ពុង ឈីវ កេក ត្រូវបានជ្រើសរើសជាសមាជិកទី៩ នៃ គ.ជ.ប ថ្មី
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមាជិកទី៩ គ.ជ.ប - ព័ត៌មានជាផ្លូវការ ពីមន្រ្តីច្បាប់ជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិលោក រស់ សួរ បានលើកឡើងថា នាព្រឹកថ្ងៃទី២៨ ខែកក្កដា នេះថ្នាក់ដឹកនាំកំពូលៗទាំងពីរ បានទំនាក់ទំនងជាមួយលោកស្រី ពុង ឈីវ កេក សុំចូលរួមជាសមាជិកទី៩នៃ គ.ជ.ប។ លោកបន្តថា លោកស្រីមិនទាន់ឆ្លើយតបភ្លាមៗនោះទេ ដោយសុំពេលបីម៉ោងពិចារណា និងប្រជុំជាមួយក្រុមការងារ នៃអង្គការលីកាដូរបស់លោកស្រីសិន។
សូមរំលឹកដែរថា កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ នៅវិមានរដ្ឋសភា លោក ហ៊ុន សែន និងលោក សម រង្ស៊ី មានជំនួបក្រៅផ្លួវការមួយ ដោយពិភាក្សាស្វែងរកសមាជិកទី៩ របស់គ.ជ.ប។ ពាក់ព័ន្ធនឹងបញ្ហាសមាជិកទី៩ គ.ជ.ប នេះ លោក ហ៊ុន សែន ក៏ដូចជាលោក សម រង្ស៊ី នៅចំពោះមុខអ្នកសារព័ត៌មាន បានបង្ហាញនូវឆន្ទៈក្នុងការជ្រើសរើស បេក្ខភាពទី៩ របស់ គ.ជ.ប ដែលចេញពីអង្គការសង្គមស៊ីវិល។
ឯលោកស្រី ពុង ឈីវ កេក វិញ តាមការបញ្ជាក់របស់ជំនួយការលោកស្រី ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូក្នុងថ្ងៃទី២៨ ខែកក្កដានេះ ថាលោកស្រីកំពុងប្រជុំពិភាក្សា និងក៏កំពុងរៀបចំឯកសារមួយចំនួន ឬលិខិតដើម្បីឆ្លើយតបទៅថ្នាក់ដឹកនាំនៃគណបក្សទាំងពីរខាងលើនោះដែរ។ លោកស្រីក៏បានកោះប្រជុំសមាជិក នៃថ្នាក់ដឹកនាំអង្គការលីកាដូ មកទល់នឹងម៉ោង១២ នេះ នៅមិនទាន់មានចម្លើយតបនៅឡើយ។ ឯការឆ្លើយតបយ៉ាងណានោះ អាចនឹងមានលិខិតជាផ្លូវការចេញនាថ្ងៃទី២៩ ខែកក្កដា ខានស្អែកនេះ។
«ប្រាំ»សម័យកាល ...
មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបន្តថា ជំហរក្នុងការជ្រើសរើសលោក ស្រី ពុង ឈីវ កេក នោះ ព្រោះតែលោកស្រីជាមនុស្ស ដែលបានស្ថិតនៅក្នុង«ប្រាំ»សម័យកាល នៃដំណើរការវិវឌ្ឍន៍នយោបាយនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ចំណុចដែលពិសេសនោះលោកស្រី ពុង ឈីវ កេក ធ្លាប់បានចូលរួមក្នុងការរៀបចំកិច្ចចរចា ឈានទៅរកការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។
សូមរម្លឹកថា ក្រៅពីសមាជិកបេក្ខភាពទី៩ របស់គ.ជ.ប នេះ ទាំងលោក ហ៊ុន សែន ទាំងលោកសមរង្ស៊ី មិនបានបញ្ជាក់ឈ្មោះនូវបេក្ខភាពទាំងបួនរូប ដែលចេញមកពីគណបក្សទាំងពីរនោះនៅឡើយដែរ។ តែលោក ហ៊ុន សែន បានបង្ហើបយ៉ាងដូច្នេះថា «បេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជាបួនរូប ក៏សុំរក្សាទុកដែរ»។