ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើង​ប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។

ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល ប្រធានសហភាពសហជីពកម្ពុជា និងជា​ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន ​ថ្ងៃទី១០ ខែកុម្ភៈ នេះ ថា៖ «ថ្ងៃនេះ មានសហជីព សហព័ន្ធ និងសមាគម ចំនួន១៦ បានមូលមតិគ្នា បន្តទាមទារដំឡើងបា្រក់ឈ្នួល​គោល១៦០ដុល្លារដល់កម្មករ និងទាមទារឲ្យដោះលែងអ្នកទាំង២៣ នាក់ ដោយគ្នានលក្ខខណ្ឌអ្វីទាំងអស់។ ហើយ​បើមិនការដំឡើងប្រាក់ឈ្នួល មិនមានការដោះលែងនៅថ្ងៃស្អែកនេះទេ នឹងមានមហាកូដកម្មទូទាំង​ប្រទេសកើត​ឡើងហើយ។»

ជុំវិញករណីនេះ លោក ជាម យៀប ជាមន្រ្តីជាន់ខ្ពស់នៃការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា បានថ្លែង​ប្រាប់ប្រព័ន្ធសារព័ត៌មាន ក្នុងស្រុកកាលពីពេលថ្មីៗនេះ ថា ជន២៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន គឺជាជនជាប់ពិរុទ្ធ និងមានភស្តុតាងច្បាស់លាស់សម្រាប់ដាក់បន្ទុក។ ដូច្នេះការសម្រេចថាដោះលែង រឺយ៉ាងណានោះ គឺអាស្រ័យលើ​កាតព្វកិច្ចរបស់តុលាការ ។

លោក ជាម យៀប បានលើកឡើងថា គណបក្សសង្រ្គោះជាតិ មិនត្រូវយកករណីជន២៣នាក់ នៅក្នុងដៃតុលាការ មកពាក់ព័ន្ធជាមួយបញ្ហានយោបាយ ដែលនាំឲ្យមានឧបសគ្គក្នុងការចរចា រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិនោះទេ។

គួររម្លឹកថា សមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០១៤ ក្រោម​ហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្រ្កាបយ៉ាងចាស់ដៃ​លើកម្មករទាមទារប្រាក់​ឈ្នួល​គោល១៦០ដុល្លារ នៅរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង លើទឹកដី​រាជធានី​ភ្នំពេញ។

ក្នុងហេតុការណ៍បង្រ្កាបនោះ មាន កម្មករយ៉ាងតិច៤ នាក់បានស្លាប់ ឃាត់ខ្លួន២៣ នាក់ និងយ៉ាងតិច៤០​បានរង​របួស ក្នុងនោះក៏មានសមត្ថកិច្ចផងដែរ។ ក្រោយការបង្រ្កាបសមត្ថកិច្ចបានអះអាងថា បញ្ហាទាំងនេះបណ្តាល​មក​ពីការ«ញុះញង់»របស់គណបក្សសង្រ្គោះជាតិ តែការចោទប្រកាន់នេះ ត្រូវបានគណបក្សសង្រ្គោះជាតិ ដែលជា​គណបក្ស​ជំទាស់ ច្រានចោល៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...