បារាំង៖ លេច​ដំណឹង​ថា តារា​មាន​ទំនាក់​ទំនង​«ពិសេស» ជា​មួយ​ប្រធានាធិបតី

តារាភាពយន្ដបារាំង បានប្ដឹងទៅតុលាការទីក្រុងប៉ារីស ដើម្បីរកអោយឃើញជនដែលបានផ្សាយពាក្យចចាមអារាមនេះ តាមបណ្ដាញអាំងធើណែត ចោទនាងថាមានទំនាក់ទំនង«ពិសេស» ជាមួយប្រធានាធិបតីលោក ហ្វ្រង់ស័រ ហូឡង់ (François Hollande)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: March 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាភាពយន្ដបារាំង បានប្ដឹងទៅតុលាការទីក្រុងប៉ារីស ដើម្បីរកអោយឃើញជន ដែលបានផ្សាយពាក្យចចាមអារាមនេះ តាមបណ្ដាញអាំងធើណែត ចោទនាងថាមានទំនាក់ទំនង«ពិសេស» ជាមួយប្រធានាធិបតីលោក ហ្វ្រង់ស័រ ហូឡង់ (François Hollande)។


អ្នកស្រីហ្សូលី ហ្គាវេ នៅក្នុងភាពយន្ដ«គ្មានទុកស្លាកស្នាម»។

មេធាវីរបស់តារាភាពយន្ដ លោកវ៉ាំងសង់ តូលេដាណូ (Vincent Tolédano) បានដាក់ពាក្យបណ្ដឹងនេះ នៅថ្ងៃព្រហស្បត្តិ៍​ទី២៨ខែមិនាកន្លងមកនេះ។ ប្រភពស្និតនឹងប្រព័ន្ធយុត្តិធម៌ ក៏បាននិយាយថាតុលាការទីក្រុងប៉ារីស បានទទួលរួចហើយ នូវពាក្យបណ្ដឹងរបស់អ្នកស្រីហ្សូលី ហ្គាវេ (Julie Gayet) នៅថ្ងៃដដែលនេះ ដែលប្ដឹងពីបទ «ជ្រៀតជ្រៀកចូលក្នុងរឿងរ៉ាវ​ផ្ទាល់ខ្លួន និងជីវិតឯកជន»។

នៅក្នុងសេចក្ដីប្រកាសមួយផ្សាយក្នុងថ្ងៃដដែល លោកវ៉ាំងសង់ តូលេដាណូ បាននិយាយថា «អ្នកស្រីហ្សូលី ហ្គាវេ ដែល​មានខ្ញុំជាមេធាវីរបស់គាត់ បានផ្ដល់សិទ្ធិអោយការិយាល័យរបស់ខ្ញុំ តាមដានលើសំនុំរឿងនេះ ដែលទាក់ទងនឹងការ​ផ្សព្វ-​ផ្សាយ ពាក្យចចាមអារាមនៅលើបណ្ដាញអាំងធើណែត ហើយចោទអ្នកស្រីដោយគ្មានមូលដ្ឋានគ្រឹះ ថាមានទំនាក់ទំនង​ផ្លូវចិត្តជាប្រធានាធិបតី នៃសាធារណរដ្ឋបារាំង»។ លោកបញ្ជាក់ថា កូនក្ដីរបស់លោក ចង់បានអោយមានការគោរព ជីវិត​ឯកជននិងគ្រួសាររបស់គាត់ ហើយគ្មានអំណះអំណាងណាមួយសោះ ដែលអាចមកបញ្ជាក់ពីរឿងចចាមអារ៉ាមទាំង​នោះ។

លោកបានពន្យល់ថា ពាក្យបណ្ដឹងនោះ ប្ដឹងប្រឆាំងទល់នឹង X (នេះជានិតិវិធី របស់ប្រព័ន្ធយុត្តិធម៌បារាំង នៅពេលដែល​ជនរងគ្រោះ មិនស្គាល់ អត្តសញ្ញាណពិតប្រាកដនៃអ្នកបំពារបំពាន)។ ប្រភពស្និតនឹងប្រព័ន្ធយុត្តិធម៌បារាំងបានបន្ថែមថា ពាក្យបណ្ដឹងបានបាញ់ទិញដៅដោយប្រយោល ទៅរកគេហទំព័រ មានលក្ខណៈជាឯកជនមួយ ដែលបានផ្សាយមុនគេ នូវពាក្យចចាមអារាមនេះ។

ពាក្យចចាមអារាមនោះ បាននិយាយជាអាថ៌ថា «បានឃើញលោកហូឡង់ នៅក្នុងអាគារស្នាក់នៅ ជាមួយហ្សូលី ហ្គាវេ។ មិត្តភ័ក្រតៗគ្នា បានអះអាងថា ឃើញលោកហូឡង់ នៅពីមុខបបន្ទប់ស្នាក់នៅ របស់តារាភាពយន្ដ។ ហើយជាពិសេស ហ្សូលី ហ្គាវេ ក៏ធ្លាប់និយាយប្រាប់ទៅអ្នកជិតដិតម្នាក់ដែរ ថានាងមានបុរសគូរជីវិតរបស់នាង (...)។» បណ្ដាញផ្សព្វផ្សាយ​ជាច្រើន បានស្វែងរកបញ្ជាក់ការពិតពីប្រភព មិត្តភ័ក្រតៗ គ្នានោះ តែគ្មាននរណាម្នាក់ចេញមកអះអាង ដោយផ្ទាល់មាត់​នោះ​ឡើយ។

រឿងនេះបានថមថយបាត់ទៅវិញ តាំងពីចុងខែកុម្ភះ តែបានរីកត្រឡប់មកវិញ នៅដើមខែមិនា លើបណ្ដាញសង្គម ទ្វីសធើរ (Twitter) និងត្រូវបានគេហទំព័រមួយ យកមកចុះផ្សាយជាអត្ថបទពត៌មាន នៅថ្ងៃទី២៦ខែមិនាកន្លងទៅ។ ដំណឹង​លេចលឺ​ដ៏ហ្មងសៅនេះ បានបញ្ឆេះតារាភាពយន្ដ រហូតដល់មានពាក្យបណ្ដឹងមួយ ដាក់ទៅតុលាការ នៅថ្ងៃព្រហស្បត្តិ៍​ពីរថ្ងៃក្រោយ​មក។

តារាភាពយន្ដ ហ្សូលី ហ្គាវេ អាយុ៤០ឆ្នាំ បានសម្ដែងនៅក្នុងភាពយន្ដខ្នាតធំ ប្រមាណជា៥០ខ្សែ ហើយគេក៏ធ្លាប់ឃើញ​អ្នកស្រី ឧស្សាហ៍សម្ដែងអោយភាពយន្ដទូរទស្សន៍ ដូចគ្នាដែរ។ អ្នកស្រីមានបុត្រពីនាក់ ហើយបានបង្កើតផលិតកម្ម ថត​ភាពយន្ដមួយខ្លួនឯង។ ផលិតកម្មនេះ បានផលិតភាពយន្ដបានចំនួន៨ខ្សែរួចមកហើយ ដែលមានតួអង្គសំខាន់ ជាអ្នកស្រី​ខ្លួនឯង។

ក្នុងឆ្នាំ២០១២ ដែលជាឆ្នាំបោះឆ្នោតប្រធានាធិបតី ក្នុងប្រទេសបារាំង អ្នកស្រីបានចូលរួមក្នុងវីដេអូផ្សាយ របស់បេក្ខជន​ហ្វ្រង់ស័រហូឡង់។ អ្នកស្រីតែងយល់ឃើញពីលោកហូឡង់ ថាជាបុរស«ស្ងប់ស្ងៀម» «អស្ចារ្យ» និង«ត្រងត្រាប់ស្ដាប់»​ជានិច្ចជាកាល។ ថ្មីៗនេះ អ្នកស្រីទើបនឹងបង្ហាញពីការគាំទ្ររបស់លោកស្រី ចំពោះ«អាពាហ៍ពីពាហ៍ សម្រាប់គ្រប់រូប» ឬ​ហៅបានម្យ៉ាងទៀត «អាពាហ៍ពិពាហ៍នៃ​អ្នក​ស្រឡាញ់ភេទដូចគ្នា» ដែលជាផ្នែកមួយ នៃកិច្ចសន្យារបស់ប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ កាលពីពេលឃោសនាបោះឆ្នោត៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...