កែម ឡី៖ អ្នកដឹកនាំខ្មែរចូលចិត្តបង្រ្កាប ជៀសជាងដោះស្រាយបញ្ហា
គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ គេសង្កេតឃើញមានកងកម្លាំងយោធា នគរបាល កងរាជអាវុហត្ថជាតិ រួមទាំងអាវុធយុទ្ធភណ្ឌធន់ធ្ងន់ និងស្រាលបានធ្វើការចល័ត ចូលមករាជធានីភ្នំពេញ និងបណ្តាខេត្តធំៗ មួយចំនួន។
រថយន្ដដែលសាក្សីនិយាយថាបានដឹករនាំងបន្លាលួស ដែលដឹកចូលក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ខែសីហានេះ។
សកម្មភាពចល័តកងទ័ពដ៏កម្រ បានកើតមានឡើង ក្រោយពីមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានព្រមានកាលពីពេលថ្មីៗនេះ ថានឹងដឹកនាំការធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលបង្ហាញថាគណបក្សកាន់អំណាចជាអ្នកឈ្នះ តែលោកអះអាងថាមានការលួចបន្លំ និងភាពមិនប្រក្រដីជាច្រើន នៅក្នុងដំណើរការការបោះឆ្នោត។
ចំពោះបញ្ហានេះត្រូវបានលោក កែម ឡី អ្នកវិភាគឯករាជ្យ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា វាយតម្លៃថា៖ «មេដឹកនាំខ្មែរចូលចិត្តត្រៀមបង្ក្រាបបញ្ហា ជាជាងដោះស្រាយឬសគល់នៃបញ្ហា»។ អ្នកវិភាគរូបនេះបានពន្យល់ថា បញ្ហាដែលចោទឡើង គឺភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយភាគីទាំងពីរមិនចុះសម្រុងគ្នា ចំពោះការដាក់បញ្ចូលសមាសភាពអង្គការសហប្រជាតិ ទៅក្នុងគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី។
បន្ទាប់ពីភាពមិនចុះសម្រុងនេះ ប្រធានដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបន្ថែមព្រឹត្តិការណ៍ថ្មីមួយទៀត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣នេះ ដោយបានផ្ញើរលិខិតមួយច្បាប់ទៅលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីលើកឡើងអំពីភាពមិនប្រក្រតី អំពីដំណើរការបោះឆ្នោត និងទាមទារឲ្យអង្គការសហប្រជាជាតិ ចូលអន្តរាគមន៍ស្វែងរកយុត្តិធម៌ និងជាការពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះ ចាត់ទុកថានៅមានភាពផុយស្រួយនៅឡើយ។
ចំពោះដំណោះស្រាយភាពទាល់ច្រកនេះលោក កែម ឡី អត្ថាធិប្បាយថា ប្រសិនបើគណបក្សនយោបាយ និងអ្នកដឹកនាំមានឆន្ទះដោះស្រាយបញ្ហា វាមិនជាការលំបាកទេ ដូចនេះពួកគេគួរបន្តការចរចារជាមួយគ្នាឲ្យអស់លទ្ធភាព។ ព្រោះនៅមានយន្តការដោះស្រាយជាច្រើនទៀត រួមមាន តាមរយៈការសម្របសម្រួលពីព្រះមហាក្សត្រ ឬសង្គមស៊ិវិលជាដើម។ តែចំណុចសំខាន់ ដែលជាដំណោះស្រាយនោះ គឺត្រូវបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតរួមគ្នា។
ជាចំណុចសំខាន់ ដែលលោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា មិនសូវមានសុទិដ្ឋិនិយម។ លោកធ្លាប់បានពន្យល់ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតី គួរតែ«ឯកភាព»ឲ្យបង្កើតគណៈកម្មការចម្រុះ ដែលមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ ធ្វើការស៊ើបអង្កេតរួមគ្នាដើម្បីជម្រះមន្ទិលសង្ស័យ៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ