គ.ជ.ប និង​ក្រសួង​មហាផ្ទៃ៖ កន្ទុយ​សន្លឹក​មាន​ត្រា PEC អាច​បោះ​ឆ្នោត​បាន

គណៈកម្មការធិការជាតិ​រៀបចំ​ការ​បោះឆ្នោត និងក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំរួមគ្នា ដ៏ប្រថុចញ៉ុចមួយ នៅ​ថ្ងៃ​នេះ ដើម្បី​​«ជួយ​​សម្រួល» ដល់ពលរដ្ឋមានសិទ្ធិបោះឆ្នោតទាំងឡាយ ដែលគ្មានអត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ ឬមានអត្តសញ្ញាណបណ្ណបាត់ ឬខូច ដោយជំនួសឯកសារបញ្ជាក់អត្តសញ្ញាណទាំងនោះ ដោយនីតិវិធី​បន្ថែម​មួយ​ចំនួន ដូចមានសរសេរនៅផ្នែកខាងក្រោម។
គ.ជ.ប និង​ក្រសួង​មហាផ្ទៃ៖ កន្ទុយ​សន្លឹក​មាន​ត្រា PEC អាច​បោះ​ឆ្នោត​បាន
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មការធិការជាតិ​រៀបចំ​ការ​បោះឆ្នោត។ (រូបថត MONOROOM.info)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 01, 2017
  • ប្រធានបទ: បោះឆ្នោតឃុំ-សង្កាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាសេចក្ដីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលធ្លាក់មកដល់ នៅតែ៣ថ្ងៃ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យនេះ។

សេចក្ដីណែនាំរួម ដែលមានចុះហត្ថលេខា ដោយលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានសរសេរថា ដោយមើលឃើញ ពីភាព​លំបាក របស់ប្រជាពលរដ្ឋ ក្នុងការទៅស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត និងក្នុងគោលបំណង ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ ក្នុងពេលចុះឈ្មោះ​បោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ មានឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់ការបោះឆ្នោត ក្រសួងមហាផ្ទៃ និង គ.ជ.ប បានធ្វើការណែនាំ ឲ្យអនុវត្តនីតិវិធីបន្ថែម អំពីការស្នើសុំ និងការចេញឯកសារបញ្ជាក់​អត្តសញ្ញាណ បម្រើឲ្យបោះឆ្នោត ដូចខាងក្រោម៖

១) ប្រជាពលរដ្ឋ​ដែលបានចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៅឆ្នាំ២០១៦ ហើយមិនទាន់​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរ អាចយកឯកសារ បញ្ជាក់អត្តសញ្ញាណ​បម្រើឲ្យការចុះឈ្មោះបោះឆ្នោត យកទៅជួបគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតផ្ទាល់ខ្លួន ដោយស្នើសុំ ឲ្យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បញ្ជាក់អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាល បរិច្ឆេទផ្ដល់សុពលភាព នៅលើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត។

២) គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងបញ្ជីឈ្មោះបោះឆ្នោត និងភិនភាគសាមីអ្នក ស្នើសុំ ឲ្យបានច្បាស់លាស់មុននឹងសម្រេចចារបញ្ជាក់ អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាលបរិច្ឆេទ ផ្ដល់សុពលភាព ឲ្យប្រើប្រាស់ជាផ្លូវការ។

៣) គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវធ្វើរបាយការណ៍ចំនួន ២ច្បាប់ អំពីការចារបញ្ជាក់អំពីការមានឈ្មោះក្នុង បញ្ជីបោះឆ្នោត លើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត ហើយបិទផ្សាយ១ច្បាប់ នៅទីស្នាក់ការគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត និង១ច្បាប់ ផ្ញើជូនគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.សប) ជាបន្ទាន់ ស្របពេលបញ្ជូនសម្ភារ បរិក្ខារ និងឯកសារបោះឆ្នោតទៅ គ.ជ.ប។

៤) ការស្នើសុំ និងការបញ្ជាក់លើឯកសារបញ្ជាក់អត្តសញ្ញាណនេះ ត្រូវបញ្ឈប់ត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០នាទីល្ងាច ជាកំហិត។

សេចក្ដីណែនាំរួមនោះ បានសរសេរបង្គាប់ ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ-សង្កាត់ មេភូមិ រួមនឹងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំនេះ ឲ្យបានទំលូទំលាយ ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ផងខ្លួន។ ខណៈស្ថាប័ន ដែលមានតួនាទីផ្សព្វផ្សាយ និងណែនាំឲ្យអនុវត្តឲ្យមានប្រសិទ្ធិភាព នូវសេចក្ដីណែនាំរួមនេះ មាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ - ក្រុមប្រឹក្សារាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត - ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ - គណៈអភិបាលក្រុង-ស្រុក-ខណ្ឌ - អគ្គលេខាធិការ គ.ជ.ប គធ.ខប គឃ.សប។

កាលពីពេលកន្លងមក អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានអះអាងថា ដើម្បីបោះឆ្នោតបាន ពលរដ្ឋមានសិទ្ធិបោះឆ្នោត ចាំបាច់ត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ តែបើប្រជាពលរដ្ឋណាម្នាក់ បានបាត់ ឬខូច ឬមិនទាន់មានអត្តសញ្ញាណសញ្ជាតិខ្មែរទេ ប្រជាពលរដ្ឋរូបនោះ ត្រូវសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ពីគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (PEC) ដោយនាំទៅជាមួយ នូវអ្នកធានា ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន២នាក់ និងរូបថតចំនួន ២សន្លឹក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...