អ្នក​នាំ​ពាក្យ CPP ថា កឹម សុខា ប្រើ​កូនចៅ​ទៅ​ទិញ​សំបុត្រ​យន្ដហោះ​ឲ្យ​ស្រីមុំ

តើ«ការពិត» ក្នុងសំនុំរឿង «កឹម សុខា-ធី សុវណ្ណថា-ស្រី ចំរើន-ស្រីមុំ» មានសាច់រឿងដូចម្ដេច និងអាច​មាន​នរណា​នៅ​ពី​ក្រោយ? បន្ទាប់ពីនាយករដ្ឋមន្ត្រី នៅពេលនេះ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បាន​បង្ហើប​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៀត ដែលធ្វើឲ្យគេកាន់តែ​គិតថា នោះ​ជាទំនាក់ទំនងមិនប្រក្រតី រវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
អ្នក​នាំ​ពាក្យ CPP ថា កឹម សុខា ប្រើ​កូនចៅ​ទៅ​ទិញ​សំបុត្រ​យន្ដហោះ​ឲ្យ​ស្រីមុំ
លោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 26, 2016
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅពេលនេះ ដល់វេន​អ្នកនាំពាក្យ ឲ្យគណបក្សប្រជាជានកម្ពុជា លោក សុខ ឥសាន ម្ដង ដែលបានបង្ហើបឲ្យដឹង ពីរឿងរ៉ាវខ្លះៗ ទាក់ទងនឹងសំនុំរឿង «កឹម សុខា-ស្រីមុំ»។ ប្រសិនបើលោក ឥសាន បានប្រើភាសាជម្រាបសួរ តាម​បែប​«ការទូត»​នោះ ប៉ុន្តែសម្រាប់ការពន្យល់ ក្នុងករណីរបស់សំនុំរឿង ដ៏រសើបមួយនេះ អ្នកនាំពាក្យ​របស់​គណបក្ស​កាន់​អំណាច បានជ្រើសរើស ការប្រើប្រាស់ភាសា ដែលមានលក្ខណៈ«ត្រង់ៗតែម្ដង»។

នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យវិទ្យុអាស៊ីសេរី លោក សុខ ឥសាន បានចាប់ផ្ដើមពន្យល់ ដោយសំដី​មួយៗ​ថា៖ «រឿង​ស្នេហា រវាងឯកឧត្ដម កឹម សុខា ជាមួយនឹងស្រីមុំនោះ មិនមែនគណបក្សប្រជាជន ទៅដឹកញ៉ី បន្ស៊ី​ឈ្មោល​​ទេ (SIC 1)»។

អ្នកនាំពាក្យ របស់អតីតគណបក្សកុម្មុយនីស​នៅកម្ពុជា បានបន្តទៀតថា៖ «ពេលដែលគាត់ណាត់គ្នា ទៅ​ដេក​ជាមួយគ្នា នៅក្រៅប្រទេសនោះ គណបក្សប្រជាជនមិនបានទិញសំបុត្រ (យន្ដហោះ) ឲ្យគាត់នោះទេ (SIC 2)។ គាត់ទិញខ្លួនឯង។ គាត់ប្រើកូនចៅ ឲ្យទៅទិញ។»

កាលពីថ្ងៃទី១៧ ខែមីនា លោក ហ៊ុន សែន ក៏បានបង្ហើបទាក់ទងនឹងករណីនេះដែរ។ លោកបានថ្លែងថា៖ «មិន​ឈ្លោះ មិនឆ្លើយ មិនឆ្លង។ ប៉ុន្តែអ្នកដទៃទៀត វាឈ្លោះ វាឆ្លង វាឆ្លើយ បានរឿងវាកើត សូមផ្តាំទៅ! ទៅ​ឆ្លើយ​ថា​ទេ ខ្ញុំអត់ដែលមាន Passport ខាង Passport គេថាអ្នកឯងធ្វើ។ ថាខ្ញុំអត់ដែលទៅក្រៅប្រទេស អឺ​បាងកក​អ៊ែវេស៍ មាន​សំបុត្រយន្តហោះជិះ នៅព្រលានយន្តពោធ៍ចិនតុង មានថតរូបទុក នៅព្រលាន​យន្តហោះ​បាងកក​មានទុក នៅសណ្ឋាគារបាងកកមានទុក។ ចប់បាត់មានស្អីទៀត។»។ ទោះជាលោក ហ៊ុន សែន មិន​បាន​បញ្ចេញ​​ឈ្មោះ​ជននោះ ថាជានរណាក៏ដោយ តែក្រុមអ្នកតាមដានគិតថា លោកនាយករដ្ឋមន្រ្តី​សំដៅ​ដល់​លោក កឹម សុខា។

រឿងរ៉ាវបានផ្ទុះឡើង បន្ទាប់ពីខ្សែអាត់សម្លេងជាច្រើន ត្រូវបានយកមកចុះផ្សាយ នៅតាមបណ្ដាញសង្គម ហើយ​​ត្រូវបានសារព័ត៌មានក្នុងស្រុក​ជាច្រើនទៀត ដកស្រង់យកទៅបន្ថែមគ្រឿង ​ធ្វើជាអត្ថបទចុះផ្សាយ ជា​បន្តបន្ទាប់  តាំងពីប៉ុន្មានខែមុន រហូតមកទល់ថ្ងៃនេះ។ ក្នុងខ្សែអាត់សម្លេង មានការជជែកសារសង​ស្នេហា​គ្នា រវាង​មនុស្ស​ប្រុស​ស្រី​ពីរនាក់។ សារព័ត៌មានក្នុងស្រុក ដែលភាគច្រើនមាននិន្នាការលំអៀង ទៅ​រក​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុកថា មនុស្សពីរនាក់នោះ ជាលោក កឹម សុខា អនុប្រធាន (ប្រធាន​ស្ដីទី ក្នុង​ពេល​បច្ចុប្បន្ន) គណបក្សសង្គ្រោះជាតិ និងស្ត្រីវ័យក្មេង​ម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ។

ប៉ុន្តែការពិតយ៉ាងដូចម្ដេចនោះ គ្មាននរណាម្នាក់ដឹងឲ្យពិតប្រាកដឡើយ ដោយហេតុតែលោក កឹម សុខា និង​អ្នកនៅជុំវិញលោក បានជ្រើសរើស​យក​ភាពស្ងប់ស្ងៀម ដោយមិនធ្វើការតបតរ ឬប្រតិកម្មអ្វីទាំងអស់ ទាក់ទង​នឹង​ខ្សែ​អាត់​សម្លេងនេះ។ រីឯភាគីសាមី​ម្ខាងទៀត គឺនាង ខុម ចាន់តារាទី ហៅ ស្រីមុំ វិញ បានធ្វើ​សេចក្ដី​ប្រកាស​​ទាក់ទង​​នឹង​ករណី​នេះ ម្ដងថាគ្មាន និងម្ដងទៀតថា មានទំនាក់ទំនង ជាមួយលោក កឹម សុខា។ ជាការ​ប្រកាស​​ត្រឡប់​ត្រឡិន ដែលនៅតែធ្វើ​ឲ្យមានមន្ទិល ថាតើសក្ខីកម្មរបស់នាង អាចទទួលយកបាន​ដោយ​របៀប​ណា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...