យ៉ែម បុញ្ញឫទ្ធិ វ៉ៃផងអង្អែលផង ចំពោះរឿងដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: សាសនា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កិច្ចប្រជុំដែលធ្វើឡើងដោយបិទទ្វារ ក្នុងសាលប្រជុំអន្តរជាតិ នាវិមានរដ្ឋសភា ថ្ងៃទី០៩ ខែតុលាម្សិលម៉ិញនេះ រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានបង្ហាញពីជំហររបស់លោកថា៖ «ពុទ្ធសាសនបណ្ឌិត្យនេះ អត់មានជួល ឬលក់ ឬធ្វើការអភិវឌ្ឍន៍អ្វីទេ។ យើងកំពុងតែទំនាក់ទំនង រកនីតិវិធីយ៉ាងណា ដើម្បីរុះរើសម្ភារៈនោះចេញ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ (…) ការសាងសង់របស់ក្រុមហ៊ុនណាហ្គានោះ គេទើបតែធ្វើមិនទាន់បានអ្វីនោះទេ។ បន្ទាប់ពីលឺព័ត៌មានថា មានការសាងសង់អនុស្ថានីយនៅទីនោះ ក្រសួងបានបញ្ឈប់មិនឲ្យធ្វើអ្វីទាំងអស់។ (…) ពុទ្ធសាសនបណ្ឌិត្យនេះ ជាកន្លែងធ្វើការមួយនៅក្រោមក្រសួងធម្មការ និងសាសនា ហើយគ្មានប៉ះពាល់ទេ ដោយសារគេវិនិយោគផ្លូវក្រោមដី។ (…) ក្រុមហ៊ុនណាហ្គាបើកការដ្ឋាននោះ មានកិច្ចសន្យាសុំខ្ចីជាមួយក្រសួងធម្មការ និងសាសនា តែមិនទទួលបានកំរ៉ៃអ្វីពីណាហ្គាទេ។ ចាប់ពីពេលនេះទៅ គឺបញ្ឈប់តែម្ដង ហើយក្រសួងកំពុងតែឲ្យណាហ្គា រុះរើចេញ។»
ទោះជាមានការធានាអះអាងយ៉ាងនេះក្តី ប្រធានគណៈកម្មាធិការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងក្នុងលក្ខណៈមិនទុកចិត្តយ៉ាងដូច្នេះថា លោកនឹងចាត់ឲ្យក្រុមអ្នកតំណាងរាស្ត្រ តាមឃ្លាំមើល ហើយក្នុងនាមគណៈកម្មាធិការទីប្រាំពីរ នៃរដ្ឋសភា លោកនឹងស្នើលិខិតទៅប្រធានរដ្ឋសភា លោក ហេង សំរិន ក្នុងការចុះពិនិត្យទីតាំង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាក់ស្តែងតែម្តង។
ការថ្លែងរបស់លោក យ៉ែម បុញ្ញឬទ្ធិ មានលក្ខណៈ«វៃផង អង្អែល»ផង។ លោកបាននិយាយទៀតថា ក្រុមការងាររបស់លោក នឹងរៀបចំកញ្ចប់ថវិកា ដើម្បីជួយក្រសួងធម្មការកិច្ចការសាសនានេះ ក្នុងការរៀបចំឡើងវិញ នូវទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ទាក់ទងនឹងករណីនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានទូលថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថាគ្មានការលក់ ជួល ឬដោះដូរពុទ្ធសាសនាបណ្ឌិត្យឡើយ។ យោងតាមលិខិតថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ របស់លោកនាយករដ្ឋមន្រ្តី បានទូលថ្នាយព្រះមហាក្សត្រ ថា ក្រសួងធម្មការ និងសាសនា ក៏បានចេញសេចក្តីថ្លែងការណ៍ ក្នុងការបដិសេធលើការចោទប្រកាន់ទាំងនោះដែរ។
សូមរំលឹកថា កន្លងមក មានប្រជាពលរដ្ឋមួយ សិស្ស និស្សិត និងព្រះសង្ឃចំនួនធំ បានបង្ហាញការមិនសប្បាយចិត្ត និងក្តីព្រួយបារម្មណ៍របស់ពួកគេ ក្នុងការបាត់បង់ទីតាំង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលជាឃ្លាំងចំណេះដឹងសកល នៃប្រជាជាតិខ្មែរពីដូនតា តែបែរជាជំនួសមកវិញ ដោយសណ្ឋាគារ, កាស៊ីណូ (កន្លែងស្រីស្រា និងល្បែងស៊ីសងទៅវិញ)។
សូមទស្សនាកិច្ចសម្ភាសរបស់លោក មិន ឃិន និងលោក យ៉ែម បុញ្ញឫទ្ធិ នៅវិមានរដ្ឋសភា ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖