សង្គ្រាមហ្វេសប៊ុក៖ សម រង្សី​ថា​ឈ្នះ​លើ​បណ្ដាញ​សង្គម តែហ៊ុន សែន​​ថា​អត់​មាន​លេង​ទេ

បន្ទាប់ពីប្រធានបក្សសង្គ្រោះជាតិ រស់នៅនិរទេសក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ បានប្រកាសពីជ័យជម្នះនៃការបោះឆ្នោត លើលោកនាយករដ្ឋមន្ត្រី ក្នុងបណ្តាញសង្គម facebook ជាការឆ្លើយតបវិញ លោកនាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈ ឲ្យអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) កុំបោះឆ្នោតឲ្យគណបក្សប្រឆាំង ជាពិសេសបុគ្គល លោក សម រង្ស៊ី។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: June 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កណ្តាល៖ បន្ទាប់ពីប្រធានបក្សសង្គ្រោះជាតិ រស់នៅនិរទេសក្រៅប្រទេសដើម្បីគេចពីការជាប់ពន្ធនាគារ បានប្រកាសពី ជ័យជម្នះនៃការបោះឆ្នោត លើលោកនាយករដ្ឋមន្ត្រី ក្នុងបណ្តាញសង្គម facebook ជាការឆ្លើយតបវិញ លោកនាយក​រដ្ឋមន្ត្រីបានប្រកាសជាសាធារណៈ ឲ្យអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) កុំបោះឆ្នោតឲ្យគណបក្សប្រឆាំង ជាពិសេសបុគ្គល លោក សម រង្ស៊ី។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ថ្លែងចេញពីខេត្តកណ្តាល ស្រុកអង្គស្នួល ក្នុងពិធីសម្ពោធអគារសិក្សា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាន មាន​ប្រសាសន៍​ថា ខុទ្ទកាល័យរបស់លោក ធ្លាប់បានប្រកាសបដិសេធពីឈ្មោះរបស់លោក នៅក្នុងហ្វេសប៊ុករួចហើយ ដូច្នេះលោក ផ្តាំផ្ញើរ​ទៅយុវជនអ្នកលេងហ្វេសប៊ុក ឲ្យដឹងថា លោកមិនមាន Account ផ្ទាល់ខ្លួន ក្នុងហ្វេសប៊ុក ដូចការលើកឡើងរបស់​គណបក្សប្រឆាំងទេ។ លោកបានថ្លែងឲ្យដឹងថា ៖ «ខ្ញុំសុំអំពាវនាវឲ្យប្រជាពលរដ្ឋ កុំឲ្យបោះឆ្នោតឲ្យគណបក្សប្រឆាំង ដោយសារគណបក្សប្រឆាំង បានប្រកាសថាខ្លួន មិនទទួលយកលទ្ធផលការបោះឆ្នោត។ បើមិនបោះឆ្នោតឲ្យ​គណបក្ស​ប្រជាជនទេ បោះឆ្នោតឲ្យគណបក្សផ្សេងទៅ កុំបោះឲ្យបក្សប្រឆាំងនាំតែខាតសន្លឹកឆ្នោត។»

លោកបានថ្លែងឲ្យ ដឹងទៀតថា នៅពេលទំនេរលោកមើលសៀវភៅ ពិនិត្យឯកសារ និងលេងអុក មិនមែនសម្រាប់​ហ្វេសប៊ុក ដូចលោក សម រង្ស៊ី ទេ ដូច្នេះការប្រកាសពីជ័យជម្នះរបស់បក្សប្រឆាំង លើលោក ក្នុងហ្វេសប៊ុក នោះគ្រាន់តែ​ជ័យជម្នះតែម្នាក់ឯងប៉ុណ្ណោះ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «បើសិនជាខ្ញុំមាន facebook មែននោះ គ្រាន់តែសមាជិក​គណបក្សប្រជាជនកម្ពុជា ចុច Like ក៏ឈ្នះបក្សប្រឆាំង ដូចអ្វីដែល IRI បានប្រកាសពីលទ្ធផលនៃការស្ទង់មតិ ក្នុងពេល​កន្លងមក អំពីប្រជាប្រិយភាពរបស់ខ្ញុំ»។

កាលពីថ្ងៃទី១៣ខែមិថុនា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសនៅខណៈជួបជាមួយនឹងក្រុមយុវជន តាម​វិដេអូខនហ្វឺរេន ពីក្រៅប្រទេស ពីជ័យជម្នះរបស់លោក នៅក្នុងហ្វេសប៊ុក លើលោកហ៊ុនសែនថា លោកទទួល​បាន​អ្នក​គាំទ្រ នៅលើគេហទំព័រហ្វេសប៊ុករបស់លោកច្រើនជាង អ្នកគាំទ្រ លោក ហ៊ុន សែន សម្រាប់ជាបេក្ខភាពជា​នាយករដ្ឋមន្ត្រី​ដូចគ្នា។


រូបថត លោក ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយដាក់ឈ្មោះលោក
ប៉ុន្តែលោកហ៊ុន សែនថាមិនមែនជារបស់លោកទេ។


រូបថត លោក សម រង្សី នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។

លោក សម រង្ស៊ី បង្ហាញថា លោកទទួលបានអ្នកគាំទ្រ ៦៧,៥៩៥នាក់ គឺច្រើនជាង ចំនួន៣៤នាក់ នៃអ្នកគាំទ្រលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានអ្នកគាំទ្រ ៦៧,៥៦១នាក់នោះ។ ហើយការប្រកាសបែបនេះ ផ្អែកលើលទ្ធផល​នៃ​ការស្ទង់មតិ ដោយការចុច Like ឬចូលចិត្ត ទៅលើគេហទំព័រហ្វេសប៊ុក បេក្ខជននាយករដ្ឋមន្ត្រីទាំងពីរ ដោយគិតមកទល់​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង៧ និង ៩នាទី។

មួយថ្ងៃមុនការប្រកាសឈ្នះនេះ លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យមានអ្នកគាំទ្រជួយចុចចូលចិត្ត  (like) លើហ្វេសប៊ុក​របស់លោកឲ្យបាន១ពាន់នាក់ទៀត ដើម្បីឈ្នះ លោក ហ៊ុន សែន ខណៈលោកនៅថ្(ងៃទី១១ មិថុនា ២០១៣ នៅម៉ោង ១៥:៣៥ លោក ហ៊ុន សែន បានទទួល អ្នកគាំទ្រ ៦៧,៤៨៩ "LIKE" ហើយ សម រង្ស៊ី បានទទួល ៦៣,៩០៤ "LIKE" ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា ការគាំទ្រតាមរយៈហ្វេសប៊ុក នោះគឺជាឆន្ទៈ​រាស្ត្រពិតប្រាកដ គឺពុំមានអ្នកណាបង្ខំឲ្យធ្វើនោះទេ។ លោកបានបន្ថែមទៀតថា ៖ «ប្រសិនបើរាស្ត្រទូទៅ​ទទួល​បាន​ព័ត៌មានបោះឆ្នោត ដូចយុវជនតាមហ្វេសប៊ុក នោះខ្ញុំជឿជាក់ថាគណបក្សសង្គ្រោះជាតិពិតជាឈ្នះឆ្នោត ដែលគ.ជ.ប មិនអាចបន្លំបាន»។

លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបាននិយាយថា ប្រសិនលោកពុំមាន Account ហ្វេសប៊ុក វាគឺជារឿងត្រឹមត្រូវ ប្រសិនបើរក គណេយ្យរបស់គាត់នៅលើទំព័រ Face Book មិនឃើញ។ មកដល់ពេលនេះ ពុំមាននយោបាយអត់មាន Face Book នោះទេ។ លោកបានពន្យល់ទៀតថា ៖ «ចំពោះការបាត់បង់ហ្វេសប៊ុក គឺជាការបាត់បង់ឳកាស ក្នុងការទទួលព័ត៌មាន​ពីយុវជន បើទោះបីជាព័ត៌មាននោះពិតកំរិតណាក៏ដោយ តែអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ»៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...