ពលរដ្ឋនៅតែនិយាយថា សង្គមរាស្រ្តនិយមរុងរឿងជាងសម័យតេជោ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 11, 2014
- ប្រធានបទ: ស្នារព្រហស្ថ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្នារព្រហស្ថ - ថ្វីត្បិតតែ អតីតព្រះមហាក្សត្ររបស់ប្រទេសកម្ពុជា ព្រះករុណាព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ បានយាងឃ្លាតឆ្ងាយពី ប្រជាពលរដ្ឋ កូនចៅ ចៅទួត ក៍ពិតមែន ប៉ុន្តែស្នាមព្រហស្ថរបស់ព្រះអង្គ នៅតែបន្សល់ទុកក្នុងក្រអៅដួងចិត្ត របស់កូនចៅជំនាន់ក្រោយ មិនអាចបំភ្លេចបាន។
ក្នុងពេលរម្លឹកអនុស្សាវរីយ៍ និងសកម្មភាពល្អៗ របស់ព្រះបាទ នរោត្តម សីហនុ លោកយាយ ញៅ ញឺន អាយុ៦៨ បានប្រាប់ថា បើមើលពីជីវភាព នៃការរស់នៅរបស់ប្រជាជននៅជំនាន់នេះ មិនអាចប្រៀបផ្ទឹមបានទៅនឹងសម័យសង្គមរាស្រ្តនិយម ដែលគ្រប់គ្រងដោយ ព្រះបាទនរោត្តម សីហនុ នោះឡើយ។ ជំនាន់មុន គឺរុងរឿងសំបូរសប្បាយណាស់។
ដូនចាស់ដែលខំស្វះស្វែង មកពីខេត្តតាកែវ ដើម្បីបានចូលរួមការប្រារព្ធព្រះរាជពិធីដង្ហែព្រះបរមអដិ្ឋ ព្រះករុណាព្រះបរមរតនកោដ្ឋរូបនេះ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រ សូមឱ្យព្រលឹងវិញាណក្ខន្ធព្រះអង្គជួយថែរក្សាទឹកដីខ្មែរ ឱ្យបានគង់វង្ស កុំឱ្យបាត់បង់ទៅណា។ លោកយាយបានបន្ថែមថា ក្រោយពីបាត់បង់ព្រះអង្គទៅនេះ មិនដឹងកូនចៅជំនាន់ក្រោយ នឹងទៅជាយ៉ាងណានោះទេ។
ចំណែកស្រ្តីវ័យចំណាស់ម្នាក់ទៀត បាននិយាយយ៉ាងដូច្នេះដែរ៖ «សម័យសង្គមរាស្រ្តនិយមមានគ្រប់សព្វ មានតាំងពីរោងចក្រធ្វើនេះធ្វើនោះ កូនចៅអត់មានចំណាកស្រុក ទៅធ្វើការនៅប្រទេសគេ ហើយកូនចៅមានការងារធ្វើគ្រប់គ្នា រោងចក្រអីក៏មាន អីក៏មានដែរ។ ហើយសម័យឥលូវនេះ ដូចឃើញស្រាប់ហើយ ចំណាកស្រុកទៅស្រុកគេ គេសម្លាប់ចោលរាប់រយនាក់ រដ្ឋាភិបាលអត់មាននឹកអើពើទេ ហើយត្រលប់មកវិញអត់មានការងារធ្វើទៀត។»
ដូនចាស់ ដែលមានលំនៅដ្ឋាននៅទីក្រុងភ្នំពេញរូបនេះបាន ធ្វើការប្រៀបធៀបពីប្រព័ន្ធយុត្តិធម៌ជាបន្តថា នៅក្នុងសម័យដែលដឹកនាំដោយព្រះបាទ នរោត្តម សីហនុ ប្រព័ន្ធតុលាការកម្ពុជាគឺយុត្តិធម៌ណាស់ ការពិតគឺជាការពិត មិនមែនសទៅជាខ្មៅ ខ្មៅទៅជាសនោះទេ ដែលខុសពីសម័យបច្ចុប្បន្ន ដែលតុលាការមិនឯករាជ្យ។
ស្ត្រីចំណាស់ដដែល ដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះរូបនេះ បានបង្ហាញនូវអ្វីដែលជាអនុស្សាវរីយ៍ ជាមួយព្រះអង្គថា ព្រះអង្គមានការស្និតស្នាលជាមួយប្រជាពលរដ្ឋទាំងអស់ ដោយមិនកាន់រើសអើងអ្វីនោះទេ។ ម្យ៉ាងទៀត សកម្មភាពរបស់ព្រះអង្គគឺល្អណាស់ នៅពេលមានសមាជជាតិម្តងៗ កូនចៅណាមានជម្លោះរឿងដីធ្លី ឬបញ្ហាអ្វីផ្សេង ព្រះអង្គតែងដោះស្រាយសម្រុះសម្រួលគ្នាឱ្យត្រូវគ្នាវិញ។ លោកយាយបញ្ជាក់បន្ថែមថា៖ «ខ្ញុំមានការសោកស្តាយជាទីបំផុត បើអាចជប់បាន ក៏នឹងជប់ព្រះអង្គឱ្យរស់ឡើងវិញ ឱ្យលោកដឹកនាំប្រទេសជាតិ ដូចដែលព្រះអង្កដឹកនាំនៅក្នុងសម័យសង្គមរាស្រ្តនិយម»។
រីឯលោកយាយ យ៉ុង វ៉ាន អាយុ៧៦ឆ្នាំ បានបន្ទរបន្ថែមប្រហាក់ប្រហែលគ្នាដែរថា កាលពីសម័យដែលព្រះអង្គគ្រប់គ្រង់ប្រទេស ប្រទេសជាតិមានការរីចំរើនរុងរឿងណាស់ មិនសូវភ័យព្រូយដូចសម័យនេះទេ ទោះជាសម័យគ្មានឡាន ផ្លូវល្អហូហែរ ដូចសម័យឥលូវក៏ដោយ ប៉ុន្តែការធ្វើដំណើរមានសុវត្តិភាពមានសន្តិសុខល្អណាស់៕