ក្រុមអ្នកតវ៉ាថា តុលាការកម្ពុជាខ្សោយ
បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងក្រុមសកម្មជនទាមទារតវ៉ាជាច្រើន បានប្រតិកម្មទៅនឹងការកាត់ទោស របស់សាលាដំបូងរាជធានី ទៅលើជនជាប់ចោទទាំង២៣នាក់ ដោយបានដាក់ការទទួលខុសត្រូវទៅលើ ភាពលំអៀងរបស់តុលាការមួយនេះ។
ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)
សិទ្ធិ - សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នេះ បានបើកសវនាការកាត់ទោស ជនទាំង២៣នាក់ ទាំងប្រទាំងប្រទើស ជាមួយនឹងការបិទផ្លូវគ្រប់ច្រក ក៏ព្រោះតែមានសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករច្រើនរយនាក់បានព្យាយាម ទៅកាន់មុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការដោះលែងជនទាំង២៣នាក់នោះ។
លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ ដែលបានចូលរួមទាមទារឲ្យមាន ការដោះលែងជនទាំង២៣នាក់ នៅក្បែរសាលាតំបូងរាជធានីភ្នំពេញ បានថ្លែងប្រតិកម្មទៅនឹងការកាត់ទោសនេះថា៖ «ច្បាប់និងរដ្ឋធម្មនុញ្ញ បានកំណត់ហើយថាសវនាការ ត្រូវធ្វើឡើងជាសាធារណៈ តែឥឡូវគេបានបិទផ្លូវទាំងអស់ នេះជាការបង្ហាញឲ្យសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា តុលាការកម្ពុជាខ្សោយ និងគ្មានភាពយុត្តិធម៌»។
អស់រយៈពេលជាង៣ខែមកហើយដែលលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្ស២២នាក់ទៀត ត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម បើគិតពីពេលចាប់ខ្លួនរហូតមកដល់ថ្ងៃបើកសវនាការទី២៥មេសា។សវនាការថ្ងៃទី២៥មេសានេះ ដែលត្រូវបានគេមើលឃើញ ថាមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ មន្រ្តីសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងគណបក្សជំទាស់ ចំពោះសំណុំរឿងដ៏ចម្រូងចម្រាសនេះ។
ក្រុមអ្នកគាំទ្រដែលរួមមាន ក្រុមសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ ក្រុមកម្មករ ក្រុមអ្នកមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅភ្នំពេញ បុរីកីឡា បឹងកក់ ថ្មគោលជាដើម ដែលសរុបទៅប្រមាណជាជាងមួយពាន់នាក់ បាននាំគ្នាមកតវ៉ា ដើម្បីទាមទារឲ្យមានការដោះលែង លោកវន់ ពៅ និងមនុស្ស២២នាក់ផ្សេងទៀត។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានសង្ឃដីការរិះគន់ថា៖ «ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ជាមនុស្សអាក្រក់ ដែលមិនអាចការពារយុត្តិធម៌ ជូនខ្មែរអ្នកស្នេហាជាតិបាន។»
បើទោះជាមានគណបក្សជំទាស់ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានអះអាងថាជនទាំង២៣នាក់គ្នានទោស និងទទូចដល់តុលាការឲ្យដោះលែងលោកវន់ ពៅ និងជនទាំង២២នាក់ជាបន្តបន្ទាប់ ក៏ដោយ ក៏សមត្ថកិច្ច និងតុលាការកម្ពុជាដែលផ្អែកលើសំអាងច្បាប់ នៅតែបន្តឃុំខ្លួនលោកវន់ ពៅ និងជនទាំង២០នាក់ រហូតដល់ថ្ងៃបើកសវនាការនេះ។
គួររម្លឹកថាលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ២២នាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ចចម្រុះ នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ ១៦០ដុល្លារ កាលពីដើមខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៤