អាជ្ញាកណ្ដាលបាល់ទាត់លើកកាតលឿង?... យកមួយដៃចំកណ្ដាលមុខទៅ! (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: ហិង្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម័យកាលនេះ ដូចជាមិនអំណោយផល សម្រាប់ក្រុមអាជ្ញាកណ្ដាលបាល់ទាត់ទេ។ ប្រសិនបើការសម្រេចចិត្តណាមួយ របស់អាជ្ញាកណ្ដាល ដែលមិនសូវសមប្រកប ហើយត្រូវបានក្រុមម្ខាងមិនសប្បាយចិត្ត អាជ្ញាកណ្ដាលច្បាស់ជាទទួលប្រតិកម្មមកវិញ យ៉ាងហោចណាស់ ក៏ជាការជេរប្រទេច ឬពាក្យសម្ដីមិនគប្បីដែរ។ ជាពិសេស នៅក្នុងរយៈពេលចុងក្រោយនេះ ការប៉ះពាល់រហូតដល់ការវាយតប់ ទៅលើរាងកាយរបស់អាជ្ញាកណ្ដាល ក៏តែងត្រូវបានឃើញកើតឡើង ជាញឹកញាប់ដែរ។
ជាតឹងតាងជាក់ស្ដែង នៅក្នុងការប្រកួតរវាង ក្រុម NK Bratstvo Gračanica និងក្រុម FK Budućnost Banovići នៃប្រទេសប៊ូស្នៀ កាលពីថ្ងៃទី៨ ខែតុលានេះ កីឡាករចាំទីឲ្យក្រុម NK Bratstvo Gračanica បានវង្វេងភ្លេចខ្លួន ជាកីឡាករបាល់ទាត់ តែបែរជាធ្វើខ្លួនជាកីឡាករ«ប្រដាល់»វិញ បន្ទាប់ពីខ្លួនបានទទួលកាតលឿងពីអាជ្ញាអាជ្ញាកណ្ដាលរួច។
ទំនងជាក្ដៅស្លឹកត្រជៀកទ្រាំលែងបាន ពីការពិន័យកាតលឿង កីឡាករចាំទី Romeo Mitrovic បានដើរសំដៅទៅរកអាជ្ញាកណ្ដាល ហើយបានព្រលែងមួយដៃ សំដៅកណ្ដាលមុខរបស់អាជ្ញាកណ្ដាល។ សំណាងល្អ អាជ្ញាកណ្ដាលបានងាកមកខាងស្ដាំបានបន្តិច ដើម្បីគេចឲ្យផុតពីកណ្ដាប់ដៃ របស់អ្នក«ប្រដាល់»រូបនោះ។ ហេតុការណ៍វាយតប់ ទៅលើរាងកាយអាជ្ញាកណ្ដាលនេះ បានធ្វើឲ្យក្រុមបាល់ទាត់ទាំងសងខាង រងការពិន័យ ព្រោះអាជ្ញាកណ្ដាលបានសម្រេចចិត្ត បញ្ឈប់ការប្រកួតនៅពេលនោះភ្លាម ហើយបានប្រកាសពីបំណងរបស់លោក ប្ដឹងពីទង្វើហិង្សារបស់កីឡការចាំទី។
ទាក់ទងនឹងផ្លូវច្បាប់ ដែលនឹងត្រូវកាត់ក្ដីដោយចៅក្រម ឬយ៉ាងណានោះ គេនៅមិនអាចដឹងបានថា នឹងសម្រេចក្ដីរបៀបនេះ នៅក្នុងប្រទេសប៊ូស្នៀ យ៉ាងដូចម្ដេចទេ។ តែសម្រាប់វិន័យរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ ដែលគ្រប់គ្រងលើក្រុមបាល់ទាត់ សឹងតែទាំងអស់នៅលើពិភពលោក បានកំណត់ថា កីឡាករដែលមានអាកប្បកិរិយាបំពារបំពាន ធ្វើការវាយតបបែបនេះ នឹងត្រូវហាមប្រាមលែងឲ្យប៉ះបាល់ អស់មួយជីវិត៕
វីដេអូ៖