អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានក្លាយជាក្រុមដំបូងគេ ដែលបានឡើងទៅប្រកួត​ផ្ដាច់ព្រ័ត្រ សម្រាប់ ព្រឹត្តិការណ៍ «អ៊ឺរ៉ូ២០១៦» នេះ បន្ទាប់ពីបានទម្លាក់ក្រុម វៀល្ស៍ (Wales) ដោយរកគ្រាប់បាល់បានពីគ្រាប់ នៅក្នុងរយៈ​ពេល​តែ​បី​នាទី​ប៉ុណ្ណោះ នៅយប់ថ្ងៃទី៦ ខែកក្កដានេះ។ ក្រុមព័រទុយហ្គាល់ នឹងត្រូវរងចាំការ​ប្រកួត​រវាង ក្រុមបារាំង និងអាល្លឺម៉ង់ នាយប់ស្អែកនេះទៀត ដើម្បីដឹងថាតើគូប្រជែងរបស់ខ្លួន នៅវគ្គផ្ដាច់​ព្រ័ត្រ​ជា​នរណា។
អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ
កីឡាករអន្តរជាតិល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ លើកដៃឡើងបង្ហាញពីជ័យជំនះរបស់ខ្លួន។ (រូបថត UEFA)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៦ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 06, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ទឹកដី​នៅ​ភាគ​ខាងលិច នៃចក្រភពអង់គ្លេស) ក្នុង​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនបានរងចាំរហូតដល់១២០នាទី នៃការប្រកួត ដូច​ការ​ប្រកួត​មុនៗ នៃ«អ៊ឺរ៉ូ២០១៦»នោះទេ។ ផ្ទុយទៅវិញ ក្រុមព័រទុយហ្គាល់​បានរកឱកាសរវាងគ្នា តែ​៣នាទី​ប៉ុណ្ណោះ ដើម្បីរកបានគ្រាប់បាល់​ដល់ទៅ២គ្រាប់ នៅពេលចាប់ផ្ដើម​ពាក់កណ្ដាល​ម៉ោង​ទីពីរ។

គ្រាប់បាល់ដំបូង នៅនាទីទី៥០ ជារបស់កីឡាករអន្តរជាតិល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានទទួលបាល់​ទាត់ចេញពីចំហៀង មុននឹងប្រើក្បាលរបស់ខ្លួន បុកបាល់នេះ​ចូលក្នុង​សំណាញ់​​ទី​​របស់​ក្រុម វៀល្ស៍ ដូចបំណង (១-០)។​ នៅបីនាទីក្រោយមក កីឡាករម្ចាស់បាល់មាសបីជំនាន់ រ៉ូណាល់ដូ ដដែល​​ បាន​បញ្ជូន​បាល់រាបផ្ទាល់ដី មកចំកណ្ដាលទីលាន ដើម្បីឲ្យកីឡាកររួមជាតិ ឈ្មោះ ណានី (Nani) ផ្ដួល​ខ្លួន​យក​ជើង​ទៅ​ឆ្កឹះ​បាល់ បញ្ចូលទីក្រុមវៀល្ស៍ បានមួយគ្រាប់ទៀត (២-០)។

កីឡាករ រ៉ូណាល់ដូ បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេ ដល់ទៅ៩គ្រាប់ នៅក្នុងប្រវត្តិ​ប្រកួត​ដណ្ដើម​ជើងឯកអ៊ឺរ៉ុប ស្មើនឹងអតីតកីឡាករបារាំង មីឆែល ផ្លាទីនី (Michel Platini) កាលពីប៉ុន្មាន​សិប​ឆ្នាំ​មុន។ ៩គ្រាប់នេះ រាប់​តាំង​ពីវគ្គជម្រុះ នៅតាមតំបន់នោះផង។ តែសម្រាប់ព្រឹត្តិការណ៍ «អ៊ឹរ៉ូ២០១៦» ក្នុង​ប្រទេស​បារាំង​នេះ កីឡាករ រ៉ូណាល់ដូ រកគ្រាប់បាល់បាន ត្រឹមតែ៣គ្រាប់ប៉ុណ្ណោះ។

នៅចំពោះក្រុមព័រទុយហ្គាល់ ដែលមានបច្ចេកទេសលេងជាក្រុម​បានប្រសើរជាងនេះ ក្រុមវៀល្ស៍ឯណោះ​វិញ មិន​មានដំណោះស្រាយច្រើនប៉ុន្មាន ដើម្បីនាំបាល់របស់ខ្លួន ចូលទៅកៀកទី របស់ក្រុមព័រទុយហ្គាល់​នោះ​ឡើយ។ គេ​បាន​ឃើញ​កីឡាករអន្តរជាតិ ហ្គារ៉េត បាល់ (Gareth Bale) បានទាត់បាល់ពីចំងាយ (ជាង២៥ -​៣០ម៉ែត្រ) បានចំទិសដៅល្អ តែតែងត្រូវកីឡាករចាំទី របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ទះចេញ និង​ចាប់​ជាប់​ជា​និច្ច។

ក្រុមព័រទុយហ្គាល់ នឹងត្រូវរងចាំជំនួបរវាងក្រុមមាន់គក បារាំង និងក្រុមឥន្ទ្រីយ៍ដែក អាល្លឺម៉ង់ នៅថ្ងៃស្អែក​នេះ​សិន ដើម្បីដឹងថា តើនរណានឹងត្រូវឡើងទៅជួបខ្លួន សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមពានជើងឯក នៃ​ក្រុម​ជម្រើស​ជាតិ​អ៊ឺរ៉ុប នៅថ្ងៃអាទិត្យទី១០ ខែកក្ដដា ឆ្នាំ២០១៦ ខាងមុខ នាកីឡាដ្ឋានធំរបស់បារាំង ឈ្មោះ «Stade de France (ខាងជើងជាប់រដ្ឋធានីប៉ារីស)»៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...