វិនាសកម្មគ្រោះថ្នាក់រថភ្លើងខ្លាំងជាងគេទាំង១១ ក្នុង២៥ឆ្នាំចុងក្រោយនៅអ៊ឺរ៉ុប
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថ្នាក់រថភ្លើងនៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ប្រទេសអេស្ប៉ាញ ជាគ្រោះថ្នាក់មួយ ក្នុងចំណោមគ្រោះថ្នាក់ដ៏រង្គាល ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយគេបង្អស់នេះ នៅអ៊ឺរ៉ុប។ យើងសូមត្រឡប់មកក្រោយវិញ ក្នុងរយៈពេលនេះ ដោយមានអមជាមួយនឹងរូបភាពផង ដើម្បីជម្រាបជូនពីគ្រោះថ្នាក់ ទាំង១១លើកកន្លងមក ដែលមានការខូចខាតច្រើនជាងគេ រាប់ចាប់តាំងពីឆ្នាំ១៩៨៨។
គ្រោះថ្នាក់ផ្លូវដែកនៅប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃពុធទី២៤ខែកក្កដាកន្លងមកនេះ បានបន្ថែមតួលេខ ទៅឲ្យបញ្ជីវិនាសកម្មដ៏សែនរង្គាល នៃគ្រោះថ្នាក់រថភ្លើង ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនៅទ្វីបអ៊ឺរ៉ុប។ តុល្យភាពដែលទទួលបាន ពីគ្រោះថ្នាក់ចុងក្រោយនេះ មកទល់នឹងបច្ចុប្បន្ន បានបង្កឲ្យមានភតក់ស្លុតជាទូទៅ ក្នុងចំណោមអ្នកដែលប្រើប្រាស់រថភ្លើង ជាមធ្យោបាយធ្វើដំណើរ ព្រោះវាបានធ្វើឲ្យមនុស្សស្លាប់មិនតិចជាង ៨០នាក់ និងរបួសរាប់រនាក់ផ្សេងទៀត។
បើប្រៀបធៀបនឹងគ្រោះថ្នាក់រថភ្លើងដទៃទៀតនៅអ៊ឺរ៉ុប គ្រោះថ្នាកថ្ងៃទី២៤ខែកក្កដា ជាប់ចំណាត់ថ្នាក់លេខបី ក្នុងចំណោមគ្រោះថ្នាក់ដែលរងការខូចខាតច្រើនជាងគេ។ គ្រោះថ្នាក់រថភ្លើង ដែលមានមនុស្សស្លាប់ច្រើនជាងគេ រហូតដល់ទៅ ១៥៥នាក់ បានកើតឡើងនៅប្រទេសអូទ្រីសក្នុងឆ្នាំ២០០១។ ចំណែកឯគ្រោះថ្នាក់ ដែលមានមនុស្សស្លាប់បន្ទាប់មកទៀត ក្នុងឆ្នាំ១៩៩៨ ក្នុងប្រទេសអាឡឺម៉ង់ រថភ្លើងមួយបានងាកចេញពីផ្លូវ ហើយមនុស្សចំនួន១០១នាក់ បានរលត់ជីវិត។
គួររំលឹកឡើងវិញផងដែរ ក្នុងឆ្នាំ១៩៤៤ (ថ្ងៃទី៣ខែ មិថុនា ឆ្នាំ១៩៩៤៤) រថភ្លើងបីខ្សែ បានជល់គ្នានៅក្នុងរូងក្រោមដី នៅក្បែរភូមិ តូរ៉េ ដែល ប៊ីយ៉េសូ (Torre del Bierzo) ផ្នែកខាងជើងនៃប្រទេសអេស្ប៉ាញ ហើយតួលេខដែលបញ្ចេញឲ្យដឹងចុងក្រោយ មានមនុស្សស្លាប់យ៉ាងតិច ៣០០នាក់។ គ្រោះថ្នាក់នេះ បានចារទុកនៅក្នុងប្រវត្តិសាស្ត្រដ៏មហារង្គាល នៃគ្រោះថ្នាក់រថភ្លើងនៅអ៊ឺរ៉ុប។
សូមទស្សនារូបភាពនៃគ្រោះថ្នាក់ទាំង១១ ជាមួយនឹងអត្ថាធិប្បាយខ្លីៗ ដូចតទៅ៖
ថ្ងៃទី២៧ខែមិថុនាឆ្នាំ១៩៩៨៨៖ ក្នុងរូបភាព អ្នកជួយសង្គ្រោះបានលើកបំណែកជាច្រើន ពីទូរថភ្លើងខូចខាតទាំងនេះ បន្ទាប់ពីរថភ្លើងដែលភ្ជាប់តំបន់ជាយក្រុងបារីស ចំនួនពីរខ្សែ បានបុកគ្នាកណ្ដាល ក្នុងស្ថានីយ ហ្គាឌឺលីយ៉ុង (Gare de Lyon) ទីក្រុងប៉ារីសប្រទេសបារាំង។ គ្រោះថ្នាក់នេះបង្កឲ្យមនុស្សស្លាប់ ៥៦នាក់ និង៥៥ផ្សេងទៀត រងរបួស ហើយមានមូលហេតុបណ្ដាលពីរថភ្លើងមួយ ចាប់ហ្វ្រាំងមិនស៊ី។ (រូបថត AFP)
ថ្ងៃទី០៣ខែមិថុនាឆ្នាំ១៩៩៨៖ រថភ្លើងល្បឿនលឿន អាទែស៊ីធី អិចស្ព្រេស (Intercity Express) មួយខ្សែ បានរត់ទៅបុកស្ពានមួយ ហើយងាកចេញពីផ្លូវ នៅក្បែរទីក្រុង អេឆែដ ភាគកណ្ដាលនៃប្រទេសអាឡឺម៉ង់។ ជាមួយនឹងចំនួនជនរងគ្រោះដល់ជីវិត ចំនួន១០១នាក់ គ្រោះថ្នាក់ជាមហន្តរាយខ្លាំងជាងគេ ក្នុងប្រវត្តិផ្លូវដែករបស់ប្រទេស។ (រូបថត INGO WAGNER / DPA / AFP)
ថ្ងៃទី០៥ ខែតុលាឆ្នាំ១៩៩៩៖ រថភ្លើងពីរខ្សែ ជល់គ្នា នៅក្បែរស្ថានីយ៍ចំណត ផាឌីនតុន (Paddington) នៃទីក្រុងឡុងដ៍ ហើយបានបង្កឲ្យមនុស្ស៣១នាក់ស្លាប់។ ក្រុមហ៊ុនគ្រប់គ្រងរថភ្លើង ត្រូវបានរកឃើញថាមានកំហុស ក្នុងកំហុសត្រួតពិនិត្យបច្ចេកទេស ហើយត្រូវបានតុលាការ ចាប់បង្ខំឲ្យបង់ប្រាក់ ៥,៩លានអ៊ឺរ៉ូ នៅឆ្នាំ២០០៧កន្លងទៅ។ (រូបថត AFP PHOTO/ADRIAN DENNIS)
ថ្ងៃទី ១១ខែវិច្ឆិការ ឆ្នាំ២០០០៖ នេះហើយជាគ្រោះថ្នាក់រថភ្លើង ដែលបានបង្កឲ្យមានជាអគ្គិភ័យ ឆាបឆេះនៅក្នុងផ្លូវរូងក្រោមដី នៅទីក្រុង កាប៉ង (Karpun) ប្រទេសអូទ្រីស។ ទ្វាទាំងឡាយនៃទូរថភ្លើង ត្រូវបានដាក់គន្លឹសជាប់ទាំងអស់ ហើយបានបង្ខាំងមនុស្ស១៥៥នាក់ ឲ្យឆេះខ្លួនស្លាប់នៅក្នុងនោះ។ មានមនុស្សតែ១២នាក់ប៉ុណ្ណោះ ដែលរួចរស់មានជីវិតពីគ្រោះមហន្តរាយនេះ។ (រូបថត AFP)
ថ្ងៃទី៨ខែឧសភា ឆ្នាំ២០០៣៖ នៅស៊ីយ៉ូហ្វុក (Siofok) ប្រទេសហុងគ្រី រថភ្លើងមួយខ្សែបានបុក រថយន្ដក្រុងដឹកអ្នកទេសចរណ៍អាឡឺម៉ង់មួយគ្រឿង បង្កឲ្យមានមនុស្ស៣៣នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតរបួស។ រថយន្ដទេសចរណ៍ដែលត្រូវបានបុកបាក់ជាពីរបំណែក ត្រូវបានរថភ្លើងអូសយកទៅជាមួយ នៅចម្ងាយច្រើនជាង ១៥០ម៉ែត្រ។ (រូបថត AFP)
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៣៖ ព្រឹកទៀបភ្លឺ នៅភូមិមួយឈ្មោះ ឆិនឈីយ៉ា (Chinchilla) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងអាលបាសេត (Albacet) ប្រទេសអេស្ប៉ាញ រថភ្លើងដឹកអ្នកដំណើរ មួយគ្រឿង មកពីរាជធានីម៉ាឌ្រីដ បានបុករថភ្លើងមួយទៀត ដែលដឹកទំនិញ បង្កឲ្យមនុស្សស្លាប់១៩នាក់។ (រូបថត AFP PHOTO/Christophe SIMON)
ថ្ងៃទី២៣ខែមករាឆ្នាំ២០០៦៖ រថភ្លើងមួយខ្សែបានងាកចេញពីផ្លូវ នៅក្បែរទីក្រុង ប៉ូដហ្គូរីកា (Podgorica) ប្រទេសម៉ុងតេនេហ្គ្រូ បង្កឲ្យមនុស្សស្លាប់៤៦នាក់ ក្នុងនោះ៥នាក់ជាកុមារ។ (រូបថត AFP PHOTO / SAVO PRELEVIC)
ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០០៦៖ ខ្សែរថភ្លើងក្រោមដីមួយ នៃទីក្រុងវ៉ាឡង្ស៍ ប្រទេសអេស្ប៉ាញ បានងាកចេញពីផ្លូវ ហើយបានរួញខ្លួននៅក្នុងផ្លូវរូងក្រោមដី។ គ្រោះថ្នាក់នេះបង្កឲ្យមនុស្សស្លាប់ ៤១នាក់ និងមានការកាន់ទុក្ខក្នុងប្រទេសទាំងមូលចំនួន៣ថ្ងៃ។ (រូបថត sipa)
ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៦៖រថភ្លើងល្បឿនលឿន ប្រើបច្ចេកវិទ្យាឆក់ជាប់ផ្លូវដែកមួយ នៅពេលធ្វើការសាកល្បងដំបូង បានជ្រុលទៅបុករថយន្ដដឹកអ្នកធ្វើការ នៅឡាថេន (Lathen)ផ្នែកពាយ័ព្យនៃប្រទេសអាឡឺម៉ង់។ គ្រោះថ្នាក់ដែលចេញពីកំហុសជាយថាហេតុនេះ បានសម្លាក់មនុស្ស ២៣នាក់។ (រូបថត AFP PHOTO DDP/DAVID HECKER GERMANY OUT)
ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០០៩ នៅទីក្រុង វីយ៉ារ៉េជីយ៉ូ (Viareggio) ប្រទេសអ៊ីតាលី រថភ្លើងមួយខ្សែដែលសុទ្ធតែជាស៊ីទែនផ្ទុកឧស្ម័នហ្គាស បានងាកចេញពីផ្លូវ ហើយបានផ្ទុះឡើង នៅមុនពាក់កណ្ដាលអាធ្រាត និងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើលំនៅដ្ឋាន នៃអ្នករស់នៅតំបន់នោះ។ គ្រោះថ្នាក់នេះ បានធ្វើឲ្យមនុស្សស្លាប់ ២២នាក់។ (រូបថត AFP PHOTO / DAMIEN MEYER)
ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៣៖ រថភ្លើងមួយខ្សែដែលកំពុងរត់ក្នុងល្បឿនលឿន បានងាកចេញពីផ្លូវនៅជិតភូមិ សាំងហ្សាក់ ឌឺកុំប៉ូស្ទែល (Saint-Jacques-de-Compostelle) ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់ស្លាប់។ (រូបថត AFP)
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ