ចេញពីសវនាការ បបួលជនដែលចាប់កូនស្រីខ្លួនរំលោភ យកទៅកាត់ដៃសងសឹក
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៦
- កែប្រែចុងក្រោយ: April 25, 2016
- ប្រធានបទ: ហួសនិស្ស័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនជំទង់អាយុ១៧ឆ្នាំម្នាក់ បានរងនូវការចោទប្រកាន់ ថាបានរំលោភខាងផ្លូវភេទ ទៅលើទារិកាអាយុ៧ខែមួយរូប កាលពីឆ្នាំ២០១៤កន្លងទៅ។ នៅពេលនោះ គឺម្ដាយរបស់ទារិកា បានចូលមកទាន់ ហើយបានស្រែកឆោឡោឡើង។ យុវជនល្មើសត្រូវបានឃាត់ខ្លួនភ្លាមៗ និងយកទៅឃុំនៅក្នុងពន្ធនាគារ ដែលសម្រាប់ឃុំតែពួកអនិតិជនប្រព្រឹត្តិល្មើស ដើម្បីរងចាំថ្ងៃឡើងសវនាការ។
សារព័ត៌មានអង់គ្លេស «Metro» បានធ្វើសេចក្ដីរាយការណ៍ថា នៅថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ សវនាការកាត់ក្ដីបានប្រព្រឹត្តិទៅ ដោយមានវត្តមានចូលរួម របស់ក្រុមគ្រួសារ របស់ទារិការរងគ្រោះនោះផង។ ឪពុករបស់ទារិកាបានថ្លែងពន្យល់ នៅក្នុងសវនាការថា គាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអត់អោនទោស ឲ្យយុវជនជាប់ចោទ និងថាគាត់យល់ព្រម ឲ្យមានការសម្របសម្រួលគ្នាមួយ នៅក្រៅផ្លូវតុលាការ។
មិនត្រឹមតែប៉ុណ្ណឹង ឪពុកដែលមានអាយុ ២៦ឆ្នាំរូបនេះ ថែមទាំងស្នើសុំខ្លួន ដើម្បីជូនយុវជនជំទង់ ត្រឡប់ទៅផ្ទះទាំងអស់គ្នា (គ្រួសារជនរងគ្រោះ និងជនល្មើស ជាអ្នកភូមិផងរបងតែមួយ) ដែលស្ថិតក្នុងក្រុងតូចមួយ ឈ្មោះ «Kotli Ablu» ស្ថិតក្នុងភាគជើង ប្រទេសឥណ្ឌា។
ប៉ុន្តែនៅតាមផ្លូវ បុរសជាឪពុក បានឈប់កង់របស់ខ្លួន ហើយងាកមកចាត់ការ ដោយផ្ទាល់ដៃ ទៅលើយុវជន។ បុរសបានចង់យុវជន ជាប់ទៅនឹងដើមឈើ ហើយបន្ទាប់មកបានយកកាំបិតផ្គាក់ មកកាត់ដៃទាំងពីរ របស់យុវជនជំទង់ ដាច់ត្រឹមកដែ។ ក្រោយពីបានសងសឹករួច បុរសបានឡើងជិះកង់គេចខ្លួនចេញទៅ ដោយទុកឲ្យយុវជន ដែលរងរបួសធ្ងន់ធ្ងរ នៅដេកដួលនឹងមាត់ផ្លូវ។
គឺអ្នកភូមិនៅក្បែរនោះ ដែលបានឮសូរសម្លេងស្រែក របស់យុវជន ហើយបានចូលមកជួយយកអាសារ និងដឹកយុវជនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។ ស្ថានភាពរបស់យុវជន រហូតមកដល់ថ្ងៃនេះ នៅមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ។
រីឯបុរសជាឪពុកទារិកាវិញ កំពុងស្ថិតក្រោមការតាមប្រមាញ់ របស់ក្រុមអាជ្ញាធរ ពីបទមនុស្សឃាត ដោយគ្រោងទុកជាមុន ប៉ុន្តែគេនៅមិនទាន់រកឃើញនៅឡើយ៕