ស្ថានទូតបារាំងប្រារព្ធធ្វើទិវាស្រាវជ្រាវលើកដំបូងនៅកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មីនា ២០១៨
- កែប្រែចុងក្រោយ: March 29, 2018
- ប្រធានបទ: ស្រាវជ្រាវអប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានទិសដៅ ក្នុងការជំរុញឱ្យនិស្សិត-សាស្ត្រាចារ្យកម្ពុជា ងាកមកផ្តោតការយកចិត្តទុកដាក់ ទៅលើការស្រាវជា្រវ ដើម្បីអភិវឌ្ឍប្រទេសជាតិ ទិវាស្រាវជ្រាវ បារាំង-កម្ពុជា នឹងបង្កើតឱកាស នៃការជួបជុំគ្នា និងចងក្រងបណ្តាញ រវាងតួអង្គមកពីគ្រប់មជ្ឈដ្ឋាន ដូចជានិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន ក្រុមហ៊ុន... ។ ទិវានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៩ ខែមីនានេះ និងថ្ងៃស្អែក ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ពិធីបើកទិវានេះជាផ្លូវការ ត្រូវបានធ្វើឡើង ក្នុងព្រឹកថ្ងៃ២៩ ខែមីនានេះ ក្រោមវត្តមានរបស់អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងអាជ្ញាធរកម្ពុជាជាច្រើនរូប។
សេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយ:ព្រឹត្តិការណ៍ខាងលើ សាធារណជនអាចស្វែងយល់ផងដែរ អំពីគម្រោងស្រាវជ្រាវនៅកម្ពុជា ធ្វើឡើងដោយស្ថាប័នបារាំង ដោយសហការជាមួយដៃគូកម្ពុជា និងអន្តរជាតិ។ នៅក្នុងទិវាស្រាវជ្រាវនេះ មានការពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា លើប្រធានបទ និងបញ្ហាប្រឈមនានា នៅក្នុងការងារស្រាវជ្រាវ ក៏ដូចជាសារសំខាន់ នៃការស្រាវជ្រាវ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ស្ថានទូតបារាំង បានឲ្យដឹងទៀតថា មនុស្សប្រមាណ៣០០នាក់ បានចុះឈ្មោះចូលរួមក្នុងទិវានេះ ហើយកម្មវិធីជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយ តម្លៃការងារស្រាវជ្រាវ និងគម្រោង ដែលមានលក្ខណៈបង្កើតថ្មី របស់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេង នៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា៖ «គម្រោងបង្កើតថ្មី របស់ពួកគេ ក៏ត្រូវដាក់តាំងបង្ហាញ នៅតាមស្តង់នានាផងដែរ។ ចំណែកឯសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ក៏ដាក់បង្ហាញស្នាដៃ និងសកម្មភាពរបស់ខ្លួន នៅតាមស្តង់ប្រមាណ៣០ផ្សេងទៀត។»។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងក្របខ័ណ្ឌនៃកម្មវិធីបារាំង២សប្តាហ៍ នៅភ្នំពេញ ដោយស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា ក្នុងគោលបំណងលើកស្ទួយការងារស្រាវជ្រាវ និងអាជីពវិទ្យាសាស្រ្តនៅកម្ពុជា។