ស្រ្តីត្រូវមានវត្តមានឲ្យច្រើន នៅក្នុងឆាកនយោបាយកម្ពុជា
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រ្តីគួមានវត្តមានច្រើនជាង៥០ភាគរយ នៃបេក្ខជនតែងតាំងដោយគណបក្សនយោបាយ ក្នុងការបោះឆ្នោត ពិសេសការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុកស្រុក ខណ្ឌត្រូវតែជាស្ត្រី។ នេះជាការជំរុញ របស់អង្គការសង្គមស៊ីវិលចំនួន២០ ដែលបានរៀបចំឡើង នូវការជួបជុំគ្នាមួយ នៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)
ស្រ្តី និងនយោបាយ - នាយិកាអង្គការសីលការ (Silka) លោកស្រី ធីតា ឃើស បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា លោកស្រីសង្កេតឃើញថា ចំនួនស្រ្តីចូលរួមក្នុងឆាកយោបាយ និងក្នុងភាពជាអ្នកដឹកនាំមានតិចតួចបំផុត។ ថ្លែងក្នុងសិក្ខាសាលា ថ្ងៃ២៤ ខែមិថុនា នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ស្តីពីសេចក្ដីស្នើវិសោធនកម្មច្បាប់បី ដែលនឹងដាក់ទៅរដ្ឋាភិបាល គណបក្សប្រឆាំង និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ លោកស្រី ធីតា ឃើស បានស្នើនូវការផ្តល់ជាអនុសាសន៍សម្រាប់កម្ពុជា ធ្វើយ៉ាងណាមានវត្តមានស្រ្តីជាអ្នកតំណាង និងទទួលបន្ទុកក្នុងមើលការខុសត្រូវរបស់ប្រជាពលរដ្ឋ និងសង្គមទាំងមូលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាការឆ្លើយតបនឹងការលើកឡើងខាងលើនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី លោកក៏គាំទ្រឲ្យស្រ្តីចូលរួម ធ្វើជាតំណាងសម្រាប់កម្ពុជាឲ្យបានច្រើន។ លោកបន្តថា ប្រទេសផ្សេងគ្នា ក៏មានការអនុវត្តផ្សេងគ្នាក្នុងការបង្កើនចំនួនស្រ្តី តាមកំរិតនៃការយល់ដឹងរបស់ស្រ្តី ទៅក្នុងអភិបាលកិច្ចនៃប្រទេសមួយ។ ជាមួយគ្នានេះ នៅប្រទេសមួយចំនួន ក៏មានកំណត់ចំនួនកូតា សំរាប់អ្នកតំណាងជា«ស្រ្តី»ដែរ។ លោកបានបន្តថា តាមគោលនយោបាយរបស់ប្រទេស អាចដាក់បញ្ចូលនូវចំនួនកូតា សម្រាប់ស្រ្តី ក្នុងភាពជាតំណាងនេះទៅក្នុងច្បាប់មួយ។
លោកបានឲ្យជាឧទាហរណ៍ថា កាលលោកនៅជាសាស្រ្តាចារ្យ នៃសាលាច្បាប់មួយក្នុងប្រទេសអង់គ្លេស គណបក្សនយោបាយដែលសំខាន់មួយ មានគោលនយោបាយដើម្បីបញ្ចូលនូវបញ្ជីឈ្មោះបេក្ខជនជាស្រ្តីទៅតាមតម្រូវការ។ ពេលនោះ ស្រ្តីអាចធ្វើជាអ្នកតំណាងគ្រប់គ្រាន់ នៅក្នុងសភា។ ជាមួយគ្នានេះ ស្រ្តីក៏ជាបុគ្គល ដែលត្រូវបានទទួលឱកាស ពេលវេលា និងភាពស្មើគ្នារបស់ស្រ្តីក្នុងការចូលរួមជាតំណាង នៅក្នុងនយោបាយ ដើម្បីទទួលបាននូវតំណែង និងអំណាច។ លោកបានផ្តល់ជាអនុសាសន៍ថា៖ «គួមានស្រ្តីច្រើននៅតាមតំបន់ផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ (...) ខ្ញុំសង្កេតឃើញថា មានស្រ្តីតិចតូចប៉ុណ្ណោះ។ (...) ខ្ញុំចង់ឃើញស្រ្តីច្រើនជាងមុន ក្នុងការជ្រើសតាំងពួកគាត់ឲ្យក្លាយជាព្រះរាជអាជ្ញា ក្លាយជាចៅក្រម យើងនឹងឃើញភាពប្រសើរជាងមុន អំពីតម្លៃរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ (...) និងការចូលរួមរបស់ស្រ្តី ក្នុងការតាក់តែងគោលនយោបាយ។»
ប្រធានអង្គការ អាដហុក លោកធន សារ៉ាយ បានឯកភាពលើការលើកឡើងរបស់លោក ស៊ូប៊ែរឌី ខាងលើនេះដែរ។ លោកបាននិយាយថា ក្រុមអង្គការសង្គមស៊ីវិល ចង់បានការកំណត់នូវកួតាមួយ ជាក់លាក់សម្រាប់វត្តមានរបស់ស្រ្តីក្នុងការចូលរួមឆាកនយោបាយ ពិសេសបេក្ខភាពនៃការបោះឆ្នោតនៅគ្រប់លំដាប់ថ្នាក់។ ទោះយ៉ាងនេះក្តី ក្នុងពេលវេលានេះ លោកនឹងព្យាយាមដាក់បញ្ជូលប្រព័ន្ធកូតានេះ ទៅក្នុងច្បាប់នានាក្នុងការបោះឆ្នោតនេះ។ «ក្នុងអង្គប្រជុំថ្ងៃនេះ យើងនឹងខិតខំជជែកគ្នារកពិធីសាស្រ្ត ធ្វើម៉េចដាក់កូតាឲ្យបាននៅគ្រប់កំរិតជាការល្អ ដើម្បីឲ្យស្រ្តីចូលរួម នៅក្នុងគ្រប់សកម្មភាពនយោបាយ នៅក្នុងប្រទេសយើង។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មតបពីមន្ត្រីរដ្ឋាភិបាលបានទេក្នុងល្ងាចនេះ ដោយពុំអាចភ្ជាប់ទំនាក់ទំនងបាន។ ប៉ុន្តែកន្លងមក លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតអាណត្តិទីប្រាំនេះ ក្នុងបញ្ជីឈ្មោះគណបក្សនយោបាយ ដែលបានដាក់តំកល់នៅ គ.ជ.ប មានការបញ្ជូលបេក្ខភាពជាស្រ្តី ច្រើនជាងអាណត្តិមុនៗ។
តាមរបាយការណ៍របស់គណៈកម្មាធិការលើកស្ទួយស្រ្តី ក្នុងវិស័យនយោបាយ បានបង្ហាញថា ស្ត្រីដែលជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ មានចំនួន ៤៥៨នាក់ ស្មើនឹង១៣,៧៧%។ ចំណែកអាណតិ្តទី១ឆ្នាំ២០០៩ មានស្ត្រីជាប់ឆ្នោតមានចំនួន ៣៨៨នាក់ ស្មើនឹង១២%។ ចំនួននេះបង្ហាញថា ចំនួនស្ត្រីជាប់ឆ្នោតកើនឡើងតែ ១,៧៧%ប៉ុណ្ណោះ៕