សម្ភាសយ៉ង់ គឹមអេង៖ លិខិត​​អបអរសាទរ​បក្ស​ឈ្នះ​ឆ្នោត មុន​ការ​ប្រកាស​លទ្ធផល ខុស​ច្បាប់?

ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានប្រទេសជាមិត្ត ស្ថាប័នរដ្ឋ និងអង្គការសមាគមមួយចំនួន បានចេញនូវសារលិខិតអបអរសាទរ ឬសេចក្តីថ្លែងការណ៍គាំទ្រ ទៅលើជ័យជំនះរបស់គណបក្សមួយ ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោត នៅមិនទាន់បានប្រកាសជាផ្លូវការ ដោយ គ.ជ.ប នៅឡើយនោះ ហើយថែមទាំងមានការផ្សព្វផ្សាយ យ៉ាង«សកម្ម»ទៀតផង។ សកម្មភាពនេះ អាចធ្វើឲ្យមានការយល់ច្រលំ បង្កើតនូវបរិយាកាស«អាប់អួរ»មួយ នៅក្នុងសង្គម និងខុសបទបញ្ញតិទៀតផង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានប្រទេសជាមិត្ត ស្ថាប័នរដ្ឋ និងអង្គការសមាគមមួយចំនួន បានចេញនូវសារលិខិតអបអរសាទរ ឬសេចក្តីថ្លែងការណ៍គាំទ្រ ទៅលើជ័យជំនះរបស់គណបក្សមួយ ខណៈពេលដែល​លទ្ធផលនៃការបោះឆ្នោត នៅមិនទាន់បានប្រកាសជាផ្លូវការ ដោយ គ.ជ.ប នៅឡើយនោះ ហើយថែមទាំងមានការ​ផ្សព្វផ្សាយ យ៉ាង«សកម្ម»ទៀតផង។ សកម្មភាពនេះ អាចធ្វើឲ្យមានការយល់ច្រលំ បង្កើតនូវបរិយាកាស«អាប់អួរ»មួយ នៅក្នុងសង្គម និងខុសបទបញ្ញតិ។


លិខិតអបអរសារទរជាច្រើន ត្រូវបានផ្សាយចេញពីស្ថាប័នរដ្ឋអព្យាក្រិត្យ។ (រូបភាពថតពីអេក្រង់គេហទំព័រ)

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និងសន្តិភាព(PDP) និងជាប្រធានស្តីទីក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាយុវជនកម្ពុជា បានបង្ហាញថា ការចេញ​លិខិតរបស់ គ.ជ.ប កាលពីថ្ងៃទី៥ ខែសីហា ដែលស្នើរដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើគណបក្សនយោបាយ ក៏ដូចជា​តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួន ឬតាមបណ្តាញសង្គម(facebook)ទាំងនោះ ដោយរង់ចាំ នូវការប្រកាស​លទ្ធផល​នេះ នៅក្រោយពេលពិនិត្យផ្ទៀងផ្ទាត់ ដោះស្រាយបណ្តឹង និងភាពមិនប្រក្រតីបានចប់សព្វគ្រប់ គ.ជ.ប នឹងធ្វើការប្រកាស​ជាផ្លូវការ។ ហើយអំឡុងពេលនេះមិនទាន់អាចបញ្ជាក់បានថា អាសនៈនៅក្នុងរដ្ឋសភាទាំង១២៣នោះ នឹងត្រូវបានទៅ​លើគណបក្សណាប៉ុន្មាននោះទេ។ លោក យ៉ង់ គឹមអេង បានចាត់ទុកថាការប្រកាសរបស់គ.ជ.ប ខាងលើនេះ បានបំពេញ​នូវសមត្ថកិច្ច និងតួនាទីរបស់ខ្លួនហើយ ព្រោះ គ.ជ.បមិនមានទួនាទីអ្វី ដើម្បីដាក់ទោសនោះទេ។

យកស្ថាប័ន្ថរដ្ឋទៅបម្រើឲ្យបក្ស

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ បានរិះគន់«ស្ថាប័នរដ្ឋ»ក្នុងស្រុកសឹងតែទាំងអស់ ដែល​បានចេញនូវសារលិខិតអបអរសាទរ និងជូនពរគណបក្សដែលពួកគេយល់ថា ទទួលបានជ័យជំនេះ​នៃការបោះ​ឆ្នោត។ លោកចាត់ទុកថា ជាការធ្វើឲ្យខូចរួបភាពរបស់ស្ថាប័ន និងធ្វើឲ្យមានការភ័ណ្ឌច្រលំ និងការមិនសប្បាយចិត្តពីអ្នក​កាន់​គណបក្សផ្សេងៗគ្នា ជាពិសេសបានបង្ហាញនូវចំណុចអវិជ្ជមានមួយ ដែលស្ថាប័នរដ្ឋទាំងនេះត្រូវតែអព្យាក្រិត្យនោះ។

លោកក៏បានចាត់ទុកដែរថា ការយកសារលិខិតទាំងនោះ ទៅបង្ហោះក្នុងគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលជាស្ថាប័នរបស់«រដ្ឋ» មិនគួរឲ្យមានទេ។ លោកបានបញ្ជាក់ថា គួតែធ្វើការបែងចែកឲ្យបានច្បាស់ នូវលិខិតណា​ជា​របស់រដ្ឋ និងលិខិតណាជារបស់បក្ស។ លោកថា «លិខិតគាំទ្រគណបក្សប្រជាជន ចំពោះលទ្ធផលនេះ គួរតែចុះផ្សាយ​លើ​គេហទំព័រ របស់គណបក្សប្រជាជនប្រសើរជាង»។

ប្រទេសកុម្មុយនីស សរសើរគណបក្សប្រជាជនកម្ពុជា ជាបងប្អូន?

ក្រៅពីលិខិតស្ថាប័នរដ្ឋក្នុងស្រុក គេក៏សង្កេតឃើញមានលិខិត របស់បណ្តាប្រទេសមួយចំនួនដូចជាចិន វៀតណាម ឡាវ ថៃ ភូមាជាដើម ក៏បានគាំទ្រក្នុអំឡុងពេលនេះផងដែរ។ ករណីនេះលោក យ៉ង់ គឹមអេង បានបង្ហាញថា ពួកគាត់សុទ្ធតែជា​សម្ព័ន្ធមិត្ត ជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះហើយគាត់ចេះតែធ្វើការគាំទ្រក្នុងនាមសម្ព័ន្ធមិត្តទៅ។ លោកបក​ស្រាយ​ថា ភាគច្រើនពីក្នុងនោះ ជា«ប្រទេសដែលមានតែឯកបក្ស ហើយគាត់ក៏មិនដែលស្គាល់ថា អ្វីទៅជាការបោះឆ្នោតដោយ សេរី និងយុត្តិធម៌ផង»។

ក្នុងថ្ងៃទី០២ ខែសីហា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានចេញលិខិតប្រកាសគាំទ្រ ចំពោះ​ជ័យជំនះ​របស់​គណបក្សប្រជាជនផងដែរ។ ករណីនេះលោកយ៉ង់ គឹមអេង បានលើកឡើងថា ក្នុងនាមជាស្ថាប័ន​ព្រះសង្ឃ មិនត្រូវធ្វើ​នយោបាយយ៉ាងជ្រៅដូច្នេះទេ។ លោកគួរគង់ជាកណ្តាល ហើយអាចជួយផ្សព្វផ្សាយនូវអ្វី ដែលត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី និងអហិង្សា ក្នុងអំឡុងពេលនេះ ប្រសើជាងការគាំទ្រទៅលើគណបក្សនយោបាយណាមួយ។

គួរមានវិធានការតាមផ្លូវច្បាប់?

ការចេញលិខិតអបអរសាទរ និងជូនពរគណបក្សនយោបាយ ដែលបានកើតឡើងជាហូរហែរ និងមានលក្ខណៈសន្ធាប់ (ឬសង្គ្រប់) ត្រូវបានធ្វើចេញពីក្រុមអ្នកគាំទ្រគណបក្សនោះ ដែលទំនងជាបានដឹងពីលទ្ធផលនៃសន្លឹកឆ្នោតរួចហើយ ខណៈដែល គ.ជ.ប មិនទាន់ប្រកាសពីលទ្ធផលទាំងនោះ ជាផ្លូវការនៅឡើយ។ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នក​វិភាគឯករាជ្យមួយចំនួន បានឲ្យយោបល់ថា គ.ជ.ប គួរមានវិធានការតាមផ្លូវច្បាប់ ទៅលើក្រុមដែលចេញ​លិខិត​អបអរសាទរ យ៉ាង«អាណាធិបតេយ្យ»ខាងលើនេះ ដើម្បីបង្ហាញពីភាពឯករាជ្យ និងភាពអព្យាក្រិត្យរបស់ខ្លួន។

សូមរម្លឹកថា តាមលទ្ធផលបឋមក្រៅផ្លួវការនៃការបោះឆ្នោតជាសកល ជ្រើសតាំងតមណាងរាស្រ្តនីតិកាលទីប្រាំ កាលពី​រសៀលថ្ងៃទី២៨ ខែកក្កដា លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មកពីគណបក្សប្រជាជានកម្ពុជា បានប្រកាសនូវ​ចំនួនអសនៈ៦៨ ទល់នឹង៥៥អសនៈ រវាងគណគណបក្សលោក និងគណបក្សសង្គ្រោះជាតិ នៅលើទំព័រហ្វេសប៊ុក​របស់​លោក។ តែគណបក្សសង្គ្រោះជាតិ ក៏បានប្រកាសពីជ័យជំនះរបស់ខ្លួនដែរ ដោយឈ្នះអសនៈចំនួន៦៣ ទល់នឹង៦០ អសនៈ នៃចំនួនអាសនទាំងអស់ នៅក្នុងរដ្ឋសភាកំណត់ត្រឹម១២៣កៅអីនោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...