ខឹម វាសនា ថា​បើ CNRP ឈ្នះ​នឹង​ចលាចល​ប្រទេស​កាន់​តែ​ខ្លាំង

ធ្វើនយោបាយ«កែស្រុក» ដាច់ខាតត្រូវមានមនោគមវិជ្ជា ដូចមនោគមវិជ្ជា របស់គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ ផ្ទុយ​ទៅវិញ គណបក្សដែលគ្មានមនោគមវិជ្ជា ដូច​គណបក្ស​សង្គ្រោះជាតិ បើបានឈ្នះ​កាន់​អំណាច នឹង​មាន​ចលាចល​ក្នុង​ប្រទេស​កាន់​តែខ្លាំង។ នេះ បើតាមការប្រមើលមើល របស់លោក ខឹម វាសនា ប្រធាន​​​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​​ប្រជាធិបតេយ្យ ដោយប្រាប់​ទៅ​អ្នក​ផង ឲ្យ​​«ចាំពាក្យ​លោកចុះៗ» ជាច្រើនដង។
ខឹម វាសនា ថា​បើ CNRP ឈ្នះ​នឹង​ចលាចល​ប្រទេស​កាន់​តែ​ខ្លាំង
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 08, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ បានឈ្នះឆ្នោត នឹងធ្វើឲ្យមានចលាចល ក្នុងប្រទេសកាន់តែខ្លាំង? លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ហៅបក្សជួង ឬ LDP) បានលើកឡើង​ពី​ករណី​នេះ ដោយ​បញ្ជាក់​​ពី​មូលហេតុថា ព្រោះគណបក្សសង្គ្រោះជាតិ គ្មានមនោគមវិជ្ជាអ្វីទាំងអស់ និងគ្រាន់តែ​កេង​ចំណេញ ពីលើ​​ការ​ឈឺចាប់ របស់ពលរដ្ឋខ្មែរ ដែលចង់ផ្លាស់ប្ដូរតែប៉ុណ្ណោះ។ លោកថែមទាំង​បានពន្យល់​ទៀត​ថា គណបក្ស​ដែល​មានរូបសញ្ញា​ព្រះអាទិត្យ ជាតំណាងនេះ គ្មាន​សមត្ថភាព​គ្រប់គ្រង​សភាពការណ៍ ហើយ​ក៏គ្មាន​ការទទួល​ខុសត្រូវ​ដែរ និងមានតែបង្កើត​លេសដោះសារ យករួចខ្លួន។

លោក ខឹម វាសនា បានលើកឡើងយ៉ាងដូច្នេះ នៅលើបណ្ដាញសង្គម ដោយបានទាំងអួតអាងថា មានតែ​មនោគម​វិជ្ជា​របស់​គណបក្ស«ជួង»របស់លោកទេ ទើបអាច​ជួយស្រុក​ទេសបាន។ ជាមួយនឹងការសរសេរ «ចាំ​ពាក្យ​ខ្ញុំចុះ ៗ» ឡើងវិញជាច្រើនដង លោក ខឹម វាសនា បានបញ្ជាក់ថា៖ «LDP មានមនោគមវិជ្ជា ដែល​ពលរដ្ឋ​គ្រប់រូប ត្រូវតែរៀនសូត្រ ពីមនោគមវិជ្ជានោះ ទើបអាចជួយស្រុកទេសយើងបាន។ គ្មានអ្នកណាម្នាក់ ឬក្រុមតូច​មួយ អាច​ជួយខ្មែរ ក្រៅពីខ្មែរភាគច្រើនរស់នៅ ដោយមាន​មនោគមវិជ្ជា ដែលផ្តល់​ដោយ LDP យើងនោះទេ (SIC)។ ខ្មែរ​មាន​មនោគម​វិជ្ជា LDP ក្នុងខ្លួន ទើបខ្មែរអាចគេចផុត ពីការបោកប្រាស់ ទាំងក្រៅទាំងក្នុង ហើយ​រស់​នៅ​ជា​ម្ចាស់​​លើជីវិតខ្លួន និងម្ចាស់លើវាសនា នៃប្រទេសខ្លួនបាន។»។

នរណាជា«តាធំ»?

រីឯគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ត្រូវបានប្រធាន​គណបក្ស​«ជួង»​​រូប​នេះ វាយតម្លៃថា គ្មានមនោគមវិជ្ជាអ្វីទាំងអស់ និងជា​គណបក្ស ធ្វើឲ្យ«ខ្មែរមិនបានសុខ»។ លោក ខឹម វាសនា សរសេរ​ថា៖ «ចាំពាក្យខ្ញុំចុះ បើមាន CNRP នៅជាបក្សប្រឆាំង វាយអោយងាប់ទៀត ក៏ខ្មែរមិនបាន​សុខ​ដែរ ចាំ​ពាក្យ​ខ្ញុំ​ចុះ។ បើ CNRP ឈ្នះនឹងចលាចលប្រទេស កាន់តែខ្លាំង ហើយអ្នកដឹកនាំបក្សនេះ គ្មាន​សមត្ថភាពភាព​គ្រប់​គ្រង​​សភាពការណ៍ទេ ហើយក៏គ្មាន​ការទទួល​ខុសត្រូវ​ដែរ មានតែបង្កើតលេស ដោះសារយករួចខ្លួន ដូចតែ​តាធំ​យើងក្នុងរឿងខ្មែរក្រហម ដែលបាននាំខ្មែរឲ្យស្លាប់ ជាងពីរលាននាក់អញ្ចឹង។»។

បើនិយាយពីរឿងខ្មែរក្រហម រឿងសន្យាខ្យល់ ឬការបង្កភាពវឹកវរ រហូតដល់ថ្នាក់ផ្ទុះសង្គ្រាមនេះ គេក៏ធ្លាប់ឮ​មេ​ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កាន់​អំណាច តែងធ្លាប់យកមកថ្លែងជាសាធារណៈ ជា​ញយ​ដង​ដែរ ដើម្បីវាយប្រហារលើគណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ថែមទាំងគម្រាម សឹងតែនៅគ្រប់​ការថ្លែង​​ជា​សាធារណៈ​ថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹងមាន«ផ្ទុះសង្គ្រាម»ឡើង។

នរណានិយាយតាមនរណា?

មន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ បានថ្លែងនៅមុននេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វ យ៉ាងខ្លីថា ការលើក​ឡើង​​របស់​លោក ខឹម វាសនា និងលោក ហ៊ុន សែន មាន​«សន្ដាន»​តែមួយ ដោយគ្រាន់តែទម្រង់និយាយ មាន​លក្ខណៈ​ខុស​គ្នា​ប៉ុណ្ណោះ។ មន្ត្រីរូបនោះ បានសួរឡើងថា៖ «បញ្ហានៅត្រង់ថា រវាងលោក ហ៊ុន សែន និងលោក ខឹម វាសនា តើ​នរណា​មួយ និយាយ​តាម​នរណា? តើលោក ហ៊ុន សែន និយាយតាមលោក ខឹម វាសនា ឬ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...