ស្រែកលេងថា«ខ្ញុំមានជំងឺអេបូឡា»នៅលើយន្ដហោះ បង្កការជ្រួលច្របល់... (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: ជំងឺឆ្លង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជើងហោះហើរ 845 នៃក្រុមហ៊ុនអាកាសចរណ៍ US Airways ដែលហោះភ្ជាប់ទីក្រុង ហ្វីឡាដែលហ្វី (Philadelphie) ទៅកាន់ក្រុង ប៉ងតាកាណ (Punta Cana) បានជួបរឿងដ៏ចម្លែកមួយ នឹកស្មានមិនដល់ នៅព្រលានយន្ដហោះនៃសាធារណរដ្ឋ ដូមេនិកេន។ នៅពេលយន្ដហោះ បានចុះចតដល់ដី អ្នកបម្រើការលើយន្ដហោះ បានស្នើសុំឲ្យអ្នកដំណើរទាំងអស់អង្គុយនៅឲ្យស្ងៀម ហើយបន្ទាប់មកក្រុមភ្នាក់ងារសុខភាពច្រើននាក់ ដែលពាក់ឯកសណ្ឋានពណ៌ខៀវការពារជម្ងឺឆ្លង បានចូលមកត្រួតពិនិត្យ នៅក្នុងយន្ដហោះ។
រឿងហេតុដែលបណ្ដាលឲ្យមាន ការត្រួតពិនិត្យយន្ដហោះនោះ ដោយសារតែបុរសម្នាក់អាយុ៥៤ឆ្នាំ បានស្រែកឡើងថា៖ «ខ្ញុំមានជំងឹអេបូឡា អ្នកឯងទាំងអស់គ្នាចប់ហើយ!» តាមប្រភពមួយចំនួនទៀត បានបញ្ជាក់ទៀតថា បុរសម្នាក់នេះ បានជិះក្នុងយន្ដហោះជាមួយនឹងការក្អកមិនឈប់ឈរ ហើយបានស្រែកដដែលៗថា៖ «ខ្ញុំបានទៅទ្វីបអាហ្វ្រិក»។
នៅពេលក្រុមភ្នាក់ងារសុខភាព បាននាំបុរសនោះចេញទៅធ្វើការវិភាគ បុរសនោះបានងាកមកនិយាយថា៖ «ហ្អេ សម្លាញ់... អញគ្រាន់តែនិយាយលេងទេតើ!»។ ប៉ុន្តែជាសំណាងល្អ ការត្រួតពិនិត្យបានបង្ហាញថា បុរសមិនមានជំងឺអ្វីទេ។
ស្ត្រីអ្នកបម្រើការលើយន្ដហោះមួយរូប បាននិយាយទៅកាន់អ្នកដំណើរថា៖ «ខ្ញុំគិតថា បុរសដែលនិយាយបែបនេះ ពិតជាមនុស្សមិនដឹងអីមែនតែម្ដង»។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍វិញ បានប្រកាសនៅក្នុងសេចក្ដីជូនដំណឹងមួយថា៖ «យើងសុំអភ័យទោស នូវគុណវិបត្តិដែលចេញពីហេតុការណ៍នេះ។ ប៉ុន្តែសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិក ជាអាទិភាពចំបងរបស់យើង។»៕
វីដេអូ៖