«ខ្ញុំត្រូវបក្សពួក ហ៊ុន ម៉ាណែត ចាប់បោះទៅក្រៅភោជនីយដ្ឋាន»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៧ មេសា ២០១៦
- កែប្រែចុងក្រោយ: April 17, 2016
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«គឺជារឿងមួយ ក្នុងចំណោមរឿងដ៏គួរឲ្យតក់ស្លុតជាងគេទាំងអស់ ដែលខ្ញុំមិនដែលជួបប្រទះពីមុនមក» នេះជាការថ្លែង របស់លោក ផូល ហាយ៉េស (Paul Hayes) ពីមន្ទីរពេទ្យដែលលោកកំពុងសម្រាកព្យាបាល ប្រាប់សាព័ត៌មានមួយ ចេញផ្សាយជាភាសាអង់គ្លេស ក្នុងប្រទេសកម្ពុជាឈ្មោះ «The Cambodia Daily»។ លោក ហាយ៉េស ដែលជាមន្ត្រីស្មៀនឯកជន ទទួលបន្ទុកយកដីការកោះ របស់តុលាការអាមេរិក ទៅឲ្យភាគីចុងចោទ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកបានព្យាយាម ហុចដីការតុលាការនោះ ទៅឲ្យលោក ហ៊ុន ម៉ាណែត នៅក្នុងភោជនីយដ្ឋានឡាលីន (La Lune) នាក្រុង ឡុងប៊ិច (Long Beach ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក)។
លោក ផូល ហាយ៉េស បានរំលឹកប្រាប់សារព័ត៌មានថា លោកបានទៅដល់ភោជនីយដ្ឋាននោះ កាលពីថ្ងៃសៅរ៍ទី៩ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង៥ល្ងាច ដើម្បីរង់ចាំជាការមកដល់ របស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលគ្រោងមកទទួលទានអាហារ នាវេលាម៉ោង៦ល្ងាច ជាមួយអ្នកគាំទ្រ។ នៅក្នុងវេលារង់ចាំ លោកបានបង្ហាញខ្លួន និងពីតួនាទីរបស់លោក ប្រាប់ទៅភ្នាក់ងារនគរបាល ដែលមានវត្តមាននៅទីនោះថា លោកគ្រាន់តែចង់ជូន«ដីការកោះ» ទៅឲ្យលោក ហ៊ុន ម៉ាណែត ហើយប្រាប់ឲ្យនគរបាលជឿថា លោកមិនមានបំណងបំពាន ទៅលើកូននាយករដ្ឋមន្ត្រីកម្ពុជានោះទេ។
ក្រោយពេលលោក ហ៊ុន ម៉ាណែត មកដល់ លោក ហាយ៉េស បានត្រៀមខ្លួន ដើម្បីបំពេញការងាររបស់លោក។ មន្ត្រីស្មៀនឯកជនរូបនេះ បានរៀបរាប់បន្តថា៖ «អ្នកបម្រើការជាតិខ្មែរម្នាក់ បានយកលិខិតសម្គាល់ខ្លួនខ្ញុំ ទៅបង្ហាញ"មេ"របស់គេ ហើយបាននិយាយថា គាត់"OK"ហើយ។ (...) នៅពេលដែលខ្ញុំនៅចំងាយ ១០ជំហាន ពីឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានមនុស្សស្លៀកពាក់ឯកសណ្ឋាន (ទំនងជាអង្គរក្ស) ជាច្រើននាក់ នៅចន្លោះរវាងពីខ្ញុំ ទៅលោកឧត្ដមសេនីយ៍ ហើយពេលនោះ ខ្ញុំបានស្រែកហៅលោក ម៉ាណែត។»
លោក ហាយ៉េស បានបន្តទៀតថា សាក្សីទាំងឡាយ ដែលនៅក្នុងហេតុការណ៍ ប្រាកដជាឃើញរឿងនេះ បានច្បាស់ជាងលោក ដោយសារតែជនម្នាក់នោះ បានចាប់លើកលោកពីក្រោយខ្នង ហើយបោះលោកទៅលើថ្មខាងក្រោយ។ លោកបានថ្លែងថា៖ «ខ្ញុំបានដួលត្រូវក្បាល»។
» ទិដ្ឋភាពដេកដួល របស់លោក ហាយ៉េស នៅលើចំណតរថយន្ដ ដែលត្រូវបានថត យកមកផ្សាយនៅតាមបណ្ដាញសង្គម៖
អាចធ្វើឲ្យពិការ...
អ្វីដែលលោកបានដឹងបន្តមកទៀត គឺលោកបានដឹងខ្លួនឡើង ទាំងខ្លួននៅដេកដួល នៅលើចំណតរថយន្ដ ជាមួយនឹងការចុកចាប់យ៉ាងខ្លាំង។ ក្នុងរយៈពេល៣០វិនាទីនោះ លោកមិនអាចកម្រើក ដៃជើងបានទាំងអស់ រហូតដល់រថយន្ដសង្គោះមួយ បាននាំលោកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ គ្រូពេទ្យបាននិយាយប្រាប់លោកថា លោកត្រូវសម្រាក នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងការព្យាបាលដ៏ដិតដល់មួយ សម្រាប់រយៈពេល ពី៣ទៅ៥ថ្ងៃ ព្រោះស្ថានភាពគ្រោះថ្នាក់របស់លោក មានសភាពធ្ងន់ធ្ងរ ជាងអ្វីដែលលោកបានគិតទៅទៀត ហើយអាចធ្វើឲ្យលោកពិការ។
បុរសចំណាស់ បានបន្តទៀតថា៖ «គ្រូពេទ្យបាននិយាយថា ស្ថានភាពជំងឺខ្ញុំ ដែលល្អបំផុត គឺនៅពេលដែលខ្ញុំនៅមានអារម្មណ៍ ថាឈឺចុកចាប់។ រឿងនេះ ធ្វើឲ្យខ្ញុំភ័យមែនទែន ដោយសារការឈឺចុកចាប់ បានកើតឡើងខ្លាំងណាស់ រវាងពីទ្រូងទៅដល់គល់ក បន្ទាប់ពីអាការៈមួយ ដែលដូចគេឆក់ចរន្ដអគ្គិសនី។»
លោក ផូល ហាយ៉េស នៅមិនទាន់សម្រេចប្ដឹងលោក ហ៊ុន ម៉ាណែត នៅឡើយ មកទល់នឹងពេលផ្ដល់កិច្ចសម្ភាស ឲ្យមកសារព័ត៌មាន ក្នុងថ្ងៃព្រហស្បត្តិ៍មកន្លងមកនេះ ដោយលោកអះអាងថា ចង់គិតពីសុខភាពរបស់លោក ជាមុនសិន។ ប៉ុន្តែលោកមេធាវី មូ័រតុន ក្លារ (Morton Sklar) ដែលការពារក្ដីឲ្យអ្នកស្រី មាជ ចេមី ភរិយាលោក មាជ សុវណ្ណារា (មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារ ព្រៃស នៅកម្ពុជា) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោក ហាយ៉េស បានយល់ព្រមឲ្យអាជ្ញាធរក្រុង ឡូសអែនជឺឡេស បើកសំនុំរឿង ដែលមានទាំងការស៊ើបអង្កេត ទាំងការចោទប្រកាន់ ទៅលើជនដែលបានវាយដុំ ទៅលើខ្លួនលោកនោះហើយ។
លោកមេធាវី ម័រតុន ក្លារ បាននិយាយថា៖ «អ្វីដែលបានកើតឡើង ចំពោះលោក ផូល ហាយ៉េស ជាទម្រង់បែបផែន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើសព្វថ្ងៃ»។
«ប្រហែលដួលខ្លួនឯង...»
ចំពោះលោក ហ៊ុន ម៉ាណែត វិញ នៅមិនទាន់បញ្ចេញប្រតិកម្មអ្វី ជុំវិញបញ្ហានេះនៅឡើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងដាក់ការទទួលខុសត្រូវ ទៅលើលោក ផូល ហាយ៉េស វិញ ដោយចាត់ទុកលោក ហាយ៉េស ថាជាអ្នកបង្កើតសាច់រឿងនេះឡើង។ លោក ស៊ីផាន បានថ្លែងថា៖ «បើតាមមនុស្សជាច្រើន ដែលនិយាយប្រាប់ខ្ញុំ គឺបុរសនេះ (លោក ផូល ហាយ៉េស) បានព្យាយាមវាយប្រហារ ទៅលើលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែអង្គរក្សម្នាក់ បានបំបែកគាត់ ដោយបានបាញ់ស្ព្រៃម្យ៉ាង (ធ្វើឲ្យចេញទឹកភ្នែក) ទៅលើគាត់។ បន្ទាប់មក បុរសនេះបានចោទគេឯង ថាបានវាយគាត់។»
ប៉ុន្តែនៅពេលអ្នកសារព័ត៌មាន សួរលោក ស៊ីផាន បន្ថែម ទាក់ទងនឹងរបួសធ្ងន់ធ្ងរ របស់លោក ផូល ហាយ៉េស នោះ អ្នកនាំពាក្យរូបនេះ បានឆ្លើយបដិសេធ ថាលោកមិនបានដឹងរឿងនេះទេ។ លោក ស៊ីផាន គ្រាន់តែនិយាយថា៖ «ប្រហែលជាគាត់ដួលខ្លួនឯង»៕