សង្គមស៊ីវិលអន្តរជាតិ មានកង្វល់លើច្បាប់«ថ្មី»ប្រាំ ក្នុងដៃរដ្ឋាភិបាលកម្ពុជា
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: ច្បាប់និងសិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសង្គមស៊ីវិលអន្តរជាតិ អាស៊ីនិងអឺរ៉ុប រួមជាមួយសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានមកជួបជុំគ្នា នៅក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី១០ ខែតុលានេះ នៅសណ្ឋាគារ អ៊ីភើរៀល រាជធានីភ្នំពេញ។ ការជួបជុំនេះ ក្នុងគោលបំណងសម្តែងនូវមតិ លើកពីបញ្ហា ការព្រួយបារម្មណ៍ និងនីតិវិធីក្នុងការទទូចស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការត្រួតពិនិត្យ និងពិចារណាឲ្យបានហ្មត់ចត់ នូវច្បាប់ទាំងប្រាំ ដែលរដ្ឋាភិបាលកំពុងសិក្បាលើកគម្រោងនោះ។
សន្និសីទសារព័ត៌មានក្រោមប្រធានបទ «ច្បាប់ថ្មីរបស់កម្ពុជា អាចនឹងរឹតបន្តឹងសេរីភាព» លោក ម៉ីសែល ស្វីតូ (Michael Switow) មកពីអង្គការសេចក្តីអំពាវនាវសកល ដើម្បីសកម្មភាពប្រឆាំងនឹងភាពក្រីក្រ បានបង្ហាញតាមរយៈអ្នកបកប្រែថា មានច្បាប់ចំនួនប្រាំបី ដែលកម្ពុជាក្នុងអាណត្តិទីប្រាំនេះបានអនុម័ត និងបន្តស្នើដាក់ឲ្យអនុម័ត។ ក្នុងនោះមានច្បាប់ចំនួនបី ដែលបានអនុម័តរួច។ ឯច្បាប់ចំនួនប្រាំទៀត កំពុងស្ថិតក្នុងការដាក់ ជាសំណើនៅឡើយ។ លោកបន្តថា ច្បាប់មួយចំនួនក្នុងចំណោមច្បាប់ទាំងប្រាំ បានរឹតបន្តឹងនូវសេរីភាពរបស់សង្គមស៊ីវិល ជាពិសេសការបញ្ចេញមតិ របស់សង្គមស៊ីវិលតែម្តង។
ចំណែកលោក តូ ហូឌិនហ្វៀល (Tor Hodenfield) មកពីអង្គការស៊ីវីឃឺស(CIVICUS) បានបង្ហាញពីការព្រួយបារម្មណ៍របស់ខ្លួន ចំពោះសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមសង្គមស៊ីវិលនៅកម្ពុជាថា នឹងរងនូវគំនាបផ្នែកស្មារតី និងហិង្សាពីរដ្ឋាភិបាល ដោយគ្មានការដោះស្រាយ ឬបង្ហាញភាពយុត្តិធម៌តាមផ្លូវច្បាប់។ លោកបានលើកជាឧទាហរណ៍ថា តួយ៉ាងដូចជាការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់ជាតិ បង្ក្រាបលើប្រជាពលរដ្ឋស្លូតត្រង់ និងសង្គមស៊ីវិលជាដើម។ «កម្ពុជាកំពុងពង្រឹងលិទ្ធិប្រជាធិបតេយ្យ។ តែរដ្ឋាភិបាល (កម្ពុជា) ខ្លួនឯងបាននឹងកំពុងដើរចេញពីនេះ។»
ដោយឡែកលោកស្រី សារ៉ា អ៊ីនែស (Ms.Sarah Enees) មកពីអង្គការអន្តរជាតិរបស់សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលជាតិ(IFP/FIP) បានលើកឡើងថា កម្ពុជាបច្ចុប្បន្នបាននឹងកំពុងដើរដល់ផ្លូវបំបែកហើយ។ ភាពរីកចំរើននៃការបោះឆ្នោត និងក្រោយពីការចូលរួមធ្វើការក្នុងរដ្ឋាភិបាលរវាងបក្សធំៗទាំងពីរ បានបង្ហាញថា ភាពរីកចម្រើននៃច្បាប់កំពុងដំណើរការ។ លោកស្រីបន្ថែមថា បើរដ្ឋាមិនទទួលយកសម្លេង ឬអនុសាសន៍របស់សង្គមស៊ីវិលទេ មានន័យថា លិទ្ធិប្រជាធិបតេយ្យមានការប្រែប្រួល ហើយកម្ពុជាក៏បាននឹងកំពុងដើរថយក្រោយ។ ទោះយ៉ាងនេះក្តីលោកស្រីបានបង្ហាញនូវជំនឿថា កម្ពុជានឹងនាំមុខគេក្នុងការទទួលយកសង្គមស៊ីវិលធ្វើការជាមួយ។
ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិនេះ ក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជា ក៏មានបំណងជួបជាមួយរដ្ឋាភិបាល ដើម្បីស្មើឲ្យធ្វើការគិតគូឡើងវិញនូវច្បាប់ដែលរឹតបណ្តឹង សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ ក្នុងជំនួបនោះ ក៏នឹងមានអនុសាសន៍ចំនួនប្រាំបួនចំណុចក្នុងការស្នើទៅរដ្ឋាភិបាលឲ្យអនុវត្ត ក្នុងគោលបំណងលើកស្ទួយលិទ្ធិប្រជាធិបតេយ្យតាមរយៈប្រព័ន្ធច្បាប់មួយដែលមានតម្លៃ និងតម្លាភាព។
អនុសាសន៍ទាងប្រាំបួនចំណុចនោះរួមមាន ការផ្តល់បរិយាកាសដល់សង្គមស៊ីវិល និងអ្នក ការពារសិទ្ធិមនុស្សឲ្យស្របតាមកាតព្វកិច្ចអន្តរជាតិ។ ការលើកស្ទួយសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដោយការពិគ្រោះយោបល់និងទទួលយកយោបល់។ ការអនុម័ត និងអនុវត្តច្បាប់ស្តីពីដំណើរ ការនៃសេចក្តីព្រៀងច្បាប់។ ការអនុម័តច្បាប់ និងអនុវត្តច្បាប់ស្តីពីការទទួលព័ត៌មាន។ ការគោរព និងសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណេត។ ការបង្កើតឲ្យមានស្ថាប័នឯករាជ្យមួយក្នុងការចាប់ខ្លួន ឬការប្រើកំលាំងទៅលើបាតុករ។ ត្រូវបង្កើតយន្តការស្តីពីគណៈកម្មកាសិទ្ធិមនុស្សរបស់រដ្ឋសភា និងព្រឹទ្ធសភា។ ការអនុញាតឲ្យសហជីព មានសកម្មភាពរបស់សហជីព និងការត្រូវពិនិត្យ ច្បាប់ទាំងបី ឬការធ្វើច្បាប់ទាំងបីនោះឡើងវិញ ឬដកនូវបញ្ញត្តិមួយចំនួន។
យោងតាមរបាយការណ៍ឆ្នាំ២០១៣ របស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលមានចំណងជើងថា «ការវាយតម្លៃបរិយាកាសអំណោយផល សម្រាប់សង្គមស៊ីវិល» បានបង្ហាញថានៅថ្នាក់មូលដ្ឋាន និងតាមបណ្តាខេត្តនានា មានការរឹតត្បិតដោយរដ្ឋាភិបាលថ្នាក់ក្រោមជាតិ លើសេរីភាពក្នុងការជួបជុំ ការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល។ ក្នុងកម្រាស់៨៤ទំព័រ នៃរបាយការដដែលនេះ បានធ្វើកិច្ចសម្ភាសន៍ ជាមួយបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលសំខាន់" មកពីមជ្ឈដ្ឋានផ្សេងគ្នាចំនួន២៤រូប។ ហើយអ្នកផ្តល់បទសម្ភាសន៍ស្ទើរតែទាំងអស់យល់ស្របថា៖ «ការយល់ដឹង និងសមត្ថភាព នៃការអនុវត្តច្បាប់របស់មន្ត្រីរាជការមួយចំនួន បានបង្កជា«ឧបសគ្គធំ» រារាំងដល់ដំណើរការ របស់អង្គការសង្គមស៊ីវិល។
ច្បាប់ចំនួនប្រាំ ដែលកំពុងដាក់ឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការត្រួតពិនិត្យនោះរួមមានច្បាប់ស្តីពី សហជីព, ច្បាប់ស្តីពីគ្រប់គ្រងអ៊ីនធើណេត និងច្បាប់ស្តីពីការទទួលបាននូវព័ត៌មានជាដើម៕