តំណាងរាស្រ្តបក្សប្រជាជន ចោទសកម្មភាពបក្សសង្រ្គោះជាតិថាជា«រដ្ឋប្រហារ»
ស្របពេលដែលមហាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ ដែលទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីដំណែង និងរៀបចំការបោះឆ្នោតមុនអាណត្តិឡើងវិញ កំពុងមានភាពផុសផុលយ៉ាងរពើតរំពើងនោះ ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែគាំទ្រគោលជំហរបស់លោក ហ៊ុន សែន ដែលបានបដិសេធការចុះចេញពីដំណែង និងការរៀបចំបោះឆ្នោតឡើងវិញតាមការទទូចរបស់គណបក្សសង្រ្គោះជាតិនោះទេ តែថែមទាំងចោទប្រកាន់សកម្មភាពរបស់គណបក្សជំទាស់នេះថាជា«រដ្ឋប្រហារ»នោះផងទៀត។ តែសម្រាប់អ្នកច្បាប់បានពន្យល់ថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ មិនមែនជារូបភាពនៃការធ្វើ»រដ្ឋប្រហារ»នោះទេ។
រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)
នយោបាយកម្ពុជា - ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន ៤២ រូបតាមរយៈ ញ្ញតិមួយដែលមានចុះហត្ថលេខា ផ្ទាល់ដៃ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានអគ្គលេខាធិការដ្ឋានរដ្ឋសភា ទម្លាយឲ្យអ្នកការសែតដឹង នៅថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣ បានបង្ហាញការគាំទ្រ«មិនងាករេ» របស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំពោះគោលជំហរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទាត់ចោលសំណើររបស់គណបក្សសង្រ្គោះជាតិ។
ខ្លឹមសារក្នុងញត្តិដដែលនោះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា បានប្រកាសគាំទ្រ ឥតងាករេ និងឥតលក្ខខណ្ឌ ចំពោះប្រសាសន៍របស់ លោក ហ៊ុនសែន ដែលបានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ថា គ្មានការបោះឆ្នោតជាតិឡើងវិញទេ ហើយក៏គ្មានការចុះចេញពីតំណែងផងដែរ។ ញត្តិដដែលបានស្នើឲ្យក្រុមប្រជំទាស់ ពិនិត្យមើលរដ្ឋធម្មនុញ្ញ ដែលបានកំណត់ថា នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ ឆ្នាំ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ លើកលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ ខែ។
សូមអានអត្ថបទដែលទាក់ទងនឹងរដ្ឋធម្មនុញ្ញ ដោយចុចលើទីនេះ។
ឆ្លើយតបចំពោះការទាមទាររបស់គណបក្សសង្រ្គោះជាតិ ញ្ញតិនោះបានបញ្ជាក់ថា៖ «ពាក្យគ្មានសីលធម៌ និងសុំឲ្យបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ ម្តងទៀត យ៉ាងយូរដើមឆ្នាំ២០១៤ ខាងមុខ គឺជាអំពើធ្វើ"រដ្ឋប្រហារ"សុទ្ធសាធ ដែលមិនអាចប្រកែកបានឡើយ»។ ញត្តិរបស់ក្រុមតំណាងរាស្ត្រ ដែលសម្រេចចូលបង្កើតសភា តែបក្សខ្លួនតែមួយនោះ បានព្រមានថា៖ «យើងខ្ញុំជាតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា សូមធ្វើការគាំទ្រដាច់អហង្ការចំពោះប្រសាសន៍សម្តេច ហ៊ុនសែន (...)។ រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឲ្យទង្វើខុសច្បាប់ណាមួយ មកបង្កអស្ថិរភាព សម្រាប់ប្រជាពលរដ្ឋនោះឡើយ។ ហើយកន្លងមករាជរដ្ឋាភិបាល បានអត់ធ្មត់ជាខ្លាំង ដោយគោរពបាននូវសិទ្ធិប្រជាពលរដ្ឋ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី។»
ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យ របស់គណបក្សសង្រ្គោះជាតិដើម្បីធ្វើការអត្ថាធិប្បាយបានទេ។ តែបើយោងលើលោក សុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាអ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា បើទោះជាក្នុងហេតុផលណាមួយ ឬហេតុផលនយោបាយក៏ដោយ គេមិនអាចចោទប្រកាន់មហាបាតុកម្មប្រកាន់ភ្ជាប់គោលការណ៍អហិង្សា ដែលដឹកនាំដោយគណបក្សនយោបាយណាមួយ ថាជា«រដ្ឋប្រហារ»បានទេ។ ហើយការវាយតម្លៃ ថាសកម្មភាពណាមួយជា«រដ្ឋប្រហារ» និងត្រូវដោះស្រាយយ៉ាងដូចម្តេចនោះ គឺកាត្វកិច្ចរបស់រដ្ឋាភិបាល និងមន្រ្តីជំនាញដែលពាក់ព័ន្ធ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ