ផៃ ស៊ីផាន៖ ​ការ​អំពាវ​នាវ​របស់​តំណាងរាស្ត្រអាមេរិក ជា​«ភាព​ខ្លៅ»

មិនត្រឹមតែជា«ភាពខ្លៅ» ប៉ុណ្ណោះទេ តែការអំពាវនាវនេះ គឺជាការយល់ច្រឡំធំ និងអាមាសមួយ ដែល​អាច​ចាត់​ទុក​ថាជា​ភាព​ក្រអឹតក្រទម របស់ក្រុមអ្នកតំណាងរាស្ត្រអាមេរិក ដែលទើបនឹងអនុម័ត នូវសេចក្ដី​សម្រេច​មួយ ស្តីពី​បញ្ហា​ប្រជាធិប​តេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជា។ នេះជាការអះអាង របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី នៃ​រដ្ឋាភិបាលកម្ពុជា តបទៅនឹងសេចក្តីសម្រេច លេខ ៧២៨ កាលពីថ្ងៃច័ន្ទ​ទី១២ ខែ​កញ្ញា កន្លង​ទៅ របស់​សភា​តំណាង​រាស្រ្ត សហរដ្ឋអាមេរិក។
ផៃ ស៊ីផាន៖ ​ការ​អំពាវ​នាវ​របស់​តំណាងរាស្ត្រអាមេរិក ជា​«ភាព​ខ្លៅ»
ពីឆ្វេងទៅស្ដាំ៖ លោក អេដ រ៉យស៍ ប្រធានគណៈកម្មាធិការ​កិច្ចការបរទេស នៃសភាអាមេរិក និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 14, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីសម្រេច លេខ ៧២៨ របស់សភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក ស្តីពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជា ដែលត្រូវបានអនុម័ត កាលពីថ្ងៃច័ន្ទទី១២ ខែកញ្ញា កន្លងទៅ បានតម្រូវឲ្យលោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ចេញសេចក្ដីប្រតិកម្មតបទៅវិញ ដោយហៅសេចក្ដីសម្រេចចនោះ គ្រាន់​តែ​ជា​ទស្សនៈ របស់អ្នកតំណាងរាស្ត្រអាមេរិក​មួយក្រុម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងដើម្បីការពារ គណបក្ស​នយោបាយ ដែល​ជា​«កូនជឹង» របស់ពួកគេទាំងនោះ។

នៅក្នុងលិខិតមួយ ផ្ញើរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុកការទាមទារ នៅក្នុងសេចក្ដីសម្រេចនោះ ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែង​អ្នក​ទោស នយោបាយ គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយ​រិះគន់​នោះ ថា​ជា​«ពាក្យពេចន៍ នៃកម្រងចម្រៀងដដែលៗ រាប់អាណត្តិបោះឆ្នោតកម្ពុជា កន្លងមក ដែលស្តែងចេញ​ពី​អ្នក​នយោបាយ​អាមេរិក ចំនួនភាគតិច ដែលជាចៅហ្វាយ របស់គណបក្ស​(សម្លេង)​ភាគតិច ដែលមាន​អាសនៈ នៅ​ក្នុង​សភា​ជាតិ​កម្ពុជា»។

របបឧក្រិដ្ឋរបស់លោក ហ៊ុន សែន...

នៅមុន ការអនុម័តសេចក្ដីសម្រេចខាងលើ ដែលបានស្នើឡើង ដោយលោកសមាជិកសភា អាឡាន ឡូវិនហ្សល (Alan Lowenthal) លោក អេដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មាធិការ​កិច្ចការបរទេស បាន​លើក​ឡើង ពីការធ្វើទុក្ខបុកម្នេញ ទៅលើក្រុមអ្នកមាននិន្នការជំទាស់ ចាប់តាំងពីប្រទេសកម្ពុជា ​បានរៀបចំ​ការ​បោះ​ឆ្នោត​របស់ខ្លួន ដែលពោរពេញ ដោយភាពមន្ទិល នៅឆ្នាំ២០១៣រួចមក។ លោក អេដ រ៉យស៍ បាន​បញ្ជាក់​ថា៖ «របបឧក្រិដ្ឋរបស់លោក ហ៊ុន សែន បន្តបង្រ្កាបមកលើគណបក្សប្រឆាំង និងសកម្មជនដទៃទៀត ដោយ​មាន​ការ​ចាប់ខ្លួន និងការវាយដំ មកលើមនុស្សទាំងឡាយណា ដែលប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។»

ប្រធានគណៈកម្មាធិការ​កិច្ចការបរទេស របស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានថ្លែងរៀបរាប់ពី​ព្រឹត្តិ​ការណ៍​វាយដុំ បង្កឡើងដោយក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ទៅលើតំណាងរាស្ត្រ របស់គណបក្ស​ប្រឆាំង ដែលបានកើតឡើង នៅជាប់របងរដ្ឋសភាជាតិកម្ពុជា ជាពិសេសឃាតកម្មដ៏កក្រើក នៅកណ្ដាល​រាជធានី​ភ្នំពេញ ដែលបានបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បី កាលពីពីរខែមុន។ លោក រ៉យស៍ បាន​បន្ត​ទៀតថា កាលពីសប្ដាហ៍កន្លងមកនេះ លោក ហ៊ុន សែន បានបោះជំហានថ្មីមួយទៀត ដើម្បីប្រមូលផ្ដុំ​កាន់​អំណាច ឲ្យកាន់តែខ្លាំង ដោយធ្វើការកាត់ទោស មកលើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ ០៥ខែ ទាក់ទិននឹងបទចោទប្រកាន់ «បដិសេធការចូលខ្លួន» មួយ ដែលសម្រាប់លោក រ៉យស៍ វា​ជា​ការ​ចោទប្រកាន់ ដែលមិនត្រឹមត្រូវ។

លោក អេដ រ៉យស៍ បានបន្តបរិហាររដ្ឋាភិបាល​កម្ពុជាថា ខណៈពេលដែលប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានបង្ខំ​ឲ្យនីរទេសខ្លួន​រួចហើយ​នោះ លោក ហ៊ុន សែន កំពុងបន្តលុបបំបាត់មនុស្សបន្ទាប់ (លោក កឹម សុខា) ដែលប្រឆាំងនឹងខ្លួនគាត់ នោះបន្ថែមទៀត។ លោក បានថ្លែងអះអាងថា៖ «ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធ ពីសំណាក់​រដ្ឋាភិបាលកម្ពុជា មកលើគណបក្សប្រឆាំងនេះ នឹងធ្វើឲ្យបាត់បង់ទាំងស្រុង នូវភាពស្របច្បាប់ នៃ​ការ​បោះ ឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជាតិ នាឆ្នាំ២០១៨ នៅកម្ពុជា»។


ការអំពាវនាវ ដែលខ្លៅ និងក្រៅច្បាប់...

ប៉ុន្តែ សម្រាប់លោក ផៃ ស៊ីផាន ដែលមានថានៈ​ជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រីផងនោះ បាន​ហៅ​ការ​«លើក​ឡើង» និងការ«អំពាវនាវ»​ទាំងនោះ ថាជា«ភាពខ្លៅ និងក្រៅច្បាប់ នៅក្នុងនីតិរដ្ឋ ឬមួយជា​ការ​យល់​ច្រឡំ​ថា​ខ្លួនគេទាំងអស់នោះ ជាម្ចាស់ជោគវាសនារបស់កម្ពុជា»។ លោក ស៊ីផាន បានបញ្ជាក់ទៀតថា៖ «នេះ​គឺ​ជា​ការ​យល់​ច្រឡំ​ធំ និងអាមាសមួយ ដែលអាចចាត់ទុក ថាជាភាពក្រអឹតក្រទម របស់គេតែប៉ុណ្ណោះ»។

មន្ត្រីអ្នកនាំពាក្យ របស់រដ្ឋាភិបាលកម្ពុជា បានថ្លែងឡើងថា កម្ពុជាគ្មានទេអ្នកទោសនយោបាយ ក៏ប៉ុន្តែកម្ពុជា មាន​អ្នក​​នយោបាយ ដែលត្រូវជាប់ទោស ដោយសារអង្គហេតុ នៃការរំលោភច្បាប់តែប៉ុណ្ណោះ។

លោក ស៊ីផាន បានបន្តថា៖ «ការបោះឆ្នោតដោយសេរី និងយុតិ្តធម៌ គឺជាលំហរនយោបាយ និងការ​ប្តេជ្ញា​របស់​កម្ពុជា ដែល​អនុវត្តន៍​​ដោយ​រាជរដ្ឋាភិបាល ក្នុងការគោរព និងលើកតម្កើន នូវឆន្ទៈសម្រេចរបស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ជ្រើសរើស និងទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួន ដែលជាសិទ្ធិ​នៃស័្វយសម្រេច ស្ថិតនៅក្នុង​អធិប​តេយ្យ និងឯករាជ្យភាព របស់ជាតិខ្លួនផ្ទាល់ ដែលអនុវត្តពេញលេញ តាមរយៈស្មារតីការ បោះឆ្នោត និង​ដំណើរ​ការ នៃការបោះឆ្នោតកម្ពុជា ក្នុងការទទួលខុសត្រូវផ្តាច់មុខ របស់ គ.ជ.ប សេចក្តីសម្រេច របស់​អង្គ​សភា​ធម្មនុញ្ញ និង​ព្រះមហាក្សត្រខ្មែរ។ ក្នុងករណីនេះ គឺមិនអនុញ្ញាតជាដាច់ខាត អោយឱកាសដល់ជនណា ឬក្រុម​ណា ចាប់​ស្ថាប័ន​ទាំង​អស់​នោះ ជាចំណាប់ខ្មាំងនោះឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...