ប្រេនដិន រ៉ដចឺស៖ ល្វីស ស្វារែស ជំពាក់និងត្រូវសងក្លិបលីវើភូលវិញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេនដិន រ៉ដចឺស (Brendan Rodgers) បានប្រាប់ដល់ខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ថាគាត់បានជំពាក់ភក្តីភាពចំពោះក្រុមលីវើភូល បន្ទាប់ពីក្រុមហង្សក្រហម បានយកឈ្នះក្រុមម្ចាស់ផ្ទះប្រទេសអូស្ត្រាលី មីលបឺន វីកតូរី (Melbourne Victory) ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃពុធ។
គ្រូបង្វឹកក្រុមលីវើភូល លោកប្រេនដិន រ៉ដចឺស (ខាងឆ្វេង) និងកីឡាករខ្សែប្រយុទ្ធល្វីស ស្វារែស។ (រូបថត Getty Images)
ស្វារែស ជាគោលដៅដ៏ធំមួយសម្រាប់ក្រុមអាសឺណល (Arsenal) បន្ទាប់ពីក្រុមមួយនេះ បានដេញថ្លៃចំនួន២លើកមកហើយ ពោលគឺលើកទី១ ក្នុងតម្លៃ៣៥លានផោន និងលើកទី២ បង្កើនតម្លៃរហូតដល់ ៤០លានផោន បូក១លានផោនទៀត សម្រាប់ស្វារែស ប៉ុន្តែនៅតែក្រុមលីវើភូលធ្វើការបដិសេធដដែល។
នៅមុខអ្នកគាំទ្រដ៏ច្រើនលើសលុប ជាង៩ម៉ឺន៥ពាន់នាក់ ខ្សែប្រយុទ្ធល្វីស ស្វារែស វ័យ២៦ឆ្នាំបានចូលលេងនៅនាទីទី៧៨ និងបានជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមខ្សែប្រយុទ្ធអៃហ្គូ អាសប៉ាស (Iago Aspas) ទាត់ចូលទីគ្រាប់ទី២ បានសម្រេចនៅចុងម៉ោងនាទីទី៩០ ខណៈដែលកីឡាករប្រធានក្រុម ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ទាត់ចូលទីគ្រាប់ទី១ ឲ្យលីវើភូលនាំមុខ តាំងតែពីនាទីទី៣១។
ទោះជាក្រុមទទួលបានជ័យជំនះដូចនោះក្តី ក៏ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ មិនបានសម្តែងកាយការណាមួយ បញ្ជាក់ពីភាពសប្បាយរីករាយនោះដែរ ហើយថែមទាំងធ្វើមុនយ៉ាងស្រងោតស្រងាត់ ហាក់ដូចជាមិនពេលចិត្តលេងឲ្យក្រុម។
ជាក់ស្តែងបន្ទាប់ពីការប្រកួតបញ្ចប់ភ្លាម ស្វារែសបានស្នើសុំគ្រូបង្វឹកលោក ប្រេដិន រ៉ដចឺស ដើម្បីអនុញ្ញាតឲ្យខ្លួនទៅចចារជាមួយក្រុមអាសឺណល ប៉ុន្តែក្លិបលីវើភូលមិនអនុញ្ញាតនោះទេ ហើយថែមទាំងបញ្ជាក់ថា លុះត្រាតែក្រុមអាសឺណល ហ៊ានឲ្យតម្លៃលើ ៥០លានផោន ទើបអាចឈានដល់ការចចារគ្នា។
លោកប្រេដិន រ៉ដចឺស បាននិយាយបន្ទាប់ពីការប្រកួតមិត្តភាពនៅប្រទេសអូស្ត្រាលីបញ្ចប់ថា៖ «គ្មានអ្វីថ្មី ដែលត្រូវនិយាយទៀតនោះទេ ពីស្វារែស។ គាត់នៅតែជាកីឡាករក្រុមលីវើភូល១០០% ហើយនៅ២ឬ៣សប្តាហ៏ខាងមុខនេះ យើងសង្ឃឹមថាគាត់នឹងបន្តជួយក្រុមទៀត។»
គ្រូបង្វឹកសញ្ជាតិអ៊ែកឡង់ខាងកើត វ័យ៤០ឆ្នាំ បានបន្តថា៖ «ការគាំទ្រ ដែលគាត់បានទទួលបានមកពីអ្នកគាំទ្រដ៏ច្រើនជុំវិញពិភពលោក និងប្រជាជនទីក្រុងលីវើភូល គឺគ្មានអ្វីប្រៀបបាននោះទេ។ ក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ គាត់ក៏ពុំសូវបានចូលលេងឲ្យក្រុមដែរ ដោយសារតែហេតុផលផ្ទាល់ខ្លួន។ អ្នកគាំទ្រ នៅតែឈរខាងគាត់ គាំទ្រគាត់ ស្រលាញ់គាត់ និងយកចិត្តទុកដាក់គាត់ខ្លាំងបំផុត។ ដូច្នេះខ្ញុំសង្ឃឹមថា គាត់នឹងប៉ូវសងពួកគេវិញ និងប៉ូវសងដល់ក្រុមវិញ នូវភក្តីភាពខ្លះៗ របស់គាត់ចំពោះក្រុម៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ