បាល់ទាត់ពិភពលោក៖ ម៉ិកស៊ិកជម្រះក្អែលកាមើរូន ក្រោមភ្លៀងធ្លាក់
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺកីឡាករ អូរីបេ ប៉េរ៉ាតា (Oribe Peralta) ជាអ្នកឆ្លៀតឱកាស បាល់ខ្ទាតចេញពីដៃអ្នកចាំទីកាមើរូនមកវិញ ទាត់មួយជើងបំបោងសំណាញ់ ធ្វើឲ្យម៉ិកស៊ិក ទទួលបានជ័យជំនះ ជាស្ថាពរលើដៃគូរប្រកួត មកពីទ្វីបអាហ្វ្រិករបស់ខ្លួន។ ប៉ុន្តែតាមពិតទៅ ម៉ិកស៊ិក មិនមែនត្រូវបានទទួលបានពិន្ទុ តែមួយគ្រាប់នេះទេ ព្រោះអាជ្ញាកណ្ដាលបានបដិសេធគ្រាប់បាល់ របស់ក្រុមប្រទេសនៅទ្វីបអាមេរិកកណ្ដាលមួយនេះ ចំនួនពីរគ្រាប់មុននេះ។
បាល់ទាត់ពិភពលោក - ទោះជាគ្រាប់បាល់ចំនួនពីរ ត្រូវបានបដិសេធចោលយ៉ាងសោកស្ដាយ នៅពាក់កណ្ដាលម៉ោងទីមួយ ដោយអាជ្ញាកណ្ដាលក៏ដោយ ប៉ុន្តែក្រឡាបាល់ដែលគ្របទៅលើ ក្រុមកាមើរូន ជាពិសេសនៅពេលដែលខ្សែការពាររបស់កាមើរូន មានចន្លោះប្រហោងជាច្រើននោះ បានធ្វើឲ្យក្រុមម៉ិកស៊ិកនៅទីបំផុត ទទួលបានជ័យជំនះ។
ជាការប្រកួតដ៏ពិបាក ដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុក នៅប្រទេសប្រេស៊ីល នៅថ្ងៃទី១៣ ខែមិថុនានេះ ជាពិសេសក្នុងអំឡុងពេលនៃការប្រកួត រវាងក្រុមទាំងពីរ ហើយការស្វែងរកឱកាសដើម្បីវាយសម្រុកគ្នាទៅវិញទៅមក ក៏មិនជាស្រួលប៉ុន្មាននោះដែរ។ មួយគ្រាប់ដំបូងរបស់ ម៉ិកស៊ិក នៅនាទីទី១០ ត្រូវបានអាជ្ញាកណ្ដាលគិតថា ជាគ្រាប់បាល់«ចងមុង» ហើយសម្រេចមិនរាប់ជាបានការនោះឡើយ បើទោះជាអ្វីដែលវីដេអូបានបង្ហាញ មិនដូចទៅនឹងការមើលឃើញ របស់អាជ្ញាកណ្ដាលនោះក៏ដោយ។ ដូចគ្នានឹងគ្រាប់បាល់ទីពីរ នៅ២០នាទីក្រោយមកដែរ សុទ្ធតែត្រូវបានអាជ្ញាកណ្ដាលបដិសេធចោលទាំងអស់។
ប៉ុន្តែទីបំផុតទៅ នៅនាទីទី៦១ ក្នុងពាក់កណ្ដាលម៉ោងទីពីរ កីឡាករ ជីអូវ៉ានី ដូសសេនតូស (Giovani Dos Santos) ជាអ្នកនាំបាល់ទៅដល់មុខអ្នកចាំទីកាមើរូន ហើយព្រលែងមួយជើងទៅ តែត្រូវបានអ្នកចាំទីទះចេញ។ រំពេចនោះ កីឡាករ អូរីបេ ប៉េរ៉ាតា ដែលនៅក្បែរនោះ មិនបានទុកឲ្យឱកាសនេះធ្វើមិនដឹងមិនលឺឡើយ ក៏បានព្រលែងមួយជើង សឹងតែធ្លាយសំណាញ់ខាងក្រោយ។
ក្រុមជម្រើសជាតិ កាមើរូន ដែលមានកីឡាករល្បីៗជាច្រើន ទាល់ឲ្យក្រុមបាល់ទាត់អាជីពនៅប្រទេសអង់គ្លេសនោះ ខំសាកល្បងនឹងជួយសង្គ្រោះពិន្ទុឲ្យក្រុមខ្លួនដែរ ប៉ុន្តែអ្នកចាំទីរបស់ម៉ិកស៊ិក ក៏មិនជាអន់ប៉ុន្មាននោះដែរ។ បាល់មួយគ្រាប់ ដែលបញ្ជូនដោយក្បាលរបស់កីឡាករកាមើរូន សាមុយអែល អេតូអូ (Chelsea Samuel Eto’o) ត្រូវបានអ្នកចាំទីទប់ជាប់ គួរឲ្យកោតស្ងប់ស្ងែង។
ក្នុងរយៈពេល១២ឆ្នាំចុងក្រោយ ក្រុមកាមើរូន មិនដែលឈ្នះការប្រកួតម្ដងសោះ ពេលចេញមកប្រកួតនៅបាល់ទាត់ពិភពលោកនោះឡើយ រាប់តាំងពីឆ្នាំ២០០២ ដែលមានការជួបប្រកួតដូចនេះ រៀបចំនៅកូរ៉េខាងត្បូង និងប្រទេសជប៉ុនមក។ ប៉ុន្តែគេនៅមិនទាន់ដឹងពីអនាគត របស់ក្រុមទាំងនេះនៅឡើយ ព្រោះវាគ្រាន់តែជាការប្រកួតចាប់ផ្ដើមដំបូងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ម៉ិកស៊ិក រកបាន៣ពិន្ទុរួចជាស្រេចហើយ ដូចគ្នាទៅនឹងក្រុមប្រេស៊ីល ដែរ នៅក្នុងពូល A៕