គំរាម​ទម្លាយ​សម្លេង​ក្នុង​តុ​ចរចារ ជា​សំដី​«ព្យុះក្នុង​ក្អម»​របស់ ហ៊ុន សែន?

តើក្រោយការគម្រាមរបស់លោក ហ៊ុន សែន ថានឹងចាក់ផ្សាយកិច្ចសន្ទនា«សម្ងាត់» នៅក្នុងតុចរចារវាង​មេដឹកនាំ​កំពូលនៃគណបក្សទាំងពីរ នឹងត្រូវធ្វើនៅពេលណា? ការគម្រាមដែលលោក ហ៊ុន សែន បានបាញ់ឆ្ពោះសំដៅគូរ​បដិបក្ខរបស់លោក មិនតិចជាងពីរដងនោះទេ។ តែរហូតមកដល់ម៉ោងនេះ តើការគម្រាមរបស់បុរសខ្លាំង គ្រាន់តែ​ជា«ព្យុះក្នុងក្អម» ឬយ៉ាងណា?
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើក្រោយការគម្រាមរបស់លោក ហ៊ុន សែន ថានឹងចាក់ផ្សាយកិច្ចសន្ទនា«សម្ងាត់» នៅក្នុងតុចរចារវាង​មេដឹកនាំ​កំពូលនៃគណបក្សទាំងពីរ នឹងត្រូវធ្វើនៅពេលណា? ការគម្រាមដែលលោក ហ៊ុន សែន បានបាញ់ឆ្ពោះសំដៅគូរ​បដិបក្ខរបស់លោក មិនតិចជាងពីរដងនោះទេ។ តែរហូតមកដល់ម៉ោងនេះ តើការគម្រាមរបស់បុរសខ្លាំង គ្រាន់តែ​ជា«ព្យុះក្នុងក្អម» ឬយ៉ាងណា?


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - តើអ្វីដែលជាអាថ៌កំបាំងនៃកិច្ចចរចាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ រវាងមេដឹកនាំកំពូលៗ​របស់​គណបក្សទាំងពីរ ត្រូវស្ថិតនៅជាការសម្ងាត់ ឬត្រូវស្ថិតជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន សម្រាប់​យក​មក​គម្រាម​មេដឹកនាំគណបក្សសង្គ្រោះជាតិរហូត ឬយ៉ាងណា? បើអ្នកសារព័ត៌មានមិនភ្លេចទេ ការថ្លែងគម្រាម​យកកិច្ច​សន្ទនា​នៃការចរចានោះមកចាក់ផ្សាយ ជាសាធារណៈ ត្រូវបានលោកនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើដល់ទៅពីរ​ដងរួច​មក​ហើយ។

នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ព្រមានក្រុមប្រឆាំង ថា​នឹង​ទម្លាយ​ឯកសារ​ខ្សែអាត់​សំឡេង​ក្នុង​តុ​ចរចារ​ថ្ងៃទី១៧ ខែកញ្ញា នោះ ដើម្បី​ឲ្យ​គេ​ដឹងថា លោក សម រង្ស៊ី និយាយ​យ៉ាងដូចម្ដេច ខាងក្នុងនិងខាងក្រៅ? ឯកសារខ្សែអាត់សម្លេង ដែលបុរសខ្លាំងរបស់ប្រទេសកម្ពុជា បានបង្ហើប​ពីក្នុង​កិច្ចចរចានោះ ថាលោក សម រង្ស៊ី បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ព្រមទាំងទទួលស្គាល់​រូបលោកជា​នាយករដ្ឋមន្ត្រី ជាថ្នូរនឹងតំណែងប្រធានរដ្ឋសភាទៅឲ្យគណបក្សសង្គ្រោះជាតិ។

ការគម្រាមជាលើកទីមួយ ឆ្ពោះទៅបង្ហោះកិច្ចសន្ទនានៃការចរចានោះ ត្រូវបានគេដឹងថា លោក ហ៊ុន សែន ធ្វើឡើង​ដើម្បីទប់ស្កាត់កុំឲ្យមានមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រព្រឹត្តិទៅបាន ឬយ៉ាងហោចណាស់ ក៏មាន​បំណងចង់ទប់ចរន្ដការគាំទ្រមេដឹកនាំប្រឆាំង កុំឲ្យមកចូលរួមធ្វើបាតុកម្មនោះ។ ប៉ុន្តែការគម្រាមនោះ មិនត្រូវបាន​ឃើញធ្វើឲ្យចេញជារូបរាងនោះទេ រហូតមកដល់ថ្ងៃទី២០ ខែមករា នៅខេត្តក្រចេះ ខណៈពេលលោក ហ៊ុន សែន បានទៅសម្ពោធដំណើរការភូមិកុមារសាខាទីប្រាំបួន អេស អូ អេស(SOS) នៅទីនោះ។

មិនខុសពីលើក​ទីមួយទេ លោក ហ៊ុន សែន ដែលពូកែវោហាស័ព្ទស្រាប់ បាននិយាយគម្រាមដដែលឡើងវិញ ថាបើ​គណបក្សសង្គ្រោះជាតិ មិនព្រមអនុវត្តទៅតាមកិច្ចចរចារបីចំណុច នៃជំនួបកំពូលក្នុងមន្ទីរដ្ឋសភាកាលពីថ្ងៃទី១៧ ខែកញ្ញា ក្នុងពេលកន្លងមកទេ លោកនឹងធ្វើការចាក់ផ្សាយកិច្ចសន្ទនានៃការចរចានោះឡើងវិញ។ លោកបានរំលឹក​មកវិញ នូវការទាមទាររបស់មេដឹកនាំគណបក្សប្រឆាំង រួមមានតំណែងជាប្រធាន«រដ្ឋសភា» និងក្នុងគណៈអចិន្ត្រៃយ៍​រដ្ឋសភាឲ្យមានភាពស្មើគ្នា ជាថ្នូទៅនឹង«សម្បទាន»បីចំណុច៖  «ទីមួយឈប់ទាមទាបង្កើតគណកម្មការ​ឯករាជ្យ​ស្វែងរកការពិត។ ទីពីរទទួលស្គាល់លទ្ធផល៦៨-៥៥។ ទីបីគាំទ្រសម្តេចធ្វើនាយករដ្ឋមន្រ្តី។»

លោក​នាយករដ្ឋមន្ត្រី បានគម្រាមដោយសម្ដីខ្លាំងៗ ថា៖ «ចំណុចទាំងអស់នៃកិច្ចប្រជុំនោះ មានក្នុងកំណត់​ហេតុ​ចរចា​ត្រឹមត្រូវ។ (...) បើចង់សាកលមើល បង្ហោះទាំងសម្លេង បង្ហោះទាំងអាស្អីៗហ្នឹង។»

ជាលទ្ធផលសម្រាប់អ្នកដែលទន្ទឹងរងចាំ ខ្សែអាត់សម្លេងសម្ងាត់របស់លោក ហ៊ុន សែន ទំនងជាបានត្រឹមតែក្ដីអស់​សង្ឃឹម​ប៉ុណ្ណោះ ព្រោះបើតាមលោក យ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី៥ ខែកុម្ភះថា ជាការ«បំភ្លើស» ព្រោះរាល់កិច្ចប្រជុំពិភាក្សា មិនត្រូវមានអ្វីជាអាថ៌កំបាំង​នោះ​ទេ។ តែផ្ទុយទៅវិញ មន្ត្រីអ្នកនាំពាក្យរូបនេះ បានអះអាងថា កិច្ចព្រមព្រៀងទាំងបីចំណុច ដែលត្រូវបានចុះហត្ថលេខា​ដោយលោកហ៊ុន សែន និងលោកសម រង្ស៊ី នៅពេលនោះ រួមមាន ទីមួយមិនប្រើហិង្សាក្នុងការបង្ក្រាបបាតុកម្ម ទីពីរ​មានកំណែទម្រង់កិច្ចការបោះឆ្នោតនាពេលខាងមុខ និងទីបី​ឯកភាពគ្នាដើរតាម​ព្រះរាជតម្រិះរបស់​ព្រះមហាក្សត្រ។

លោក យ៉ែម បុញ្ញារិទ្ធិ បានឲ្យដឹងទៀតថា នៅក្នុងការចរចាថ្ងៃទី ១៦-១៧ ខែកញ្ញានោះ មានការជជែកគ្នានូវ​ចំណុច​ផ្សេងទៀត តែមិនទាន់មានការឯកភាពគ្នានៅឡើយ។ តែយ៉ាងណាក៏ដោយ ក៏លោកទទួលស្គាល់ថា គណបក្ស​លោក​ចង់ឲ្យមានតុល្យភាពអំណាចក្នុងរដ្ឋសភា និងចង់ផ្តាច់អំណាចគ្រប់គ្រងឲ្យដាច់ពីគ្នា រវាងអង្គការនីតិបញ្ញតិ និងអង្គការ​នីតិប្រតិបត្តិ។

រីឯលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានឆ្លើយតបទៅនឹងការគម្រាមរបស់លោក ហ៊ុន សែន ដែរថា បើចង់ចាក់ផ្សាយ ត្រូវចាក់​ផ្សាយទាំងអស់កុំយកមកកាត់ផ្សាយតែមួយផ្នែក ឬយកសម្លេងទាំងនោះយក​ទៅ​«កាត់ត»តម្លើងទៅឆាកឈុតមួយនោះ។

ទោះខ្លឹមសារនៃការចរចាថ្ងៃទី១៦-១៧ ខែកញ្ញា មានរូបរាងយ៉ាងណាក៏ដោយចុះ ក៏រហូតមកដល់នឹងម៉ោងនេះ គេនៅ​មិនទាន់ឭសម្លេង ឬស្រមោលនៃខ្សែអាត់សម្លេងនោះ ត្រូវបានគេយកមកផ្សព្វផ្សាយជាសាធារណៈនៅឡើយ។ ប៉ុន្តែ​អ្នកតាមដានសភាពការនយោបាយកម្ពុជា បាននិយាយថា  បើយោងទៅលើចរិកនយោបាយរបស់បុរសខ្លាំងលោក ហ៊ុន សែន នោះ ការគម្រាមនេះអាចគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។ ព្រោះបើមានឱកាសមែននោះ លោក ហ៊ុន សែន នឹងមិនទុកឲ្យវាកន្លងទៅហួស ឲ្យខុសពីសម្ដី«ខ្លាំង»របស់លោកនោះទេ។

បើអញ្ចឹងទៅវិញទេ ការគម្រាមរបស់លោកនាយករដ្ឋមន្ត្រីកាន់អំណាចជិត៣០ឆ្នាំ ទំនងបានត្រឹម​តែជា«ព្យុះក្នុងក្អម»​ប៉ុណ្ណោះ។ «ព្យុះក្នុងក្អម» ជាពាក្យដែលខ្លួនលោកផ្ទាល់បានបង្កើតឡើង និងធ្លាប់​បានប្រើ យកទៅវាយប្រហារ​លើ​ក្រុមប្រឆាំងមិនតិចដងទេ នៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...