សម្ភាសហង្ស ពុទ្ទា ៖ តួនាទីរបស់តំណាងរាស្រ្ត ត្រូវគិតពី«ប្រយោជន៍»បក្សឬរាស្រ្ត?
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: July 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីជាជំនួយស្មារតី និងក៏ជាការបង្ហាញជូនដល់ ប្រជាពលរដ្ឋទាំងអស់ដែលជា«ម្ចាស់ឆ្នោត» ឲ្យកាន់តែយល់ច្បាស់នោះ ក្រៅពីគោលនយោបាយរបស់គណបក្សទាំង៨ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មនោរម្យព័ងអាំងហ្វូ សូមធ្វើការបង្ហាញនូវចំណុចមួយចំនួន ដែលនឹងធ្វើការពិនិត្យ ប្រៀបធៀប ឲ្យបានត្រឹមត្រូវ នឹងច្បាស់លាស់ ពីវាសនាអនាគតខ្លួន ក៏ដូចជាប្រទេសជាតិទាំងមូល មុននឹងសម្រេចចិត្ត«គូស» គាំទ្រគណបក្ស លើសន្លឹកឆ្នោតណាមួយដាក់ក្នុង«ធុងឆ្នោត»នោះ។
លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ នៅកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
តើតំណាងរាស្ត្រមានតួរនាទី និងការទទួលខុសត្រូវយ៉ាងណាខ្លះ? ហើយត្រូវបម្រើផលប្រយោជន៍អ្វីខ្លះដល់រាស្ត្រ និងប្រទេសជាតិនោះ? តំណាងរាស្រ្តជានណា? កើតមកពីណា? មានចំនួនប៉ុន្មាននាក់ ជាតំណាងទូទាំងប្រទេសនោះ? ហើយពួកតំណាងរាស្រ្ត អាចមានលទ្ធភាព និងមានឯករាជ្យភាព ក្នុងការដោះស្រាយបញ្ហាបានកំរិតណា? ។ ដើម្បីបានដឹងពីបញ្ហានេះ សូមជួបជាមួយលោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា និចហ្វិក (NECFEC) ដូចតទៅ៖
មនោរម្យព័ងអាំងហ្វូ ៖ តើពលរដ្ឋគ្រប់រូប ត្រូវធ្វើយ៉ាងណាដើម្បី អាចធ្វើការជ្រើសរើសតំណាងរាស្រ្ត ដែលដឹងពីសុខទុក្ខ និងជួយដោះស្រាយការលំបាករបស់រាស្រ្ត?
ហង្ស ពុទ្ធា ៖ បាទ! ពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការជ្រើសតាំងតំណាងរាស្រ្ត ជាសមាជិកសភា ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវដោយពិនិត្យលើ កម្មវិធីនយោបាយរបស់គណបក្ស។ ពិនិត្យមើលការអនុវត្តជាក់ស្តែង ភាពល្អប្រសើរនៃនយោបាយផ្ទៃក្នុងបក្ស អាចសម្លឹងមើលពីចំណេះដឹង សមត្ថភាព និងឥរិយាបទរបស់អ្នកតំណាងរាស្ត្រទាំងនោះ ពិសេសបេក្ខជនក្នុង តំណែងជានាយករដ្ឋមន្ត្រី។ មើលពីលទ្ធផលការងារសង្គម និងទិដ្ឋភាពទូទៅនៃការរស់នៅជាក់ស្តែងពួកគាត់ ធៀបទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ។
មនោរម្យព័ងអាំងហ្វូ ៖ ដោយកម្ពុជាយកប្រព័ន្ធបោះឆ្នោតបែបសមាមាត្រ តើនិងត្រូវធ្វើយ៉ាងម៉េច ដើម្បីទទួលបានតំណាងរាស្រ្តមួយកើតចេញពីឆន្ទៈរបស់រាស្រ្ត?
ហង្ស ពុទ្ធា ៖ កម្ពុជាជាប្រព័ន្ធបោះឆ្នោតសមាមាត្រ ការអនុវត្តជាក់ស្តែងសំដៅលើគណបក្សទាំងមូលផង និងក៏សំដៅទៅលើបុគ្គលដែលជាសកម្មជនរបស់គណបក្សផងដោយធ្វើការចែងចែកជាពីរប្រភេទ។ ចំពោះគណបក្សកាន់អំណាចលោកមានគោលនយោបាយ និងសកម្មភាពនោះយើងអាចធ្វើការប្រៀបធៀបបាន តែដោយឡែកគណបក្សដែលមិនកាន់អំណាចវិញ ដូចជាគណបក្សថ្មីទើបតែបង្កើត ឬគណបក្សប្រឆាំង ដែលសកម្មភាពមិនសូវមាន តែមានផ្សព្វផ្សាយកម្មវិធីនយោបាយដែលនិយាយចំ«ចំណុចរសើប»របស់ប្រជាពលរដ្ឋ។ ដូច្នេះប្រជាពលរដ្ឋអាចធ្វើការសម្លឹងមើលថា តើអ្នកដែលគេកំពុងនិយាយជាមួយយើងហ្នឹង ជឿទុកចិត្តបានឬទេ?
មនោរម្យព័ងអាំងហ្វូ ៖ ពាក្យថា«តំណាងរាស្រ្ត» ប្រជាពលរដ្ឋមួយចំនួនបាលស្គាល់ និងមួយចំនួនទៀតក៏មិនបានស្គាល់ដែរ តើលោកអាចជួយបញ្ជាក់បានទេថា តំណាងរាស្រ្តនោះជានណា? ហើយកើតចេញមកពីណា? នឹងមានចំនួនប៉ុន្មាននាក់សម្រាប់តំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេសនោះ?
ហង្ស ពុទ្ធា ៖ តាមការកំណត់របស់ច្បាប់ តំណាងរាស្រ្តក្នុងរដ្ឋសភាមានចំនួន១២៣រូប។ ឯពាក្យថាតំណាងរាស្រ្ត ជាតំណាងរបស់រាស្រ្តនៅក្នុងរដ្ឋសភាពិតប្រាកដ។ «តាមប្រព័ន្ធសមាមាត្រតំណាងរាស្រ្តកើតចេញពីបក្ស»។ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តបាន ត្រូវតែចូលជាសមាជិករបស់បក្សណាមួយ គ្មានបក្ស មិនមានបេក្ខភាពជាតំណាងរាស្រ្តនោះទេ។
ប៉ុន្តែតាមការអនុវត្តជាក់ស្តែងវិញ តំណាងរាស្រ្តមានតួនាទីពីរ មួយតំណាងឲ្យរាស្រ្តផង និងតំណាងឲ្យបក្សផង។
មនោរម្យព័ងអាំងហ្វូ ៖ ក្រោយពីក្លាយខ្លួនជាតំណាងរាស្រ្តហើយ តើតំណាងរាស្រ្តមានតួនាទីអ្វីខ្លះ ជាប្រយោជន៍ឲ្យជាតិ និងប្រជារាស្រ្ត?
ហង្ស ពុទ្ធា ៖ តំណាងរាស្រ្តក្រៅពីតំណាងបក្សរបស់ខ្លួនក្នុងការឃោសនា ពួកគាត់មានតួនាទី ចុះសូរសុខទុកប្រជាពលរដ្ឋ ទទួលនូវសំណើរកើតទុកមិនសុខចិត្តរបស់រាស្រ្ត ដាក់ជូនរដ្ឋសភា ដើម្បីដោះស្រាយ។ តំណាងរាស្រ្ត ជាអ្នកស្នើរច្បាប់ និងក៏ជាអ្នកអនុម័តច្បាប់ សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ការចុះតាមដាននូវការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ក៏ជាតួនាទីរបស់តំណាងរាស្រ្តផងដែរ។ ជាពិសេសអនុវត្តតាមកម្មវិធីនយោបាយ ដែលខ្លួនបានសន្យាកាលពីតំណាក់កាលនៃការឃោសនា ដែលជាកម្មវិធីរបស់បក្ស។ ដូច្នេះតម្រូវឲ្យតំណាងរាស្រ្តទាំងអស់ត្រូវសហការគ្នា ក្នុងការបង្ហាញពីការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព។
មនោរម្យព័ងអាំងហ្វូ ៖ បើប្រជាពលរដ្ឋបានធ្វើការជ្រើសរើសគណបក្សមួយដែលមានគោលនយោបាយល្អហើយ តែដោយឡែកតំណាងរាស្រ្ត ដែលបានចាត់តាំងដោយបក្សនោះមិនមានចំណេះដឹង គ្មានសមត្ថភាព និងគ្មានឥរិយាបទល្អ តើពួកគាត់នឹងត្រូវធ្វើការផ្លាស់ប្តូរដោយវិធីណា?
ហង្ស ពុទ្ធា ៖ ប្រជាពលរដ្ឋអាចស្នើរសុំឲ្យមានការដកនូវតំណាងរាស្រ្តណាមួយដែលខ្លួនមិនពេញចិត្ត តាមរយៈការិយាល័យអ្នកតំណាងរាស្រ្តដែលប្រចាំនៅក្នុងខេត្ត ឬបនៅមណ្ឌលនោះ។ បើតាមច្បាប់ចែងពីការបាត់បង់នូវសមាជិកភាព របស់គណបក្សនយោបាយនៃអ្នកតំណាងរាស្រ្ត ក៏នឹងបាត់បង់ទួនាទីនៅក្នុងរដ្ឋសភាដែរ។
មនោរម្យព័ងអាំងហ្វូ ៖ ដោយតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ តើការស្នើសុំឲ្យមានការដកតំណាងរាស្រ្តណាមួយនោះ ត្រូវធ្វើឡើងដោយបក្សដែលជាអ្នកចាត់តាំង ឬដោយរដ្ឋសភា?
ហង្ស ពុទ្ធា ៖ តាមប្រព័ន្ធសមាមាត្រ គណបក្សនយោបាយជាអ្នកដាក់ឈ្មោះបេក្ខជន ដូច្នេះគណបក្សនយោបាយ ជាអ្នកចាត់ចែងទៅលើតំណាងរាស្រ្តរបស់ខ្លួនក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋ។ បន្ទាប់មកប្រធានបក្សត្រូវជូនដំណឹង ទៅប្រធានរដ្ឋសភា ហើយប្រធានសភាលោកជាអ្នកធ្វើការដកង្នកតំណាងរាស្រ្តរូបនោះ។ ក្រោយពីការដកតំណាងរាស្រ្តដែលមានកំហុសណាមួយហើយនោះ គណបក្សសាម៉ីត្រូវស្នើរសុំទៅ គ.ជ.ប ដើម្បីសើរើបញ្ជីឈ្មោះអ្នកតំណាងរាស្រ្តបន្ទាប់ ដើម្បីដាក់ចូលជាសមាជិករដ្ឋសភា ជំនួសកៅអីដែលដែលត្រូវបានដកចេញ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០២ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ