អំណាចរបស់ខ្លួន ហួសរយៈពេល​កំណត់​នៃច្បាប់ ចាត់ទុកថា ជារដ្ឋប្រហាររដ្ឋធម្មនុញ្ញហើយ»។ នេះជាការបញ្ចប់ឃ្លាចុងក្រោយ របស់លោកសាស្ត្រាចារ្យ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៦ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...