កែវ រ៉េមី ៖ រដ្ឋាភិបាល នឹងមិនប្ដឹងមេដឹកនាំបក្សប្រឆាំង ទៅតុលាការទេ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងភ្នំពេញ លោក កែម រ៉េមី បានថ្លែងឡើងថា រដ្ឋាភិបាលកម្ពុជា នឹងមិនទាន់ចាត់វិធានការផ្លូវច្បាប់ ប្តឹងទៅតុលាការ ប្រឆាំងលោក សម រង្ស៊ី និង លោក កឹមសុខា ដែលជាមេដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ បើទោះបីជាមកដល់ពេលនេះ មេដឹកនាំគណបក្សប្រឆាំងនេះ នៅតែបន្តការរិះគន់ មកលើរាជរដ្ឋាភិបាលអាណត្តិទីប្រាំជាបន្តបន្ទាប់ក៏ដោយ។ ទន្ទឺមនឹងការថ្លែងនោះ លោក រ៉េមី បានបកស្រាយដោយការវាយប្រហារធ្ងន់ៗ ទាក់ទងនឹងការចោទប្រកាន់កន្លងមក របស់មេដឹកនាំគណបក្សប្រឆាំង ដោយបានចាត់ទុកថា ជាការចោទប្រកាន់ ដែលដូចជាមិនយល់អ្វីសោះ។
លោក កែវ រ៉េមី។ (រូបថត MONOROOM.info/ O. Vary)
រដ្ឋាភិបាលបកស្រាយ - ក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី៦ ខែមិថុនានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាអនុប្រធានព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាលថា នឹងនៅតែបន្តភាពអត់ធ្មត់ ចំពោះការចោទប្រកាន់ទាំងឡាយ នៃមេបក្សប្រឆាំងទាំងពីរ ដោយមិនចាប់ទោសអូសដំណើរអ្វីឡើយ។ លោកថា ករណីនេះរដ្ឋាភិបាលទុក«រាប់» ក្នុងនាមខ្មែរដូចគ្នាហើយរដ្ឋាភិបាល ក៏មិនចង់ឲ្យមានការប្តឹងផ្តល់ ទៅតុលការនោះដែរ។
លោក រ៉េមី បានចាត់ទុកការការចោទប្រកាន់ទាំងឡាយ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិក្នុងនាមជាថ្នាក់ដឹកនាំ។ «នេះមិនទាន់បានឡើងកាន់អំណាចផង ចុះទំរាំឡើងកាន់អំណាចទៀតនឹងទៅជាយ៉ាងណា។ (…) ដូច្នេះប្រទេសនិមួយៗ មានការចាំបាច់ណាស់ ចំពោះការជ្រើសរើសមេដឹកនាំដែលចេះទទួលខុសត្រូវមានមនុស្សធម៌នៅក្នុងខ្លួន។»
នៅចំពោះមុខអ្នកសារព័ត៌មានលោក កែវ រ៉េមី បានបន្តុះបង្អាប់នយោបាយដឹកនាំរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងការឃោសនាមួលបង្កាច់ ដែលគ្មានការពិត ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវករណីបោះបង្គោលព្រំដែន ទឹកដីខ្មែរកម្ពុជាក្រោម និងរឿងកោះត្រល់ដែលបាត់តាំងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទាន់កើតជាដើម។ «ព្រះករុណា ព្រះបិតា អតីតព្រះមហាក្សត្រ លោកបានយកផែនទីរបស់យើងមួយលើមួយរយពាន់ យកទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីឲ្យគេទទួលស្គាល់ ឲ្យគេថែរក្សាទឹកដីរបស់យើងប៉ុណ្ណឹង កុំឲ្យបាត់បង់តទៅទៀត។ (...) អញ្ចឹងការទាមទារយកដីកម្ពុជាក្រោម កោះត្រល់អីហ្នឹងគឺចប់សព្វគ្រប់។»
មន្ត្រីជាន់ខ្ពស់របស់ទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ នៅតែបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់នៃមេដឹកនាំបក្សប្រឆាំងទាំងពីរនាពេលថ្មីៗនេះ ដូចជានៅវត្តសាមគ្គីរង្សី និងកន្លែងផ្សេងៗទៀត ដែលបានចោទប្រកាន់ រដ្ឋាភិបាល«គណបក្សប្រជាជនកម្ពុជា»ថាមានការរឹតត្បិត សិទ្ធិសេរីភាព ការជួបជុំ ការធ្វើបាតុកម្ម និងការលុបចោលមិនឲ្យមានព្រះរាជពិធីបុណ្យអុំទូកជាដើម។ និងករណីមួយទៀតដែលលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានទទួលបញ្ជាពីរដ្ឋាភិបាលវៀតណាម ដើម្បីសម្លាប់ខ្មែរដូចជាការស្លាប់ជាន់គ្នា ក្នុងឧបទ្ទវហេតុនៅកោះពេជ្រ។ លោកថាបញ្ហានេះ បណ្តាប្រទេសមួយចំនួនលើពិភពលោកក៏ធ្លាប់កើតមាន ហើយវាគ្មាននរណាម្នាក់ចង់អោយកើតឡើងនោះទេ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនដែលមេបក្សប្រឆាំង បានលើកឡើងថាលើកឡើងថា រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យវៀតណាមរំកិលព្រំដែន និងបញ្ជូនជនជាតិខ្លួនចូលមកទឹកដីកម្ពុជាស្រេចចិត្តនោះ លោក កែវ រ៉េមី ក៏បានបញ្ជាក់ថា ក្រោយការបោះបង្គោលដែនកម្ពុជា អាចនឹងមានផ្ទៃដីលើសពីទំហំសព្វថ្ងៃ ដែលមានត្រឹមតែ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះ។
ការដែលមេបក្សប្រឆាំង លើកឡើងថា នៅពេលដែលគណបក្សសង្គ្រោះជាតិជាប់ឆ្នោត នឹងអនុញ្ញាតអោយខ្មែរមកពីកម្ពុជាក្រោម ចេញចូលដោយមិនចាំបាច់មានលិខិតឆ្លងនោះ ត្រូវបានលោក កែវ រ៉េមី វាយប្រហារទៅមេដឹកនាំទាំងពីរនាក់ថា ហាក់ដូចជា«មិនយល់»អ្វីទាល់តែសោះ។ ការចេញ ឬចូលពីប្រទេសមួយទៅប្រទេសមួយ ត្រូវប្រើប្រាស់លិខិតឆ្លងដែនវាជារឿងធម្មតា។ «ព្រោះទឹកដីកម្ពុជាក្រោម ត្រូវបានបារាំងកាត់ទៅឲ្យប្រទេសវៀតណាម តាំងពីឆ្នាំ១៩៤៩ មកម្ល៉េះ។ អញ្ចឹងហើយខ្មែរនៅកម្ពុជាក្រោម ពេលចូលមកប្រទេសខ្មែរ ត្រូវតែមានលិខិតឆ្លងដែន គឺរាជរដ្ឋាភិបាលធ្វើទៅតាមច្បាប់របស់កម្ពុជា»
លោក កែវ រេមី បានវាយប្រហារទៀតថា៖ «នៅពេលឃោសនា មេដឹកនាំគណបក្សសង្គ្រោះជាតិនិយាយកុហសសុទ្ធសាធ ប៉ុន្តែធ្វើដូចជាមែនទែន។ នៅពេលទៅឃោសនានៅជនបទ បានទាមទារអោយអង្ករឡើងថ្លៃ ដើម្បីឲ្យប្រជាពលរដ្ឋលក់អង្ករបានថ្លៃ។ ប៉ុន្តែនៅពេលទៅឃោសនានៅទីប្រជុំជន បែរជានិយាយថាទំនិញសព្វសារពើ ព្រមទាំងអង្ករថ្លៃណាស់ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹងធ្វើអោយស្រូវអង្ករចុះថោក។»។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ នៅឡើយនៅល្ងាចថ្ងៃទី៦ ខែមិថុនានេះ៕