«ឡាន​ក្រុង​យក្ស​រត់​កន្លង​លើ​ថ្នល់​ធំ» ជា​រឿង​បោក​ប្រាស់

«ឡាន​ក្រុងយក្ស​​រត់​កន្លង​លើ​ថ្នល់​ធំ» ដែលត្រូវបានគេគិតថា ជាការវិវត្តន៍ថ្មីមួយ នៃការដឹក​ជញ្ជូន​សាធារណៈ នៅ​ក្នុង​ប្រទេស​ចិន​នោះ គ្រាន់​តែ​ជា​គម្រោង​មួយ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម ក្នុង​ការ​ប្រមូល​​ថវិកា​​ប៉ុណ្ណោះ។
«ឡាន​ក្រុង​យក្ស​រត់​កន្លង​លើ​ថ្នល់​ធំ» ជា​រឿង​បោក​ប្រាស់
ឡានក្រុង ដែលមានឈ្មោះ «TEB»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ជ័យវិបុល ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៥ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: January 18, 2017
  • ប្រធានបទ: បោកអស់ប្រាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងប្រទេសចិន អ្នកវិនិយោគមិនតិចជាង ២០០នាក់ បានជឿជាក់លើគម្រោងនេះ។ ពួកគេថែមទាំងបាន ដាក់​ទុន​ចូល​ទៅក្នុង​គម្រោង​នេះ ប្រមាណ​ជា២៦លានដុល្លារ (២៤លានអ៊ឺរ៉ូ) រួចជាស្រេច​នោះទៀត។

ដាក់ទុនច្រើនសម្បើម ដោយសារពួកគេជឿថា គម្រោង«ឡាន​ក្រុងយក្ស​​រត់​កន្លង​លើ​ថ្នល់​ធំ ហៅកាត់​ជា​ភាសា​អង់គ្លេស "TEB (Transit Elevated Bus)"» ដែលបានដាក់ឲ្យសាកល្បង កាលពីដើមសីហាកន្លងមក នៅ​ក្នុង​ក្រុង «Qinhuangdao» ខេត្ត«Hebei» នៃប្រទេសចិន នឹងបង្កើតឲ្យមាន ជា​រថយន្ដក្រុង​ប្រភេទថ្មីមួយ ដែលមាន​បណ្ដោយ២២ម៉ែត្រ ទទឺង ៨ម៉ែត្រ កំពស់ ៥ម៉ែត្រ និងផ្ទុកមនុស្សបាន ៣០០នាក់ ក្នុងចំងាយផ្លូវ ៦៥​គីឡូម៉ែត្រ ពីលើ​ផ្លូវថ្នល់​ធំៗនានា នៃ​ទីក្រុង។

ប៉ុន្តែភាពចម្លែក ប្លែកអស្ចារ្យ បានកើតឡើង តាំងពីគម្រោងនេះ ត្រូវបានបង្ហាញចេញដំបូងមកម្លេះ។ មនុស្ស​ជា​ច្រើន បានចោទសួរថា នៅពេលរថយន្ដក្រុងនេះ បើកទៅដល់ផ្លូវ ដែលមានរង្វង់មូល ឬផ្លូវដែល​មាន​ស្ពាន​កន្លង​ពី​លើ តើនឹងត្រូវធ្វើដូចម្ដេច?

ចម្លើយពិតប្រាកដ ទើបនឹងត្រូវបានឲ្យដឹង កាលពីពេលថ្មីៗនេះ។ តាមពិតទៅ វាគ្រាន់តែជាគម្រោង​ផ្សាយ​ពាណិជ្ជកម្ម​មួយ របស់​លោក «Bai Zhiming» អ្នកជំនួញចិន ដែលមានជំនាញ ខាងសំណង់មួយរូប ដើម្បី​យុទ្ធនាការ​​ស្វែង​​រក​ថវិកាមួយ។ គោលបំណង របស់យុទ្ធនាការនេះ គឺដើម្បីបង្កើត និងបង្កើនមូលនិធិមួយ តាម​រយៈ​សេវាកម្ម​ខ្ចី​ប្រាក់ តាមបណ្ដាញ​អ៊ិនធើណែត ដ៏មានប្រជាប្រិយ នៅក្នុងប្រទេសចិន។

នេះ​ហើយ ​ជាមូលហេតុ ដែលធ្វើឲ្យអ្នកវិនិយោគទុនចិន ទាំង២០០នាក់ បាន​ទាមទារ​ឲ្យ​សង​​ប្រាក់​​បណ្ដាក់​ទុន​របស់​​ពួកគេ ត្រឡប់​មក​វិញ។ យ៉ាងណាក៏ដោយ ក៏គម្រោងនេះ ទំនងជាអាចឃើញពន្លឺថ្ងៃពិតប្រាកដ នៅក្នុង​ថ្ងៃ​ណា​មួយ។ គេហទំព័រ «China.org» បានផ្សាយឲ្យដឹងថា ក្រុមវិស្វករ ដែលបានចូលរួម​បង្កើត​គម្រោង​នេះ​ឡើង បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹងក្រុង «Qinghuangdao» ដើម្បីអាចដាក់ឲ្យរថយន្ដក្រុងនេះ មាន​ដំណើការកន្លង​លើ​ផ្លូវថ្នល់​​​ចំងាយ ១២០គីឡូម៉ែត្រ ក្នុងពេល​ខាងមុខ៕

» គម្រោងនេះ ត្រូវបានយកមកសាកល្បង នៅក្នុងក្រុង «Hebei»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...