បាល់ទាត់៖ ក្រុមវែសហេម ទទួលបាន«កីឡាដ្ឋានអូឡាំពិក»ថ្មី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់នៃប្រទេសអង់គ្លេស វែសហេម យូណៃធីត (West Ham United) បានធ្វើការអបអរសាទរ ជាប្រវត្តិសាស្រ្តថ្មីមួយ កាលពីថ្ងៃសុក្រ ម្សិលមិញ បន្ទាប់ពីសេចក្តីសម្រេចរបស់ អភិបាលក្រុងឡុងដ៍ លោក បូរីស ចនសិន (Boris Johnson) យល់ព្រមឲ្យពួកគេយកកីឡាដ្ឋាន អូឡាំពិក (Olympic Stadium) ធ្វើជាកីឡាដ្ឋានផ្តាច់មុខ របស់ក្រុមនេះ ហើយនឹងអាចចាប់ផ្តើមដំណើរការនៅរដូវកាលឆ្នាំ ២០១៦-២០១៧។
កីឡាដ្ឋាន អូឡាំពិក របស់ទីក្រុងឡុងដ៍។
ក្រុមញញួរយក្សមួយនេះ បានត្រៀមលុយប្រមាណ ១៥០លានផោន ដើម្បីស្ថាបនាកីឡាដ្ឋាននេះ ឲ្យចប់រួចរាល់មុនរដូវកាល ២០១៦-២០១៧ ចាប់ផ្តើម។ កីឡាដ្ឋានអូឡាំពិក នឹងត្រូវកែឆ្នៃ ឲ្យមានកៅអី នៅត្រឹមតែ ៥៤០០០ កៅអីតែប៉ុណ្ណោះ ដែលចំនួនកៅអីសព្វថ្ងៃមានចំនួន ៨ម៉ឺនកៅអី។ ការកែប្រែ ដើម្បីឲ្យមានទំហំល្មម ទៅនឹងចំនួនអ្នកទស្សនារបស់ក្រុមមួយនេះ។
លោក ដេវ៊ីដ សាលីវ៉ាន់ (David Sullivan) និងលោក ដេវ៊ីដ ហ្គោល (David Gold) ដែលជាម្ចាស់ក្លឹបបាល់ទាត់ វែសហេម បាននិយាយថា «វាពិតជាអស្ចារ្យខ្លាំងណាស់ សំរាប់អ្នកគាំទ្រក្រុម វែសហេម ហើយការជោគជ័យទាំងនេះ ដោយតែការខិតខំប្រឹងប្រែងរបស់ក្លឹប ក្នុងរយះពេល៣ឆ្នាំចុងក្រោយនេះ»។
ពួកគាត់បានបន្តថា «ចាប់តាំងពីយើង មកកាន់កាប់ក្រុមវែសហេម នៅឆ្នាំ២០១០ យើងមានចក្ខុវិស័យវែងឆ្ងាយ ធ្វើយ៉ាងណាដើម្បីជួយឲ្យក្រុមមួយនេះ អាចប្រកួតប្រជែងជាមួយនឹងក្រុមធំៗ។ ការសម្រេចចិត្តទាំងនោះ ថ្ងៃនេះពិតជាធ្វើឲ្យយើងទទួលបានជោគជ័យ។ យើងបានយកកីឡាដ្ឋានជាតិ មកកែប្រែទៅជាកីឡាដ្ឋានថ្មីរបស់ក្រុមយើង នេះជាមោទនភាពមួយ។»
ក្រុម វែសហេម នឹងលួងលោមអ្នកគាំទ្ររបស់ពួកគេទាំងអស់ ដើម្បីចាកចេញពីកីឡាដ្ឋានចាស់ អ័បតុនផាក (Upton Park) ដែលមានតាំងរូបចម្លាក់វីរបុរសរបស់គេ បប់ប៊ី ម៉ួរ៉េ (Bobby Moore) នៅទីនោះ ឬបើមិនដូចឆ្នោះទេ ពួកគេនឹងយករូបចម្លាក់នោះទៅកាន់កីឡាដ្ឋានថ្មីនោះដែរ។
ក្លឹបមានគំរោងដាក់ឈ្មោះ កីឡាដ្ឋានថ្មីនេះ ដោយមានឈ្មោះវីរបុរសរបស់ពួកគេ ម៉ួរ៉េ នៅមុខគេ បន្ទាប់មកទើបឈ្មោះអ្នកឧបត្ថមនៅតាមក្រោយ។
ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តចំពោះការផ្លាស់ប្តូរនេះដែរ ដោយពួកគេយល់ថា អនាគតរបស់ក្លឹបនេះ អាចទៅជាក្លឹបមួយផ្សេង។ ហើយអ្វីដែលធ្វើឲ្យគេ មិនពេញចិត្តដោយសារតែកីឡាដ្ឋានចាស់ អ័បតុន ផាក របស់ពួកមានអាយុកាល ជាង១០០ឆ្នាំមកហើយ ហើយធ្លាប់មានវីរបុរសពួកគេជាច្រើននាក់ បានលេងនៅទីនោះ វាជាការចង់ចាំ និងមានអនុស្សាវរីយ៏ល្អៗជាច្រើន ដែលមិនអាចបំភ្លេចបាន៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ