បារាំង​លើក​ពី​វិធានការ​ទណ្ឌកម្ម ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន

ប្រទេសបារាំង សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ បានបញ្ចេញជំហរច្បាស់ៗ របសខ្លួន ដើម្បីចាត់វិធានការ ឆ្លើយតបទៅនឹងការរំលាយគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា។ វិធានការទាំងនោះ ត្រូវបានរដ្ឋាភិបាលបារាំងធ្វើឡើង តាមរយៈយន្ដការចំនួន៣។
បារាំង​លើក​ពី​វិធានការ​ទណ្ឌកម្ម ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហ្សង់-បាទីស ឡឺម័ន រដ្ឋលេខាធិការក្រសួងទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 25, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បារាំង ជាប្រទេសមហាអំណាចមួយទៀត ដែលកំពុងចាត់វិធានការ ដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីគណបក្សប្រឆាំង ដ៏សំខាន់ជាងគេ ត្រូវបានរំលាយ តាមរយៈអំណាចសាលក្រមសម្រេច របស់តុលាការកំពូល​ដែលមាន​សមាសភាព​ចៅក្រម​ភាគច្រើន និង​អគ្គព្រះរាជអាជ្ញា សុទ្ធសឹង​ជាមន្ត្រី​ជំនិត របស់គណបក្ស​កាន់​អំណាច។ វិធានការដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេសបារាំង បាននិងកំពុងធ្វើឡើង តាមរយៈយន្ដការចំនួនបី។

លោក ហ្សង់-បាទីស ឡឺម័ន (Jean-Baptiste Lemoyne) រដ្ឋលេខាធិការក្រសួងទទួលបន្ទុក កិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង បានថ្លែងរៀបរាប់ពីវិធានការទាំងនេះ នៅក្នុងវេទិការសួរឆ្លើយ ជាសាធារណៈមួយ នាព្រឹទ្ធសភាបារាំង កាលពីថ្ងៃទី២៣ ខែវិច្ឆិកាម្សិលម៉ិញ ដើម្បីតបទៅនឹងសំនួរ របស់លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា មកពីគណបក្ស «En Marche!» (ជាគណបក្សដែលបង្កើតឡើង ដោយប្រធានាធិបតីបារាំង និងដែលកំពុងកាន់អំណាច)។ សមាជិកព្រឹទ្ធសភារូបនេះ បានលើកជាសំនួរទៅរដ្ឋាភិបាលបារាំង ដោយចង់បានសម្លើយ​ឲ្យច្បាស់ ពី«ជំហរ»របស់ប្រទេសបារាំង និងជាពិសេស ពី«ទណ្ឌកម្ម» ដែលប្រទេសបារាំង អាចនឹងដាក់ប្រឆាំងរដ្ឋាភិបាលកម្ពុជា។

ដោយមានវត្តមាន របស់នាយករដ្ឋមន្ត្រីបារាំងផង លោករដ្ឋលេខាធិការ ហ្សង់-បាទីស ឡឺម័ន បានថ្លែងនៅក្នុងអង្គប្រជុំព្រឹទ្ធសភាថា ប្រទេសបារាំង ដែលជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ នៅចំពោះស្ថានភាពនយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា ជាពិសេសនៅចំពោះការខិតជិតមកដល់ នៃការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

លោក ឡឺម័ន បានលើកឡើងថា៖ «ការរំលាយគណបក្សសង្គ្រោះជាតិ ដែលទទួលបានសម្លេងឆ្នោត ពាក់កណ្ដាល នៃសម្លេងឆ្នោតទាំងអស់ កាលពីការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗនេះ (...) បង្ហាញយ៉ាងពិតប្រាកដ ពីការដើរផ្ទុយ ទៅនឹងដំណើរការប្រជាធិបតេយ្យ ដែលមានរយៈពេល ២៥ឆ្នាំមកហើយ។ ការឃាត់ខ្លួនលោក កឹម សុខា និងអវត្តមានរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ គឺជាកង្វល់ដ៏ជ្រាលជ្រៅ។»។

នៅក្នុងបវិបទនេះ «ប្រទេសបារាំងចាំបាច់ ត្រូវបង្ហាញវត្តមាន និងបញ្ចេញសកម្មភាពរបស់ខ្លួន» តាមរយៈយន្ដការចំនួនបី។ លោករដ្ឋលេខាធិការ បានបញ្ជាក់ពីយន្ដការទីមួយ ថាបានធ្វើឡើងរួចហើយ តាមរយៈជំនួបផ្ទាល់ រវាងរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងសន្និសីទ អាស៊ី-អ៊ឺរ៉ុប (ASEM) កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងមក ក្នុងប្រទេសភូមា។

លោក ហ្សង់-បាទីស ឡឺម័ន បានបន្តទៀតថា៖ «នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ខ្ញុំនឹងលើកមកបញ្ជាក់ពីរឿងនេះ ជាថ្មីទៀត នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី នៃអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង ដោយសារតែប្រទេសកម្ពុជា ក៏ជាសមាជិកមួយដែរ។ នៅក្នុងអង្គការនេះ យើងមានគោលការណ៍រួមមួយចំនួន ហើយយើងត្រូវយកគោលការណ៍នោះ មកអនុវត្តន៍។»។

សម្រាប់យន្ដការទីបី គឺជាដំណោះស្រាយ នៅក្នុងក្របខណ្ឌសហភាពអ៊ឺរ៉ុប។ សមាជិករដ្ឋាភិបាលបារាំងរូបនេះ បានបញ្ជាក់ថា៖ «វាច្បាស់ណាស់ហើយថា ការអនុគ្រោះទាំងឡាយ ដែលបានផ្ដល់ជូន ទៅឲ្យប្រទេសកម្ពុជា ចាំបាច់ត្រូវស្របតាមលក្ខខណ្ឌ នៃការគោរពសិទ្ធិសេរីភាព និងលិទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...