ចិនព្រួយបារម្ភ ពីការសាកល្បងបាញ់កាំជ្រួច របស់កូរ៉េខាងជើង
ប្រទេសចិន កាលពីថ្ងៃអាទិត្យទី២វិច្ឆិកា បាននិយាយពីភាពព្រួយបារម្ភរបស់ខ្លួន នៅក្រោយបន្ទាប់ពីការប្រកាស របស់ប្រទេសកូរ៉េខាងជើង ដែលមានគម្រោងចង់បាញ់កាំជ្រួច នៃប្រព័ន្ធផ្កាយរណបរបស់ខ្លួន។ ការព្រួយបារម្ភនេះ បានកើតមានឡើង បើទោះជាគេដឹងថា ប្រទេសចិន និងកូរ៉េខាងជើង ជាសម្ព័ន្ធភាព ខាងវិស័យសេដ្ឋកិច្ច និងការទូតនោះក៏ដោយ។
ព្យុះហយាត្រា របស់កងទ័ពកូរ៉េខាងជើង ក្នុងថ្ងៃបុណ្យជាតិរបសប្រទេសនេះ។
ជាគម្រោងការបាញ់កាំជ្រួចមួយ ដែលទីក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក និងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានប្រឆាំងយ៉ាងដាច់ណាត់ ថាជាការរំលោភថ្មីមួយទៀត របស់ប្រទេសកុម្មុយនីសមួយនេះ ក្នុងខណៈនៅមានទណ្ឌកម្ម ពីសហគមអន្តរជាតិនោះផងនៅឡើយ។
ទីភ្នាក់ងារសារពត៌មានផ្លូវការ «ចិនថ្មី» បាននិយាយដោយមិនបានបញ្ចាក់ប្រភពថា «ប្រទេសចិនបង្ហាញពី ភាពខ្វល់ខ្វាយរបស់ខ្លួន ទាក់ទងនឹងគម្រោងការបាញ់បង្ហោះ កាំជ្រួចផ្កាយរណប ដោយសាធារណរដ្ឋប្រជាមានិតកូរ៉េ (ឈ្មោះរបស់ប្រទេសកូរ៉េខាងជើង) ហើយប្រទេសចិនសង្ឃឹមថា រាល់ភាគីទាំងអស់ដែលពាក់ព័ន្ធ នឹងខិតខំជួយជំរុញ តុល្យភាពតំបន់នៅក្នុងឧបទ្វីបកូរ៉េ»។
ទីក្រុងព្យុងយ៉ាង បានប្រកាសអោយដឹងពីថ្ងៃសៅរិ៍ ពីគ្រោងការរបស់ខ្លួន រវាងពីថ្ងៃទី១០ ដល់ថ្ងៃទី២២ធ្នូ ដែលនឹងធ្វើការសាកល្បងបាញ់កាំជ្រួច បង្ហោះផ្កាយរណប ត្រួតពិនិត្យមួយ បន្ទាប់ពីបានបាញ់កាំជ្រួចនេះ មិនបានសម្រេចកាលពីខែមេសាមុន។
សេចក្ដីប្រកាស របស់កូរ៉េខាងជើងនេះ ស្ថិតនៅក្រោមសម្ពាធ នៃការដាក់ទណ្ឌកម្មរបស់សហគមអន្តរជាតិ ដែលមាននៅជាធរមាននៅឡើយ ក្រោយបន្ទាប់ពីខ្លួនបានសាកល្បងអាវុធនុយក្លេអ៊ែរ កាលពីឆ្នាំ២០០៦ និង២០០៩ កន្លងមក។
សហរដ្ឋអាមេរិក បានបរិហាសេចក្ដីប្រកាសរបស់កូរ៉េខាងជើង ថាជា«ការរករឿងដ៏ធំ»មួយ ហើយបានរំលឹកប្រទេសនេះ ពី«រាល់ការប្រើប្រាស់បច្ចេកវិទ្យា ភ្ជាប់គ្រាប់ម៉ីស៊ីល ណាមួយក៏ដោយ វាជាការរំលោភ ដល់សេចក្ដីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្ដិសុខរ របស់អង្គការសហប្រជាជាតិ»។
ទាក់ទងនឹងការសាកល្បងនេះ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក មើលឃើញថា ជាការសាកល្បងបាញ់ កាំជ្រួចចម្ងាយឆ្ងាយមួយ ដែលអ្នកជំនាញខាងលោកខាងលិច និយាយថាអាចបាញ់បានរហូតដល់ ៦ ៧០០គម។ អ្នកជំនាញទាំងនោះបាននិយាយបញ្ជាក់ថា កាំជ្រួចចម្ងាយឆ្ងាយនេះ ជាដំណាក់កាលថ្មីមួយទៀត ក្នុងការផ្ទៀតផ្ទាត់រកមើល ពីលទ្ធភាពឈានទៅភ្ជាប់អាវុធ នុយក្លេអ៊ែរទៅជាមួយ។
ប្រទេសចិនជា ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់កូរ៉េខាងជើង ដែលជាប្រទេសកុម្មុយនីស រស់នៅឯកោតែឯង ខាងផ្នែកការទូត ពីសហគមអន្តរជាតិ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសជាមិត្តទាំងពីរ បានព្រមព្រៀងជំរុញអោយបានលឿនរួមគ្នា កាលពីពេលថ្មីៗនេះ នូវការបង្កើតតំបន់សេដ្ឋកិច្ច នៅតាមបណ្ដោយព្រំប្រទល់៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ