សពក្មេងប្រុសលង់ទឹកពីរនាក់ ត្រូវបានរកឃើញក្នុងទន្លេស្រែពក
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
- កែប្រែចុងក្រោយ: April 20, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្មេងប្រុសជំទង់២នាក់ ដែលបានលង់ទឹកស្លាប់ កាលពីម្សិលម៉ិញនេះ ត្រូវបានគេរកសពឃើញហើយ នាវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២០ ខែមេសានេះ នៅក្នុងទន្លេស្រែពក ដែលជាតំបន់រមណីយដ្ឋាន ទឹកជ្រោះ។ នេះបើតាមការថ្លែងឲ្យដឹង ពីសកម្មជន របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី លោក ឆាយ ធី។
តាមការស្រង់សម្តី របស់ប្រជាពលរដ្ឋ ដោយមន្ត្រីសិទ្ធិមនុស្សរូបនេះ បានដាក់ការសន្និដ្ឋានថា ការស្លាប់របស់ក្មេងប្រុសជំទង់ទាំងពីរ អាចបណ្តាលមក ពីពួកគេព្យាយាម ហែលឆ្លងកាត់ទន្លេ ទើបលង់ទឹកបែបនេះ។ ពួកគាត់បានបញ្ជាក់ដែរថា ទឹកជ្រោះនៅក្នុងទន្លេខែនេះ មិនសូវហូរខ្លាំងនោះឡើយ។
លោក ឆាយ ធី បានបញ្ជាក់ទៀតថា មកដល់ពេលនេះ គេទើបតែស្គាល់ឈ្មោះ ក្មេងប្រុសជំទង់តែម្នាក់ប៉ុណ្ណោះ ឈ្មោះ ណាក់ ដែលមានទីលំនៅ នៅក្រុងបានលុង ទីរួមខេត្តរតនគិរី។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ និនអាចទំនាក់ទំនង មន្រ្តីអាជ្ញាធរតំបន់ នៃខេត្តរតនគីរី ដើម្បីសុំការបកស្រាយ ជុំវិញការលង់ទឹកស្លាប់ របស់ក្មេងប្រុសជំទង់ទាំងពីរ បាននៅឡើយ មកទល់ពេលនេះ។
ដោយឡែក នៅឯខេត្តខេត្តមណ្ឌលគិរីឯណោះវិញ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះ ក៏មានក្មេងប្រុសស្រីជំទង់ពីរនាក់ ដែលជាបងប្អូនបង្កើត ក៏ ត្រូវបានបាត់បង់ជីវិត ដោយសាលង់ទឹក ខណៈពួកគេបានលេងទឹកកំសាន្ត នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា នាវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ម្សិលម៉ិញ នាភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រា ខេត្តមណ្ឌលគីរី។
ជនរងគ្រោះទាំងពីរ ដែលជាបងប្អូនបង្កើតនោះ មានឈ្មោះ ពិសិទ្ធ អាយុ ១៣ឆ្នាំជាបងប្រុស និងក្មេងស្រីដែលជាប្អូនឈ្មោះ នីតា អាយុ ១០ឆ្នាំ។ ជនរងគ្រោះទាំងពីរ និងគ្រួសារ ជាអ្នករស់នៅក្នុងខេត្តរតនគីរី៕