គេហទំព័ររដ្ឋាភិបាលដំបូងគេចំនួនពីរ រងការវាយប្រហារពីក្រុមអនាមិក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ គេហទំព័ររបស់រដ្ឋាភិបាលចំនួនពីរ បានរងការវាយប្រហារពីក្រុមហេកឃើ អនាមិក (Anonymous) បន្ទាប់ពីក្រុមនេះបានប្រកាសសង្គ្រាមវាយប្រហារសងសឹក ប្រឆាំងរដ្ឋាភិបាលដែលបានចាប់ខ្លួនយុវនិស្សិតពីររូប។ ទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះក្រុមហេកឃើ អនាមិកកម្ពុជា (Anonymous Cambodia)បានចាត់ទុកជនសង្ស័យទាំងពីរ ថាជាសមាជិករបស់ពួកគេ ហើយថានឹងធ្វើសកម្មភាពឲ្យបានខ្លាំងជាងមុន ប្រឆាំងរដ្ឋាភិបាលកម្ពុជា។
រូបផ្ដិតពីអេក្រង់របស់គេហទំព័រ ដែលត្រូវបានប្ដូរទិន្នន័យដោយក្រុមហេកឃើរអនាមិក។
បច្ចេកវិទ្យា - គេហទំព័ររដ្ឋាភិបាលដំបូងគេ ដែលត្រូវបានក្រុមអនាមិកធ្វើការវាយប្រហារ មានគេហទំព័ររបស់សាលាខេត្តសៀមរាប (ចាប់ពីម៉ោង១០យប់ថ្ងៃទី២៤ ខែមេសា) និងគេហទំព័រកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ចាប់ពីម៉ោង១១កន្លះយប់ថ្ងៃទី២៤ ខែមេសា)។ គេហទំព័រក្មេងវ័យទាំងពីរ ដែលមិនសូវជាមានការចាប់អារម្មណ៍ប៉ុន្មាន ពីអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណែតនោះ ត្រូវបានក្រុមហេកឃើអនាមិក ផ្លាស់ប្ដូរទិដ្ឋភាពដើមរបស់គេហទំព័រ ឬក៏បើកលែងឃើញតែម្ដង ដូចជាករណីរបស់គេហទំព័រកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។
នៅក្នុងហេតុការណ៍មួយទៀត និងបន្ទាប់ពីបានគម្រាមនៅរសៀលថ្ងៃទី២៤ ខែមេសាថា គេហទំព័រអគ្គស្នងការនគរបាលជាតិ នឹងត្រូវក្លាយជាទិសដៅវាយប្រហាររបស់ក្រុមអនាមិកដែរនោះ នៅយប់វេលាម៉ោង៧ថ្ងៃដដែល គេហទំព័រនេះ បានជួបការរអាក់រអួលក្នុងមួយរយៈពេលខ្លី ដោយបណ្ដាអ្នកចូលទៅទស្សនាបើកគេហទំព័រ ឃើញចេញអេក្រង់សទទេស្អាតមួយ។ ប៉ុន្តែក្រុមអនាមិក បានប្រកាសនៅលើទំព័រហ្វេសប៊ុកដែលទើបនឹងបើកថ្មីរបស់ពួកគេថា គេហទំព័រអគ្គស្នងការនគរបាលជាតិ ជាទិសដៅក្នុងពេលអនាគត តែសម្រាប់ពេលនេះ ការលើកឡើងនេះ គ្រាន់តែជាការព្រមានបង្វែងដានមួយប៉ុណ្ណោះ។
ក្រុមហេកឃើអនាមិក ជាក្រុមវាយប្រហារប្រព័ន្ធបច្ចេកវិទ្យាមួយ ដែលលាក់មុខនៅពីក្រោយម៉ាស៊ីនកំព្យូទ័រ។ ក្រុមដែលតែងប្រកាសពីបុព្វហេតុរបស់ពួកគេនេះ សុទ្ធសឹងតែមានជំនាញខាងវាយប្រហារខាងបច្ចេកវិទ្យា សព្វគ្រប់បែបយ៉ាង មិនរាប់ត្រឹមតែជាជំនាញ«ហេក»គេហទំព័រនោះទេ ហើយពួកគេមានបណ្ដាញសឹងតែនៅគ្រប់ប្រទេស ក្នុងពិភពលោកទាំងមូល។ រីឯក្រុមអនាមិកនៅកម្ពុជាត្រូវបានគេដឹងថា ទើបនឹងចាប់ផ្ដើមមានរូបរាង នៅមុនការបោះឆ្នោតឆ្នាំ២០១៣កន្លងទៅបន្តិច។ ក្រុមនេះ បានប្រកាសថា បុព្វហេតុរបស់ពួកគេគឺប្រឆាំងនឹងរដ្ឋាភិបាលពុករលួយ ដើម្បីលទ្ធិប្រជាធិបតិយ្យជួនប្រជាជនខ្មែរគ្រប់រូប។
នៅរាល់កិច្ចការរបស់ក្រុមអនាមិក ពួកគេតែងនិយាយភ្ជាប់មកជាមួយ នូវឃ្លាដូចនេះថា «យើងជាក្រុមជនអនាមិក យើងមិនអភ័យទោស យើងមិនបំភ្លេចចោល សូមរំពឹងនូវការមកដល់របស់យើង»។ តែសម្រាប់ក្រុមអនាមិកកម្ពុជាវិញ បានសរសេរនូវឃ្លារបស់ខ្លួន ពីរៀងរាល់សកម្មរបស់ពួកគេ នៅលើទំព័រហ្វេសប៊ុករបស់គេ យ៉ាងដូច្នេះថា៖
«We are Anonymous.
ពួកពុករលួយខ្លាចយើង
ពួកស្មោះត្រង់គាំទ្រយើង
ពួកអ្នកតស៊ូចូលរួមជាមួយយើង
ពួកយើងមិនអភ័យទោស
ពួកយើងមិនបំភ្លេចចោល
អ្នកគួរតែរំពឹងនូវការមកដល់របស់ពួកយើង»។
ក្រុមនេះបានប្រកាសបើកការវាយប្រហាររបស់ពួកគេ ទៅលើបណ្ដាញបច្ចេកវិទ្យារបស់រដ្ឋាភិបាល បន្ទាប់ពីអាជ្ញាធរ គ្រប់គ្រងដោយរដ្ឋាភិបាលកាលពីដើមខែមេសានេះ បានឃាត់ខ្លួនយុវនិស្សិតពីរនាក់ ដែលត្រូវបានក្រុមដដែលនេះ អះអាងថាសមាជិកជនអនាមិករបស់ពួកគេ។ ពួកគេសរសេរនៅលើទំព័រហ្វេសប៊ុកនោះថា «អ្នកចាប់ពួកយើងត្រឹម២នាក់ ប៉ុន្តែពួកយើងនៅតែអាចបន្តការងាររបស់យើង ហើយនឹងចាប់ផ្តើមឲ្យខ្លាំងជាងមុន ១០ ដង ១០០០ ដង ១០០០០០ ដង គ្មានទីបញ្ចប់ចាប់ពីពេលនេះទៅ»។
មិនអាចទាក់ទងមន្ត្រីអ្នកទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា ដើម្បីធ្វើអត្ថាធិប្បាយក្នុងយប់នេះបានទេ។ ប៉ុន្តែអ្នកដែលតាមដាននឹងករណីនេះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងយ៉ាងប្រយ័ត្នប្រយែងថា នេះអាចជាកលល្បិចមួយ ដើម្បីឈានទៅដាក់ទោសជនសង្ស័យទាំងពីរនាក់ និងជាលេសដើម្បីឲ្យរដ្ឋាភិបាល បង្កើតបានដោយរលូន នូវច្បាប់ដាក់កំហិតទៅលើការប្រើប្រាសបណ្ដាញអ៊ិនធើណែត។ តែទោះជាមានច្បាប់គ្រប់គ្រង់បណ្ដាញអាំងធើណែត តឹងតែងយ៉ាងណា តែមិនប្រាកដថាគេអាចគ្រប់គ្រងបណ្ដាញ ជនហេកឃើអនាមិកទាំងនោះបានឡើយ រាប់ទាំងប្រទេសធំៗ ដែលមានបច្ចេកវិទ្យាជឿនលឿននោះក៏ដោយ។
សូមរំលឹកដែរថា គេហទំព័របស់រដ្ឋាភិបាល និងរបស់ស្ថាប័នមួយចំនួនទៀត ត្រូវបានទទួលការវាយប្រហារម្ដងហើយ នៅក្នុងរលកចលនាមួយប្រឆាំងនឹងកម្ពុជា របស់ក្រុមហេកឃើអនាមិក ហ្វីលីពីន បន្ទាប់ពីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានជាមួយចិន។ នៅពេលនោះ បណ្ដាប្រទេសដែលមានជម្លោះដែនសមុទ្រជាមួយនឹងចិន សម្ដែងការក្ដៅក្រេវក្រោបយ៉ាងខ្លាំង និងបានបន្ទោសពីអព្យាក្រិត្យភាពរបស់កម្ពុជា ដែលចេះតែលំអៀងទៅរកចិន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៤ មេសា ២០១៤