ទីក្រុង ស៊ីដនី ផ្ដល់ការងារឲ្យបុរសម្នាក់ ទៅ«ដើរដេក»ជាមួយស្រីពេស្យា
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ តុលា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: មិនគួឲ្យជឿ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំមិនដែលគិតថា មានការងារបែបនេះទេ ហើយក៏កាន់តែមិនជឿទៅទៀត ថាខ្ញុំអាចធ្វើវាដោយខ្លួនឯងបាន» នេះជាការថ្លែងបញ្ជាក់ របស់លោក ហ្វ្រេដ អេឡេន (Fred Allen) បន្ទាប់ពីបានផ្លាស់ប្ដូរអាជីពរបស់ខ្លួន តាំងពី៣ឆ្នាំមកហើយ។
គេត្រូវនិយាយថា អាជីពថ្មីរបស់លោក ជាក្ដីសុបិន្តមិនដែលធ្លាប់មានពីមុនមក នោះគឺលោកត្រូវបានសាលាក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី ផ្ដល់ប្រាក់ខែឲ្យ ដើម្បីចូលទៅក្នុងបនស្រីពេស្យាខុសច្បាប់ទាំងឡាយ ដែលបានគ្របមុខជាគ្រឹះស្ថានចាប់សរសៃ។ ដើម្បីប្រមូលបាននូវភស្ដុតាងឲ្យច្បាស់លាស់ លោក ហ្វ្រេដ អេឡេន ត្រូវតែភ្លក្សរសជាតិពិសេសៗទាំងនោះ ដោយខ្លួនលោកផ្ទាល់។
ការងារនេះ បានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១១ ខណៈពេលដែលលោក នៅជាអ្នកបើកតាក់ស៊ីនៅឡើយ។ លោកបានមើលឃើញដោយចៃដន្យ ការប្រកាសតាមសារព័ត៌មាន ការស្វែងរកបុគ្គលិក «អ្នកស៊ើបអង្កេត ក្នុងសំនុំរឿងស្រីពេស្យា» ហើយបន្ទាប់មក លោកក៏ត្រូវបានទទួល ឲ្យចូលធ្វើការងារនេះ។ ការសែត Sydney Morning Herald បានជួបសម្ភាសជាមួយ តំណាងមួយរូបពីសាលាក្រុង ស៊ីដនី មានសេចក្ដីជាអាថ៌ថា លោក ហ្វ្រេដ មានសញ្ញាបត្រខាងការស៊ើបអង្កេត ចេះភាសាអង់គ្លេស ទាំងសរសេរទាំងនិយាយបានល្អ ហើយលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាសាក្សីនៅក្នុងសវនាការ។ ហើយជាពិសេសនោះ គឺលោក ហ្វ្រេដ នៅតែឯង គ្មានប្រពន្ធកូនឡើយ។
សម្រាប់លោក ហ្វ្រេដ វិញ បាននិយាយរៀបរាប់ថា៖ «ក្នុងពេលចុះបេសកកម្មដំបូង ខ្ញុំដូចជាពិបាកក្នុងខ្លួនណាស់។ ខ្ញុំមិនដែលដេកជាមួយស្រីពេស្យាទេ អញ្ចឹងខ្ញុំក៏មិនដឹងថា ត្រូវធ្វើម៉េចដែរ។ (...) តែបន្ទាប់មក ខ្ញុំគិតក្នុងចិត្តថា ខ្ញុំកំពុងធ្វើការស្របច្បាប់មួយ ដើម្បីរាយការណ៍ពីសកម្មភាពខុសច្បាប់។ នៅថ្ងៃនោះ មានអី...ម្យ៉ាងដែរទេតើ!»
អតីតអ្នករត់តាក់ស៊ីវ័យចំណាស់ បាននិយាយឲ្យដឹងទៀតថា៖ «បើគិតជាមធ្យម គេឲ្យខ្ញុំចុះស៊ើបអង្កេត បីសប្ដាហ៍ម្ដង។ រយៈពេលនេះ ធ្វើឲ្យខ្ញុំអាចរកកម្លាំងបានមកវិញ យ៉ាងស្រួលតែម្ដង។ (...) ប៉ុន្តែពេលខ្លះ ខ្ញុំត្រូវចុះទៅច្រើនដង ក្នុងមួយសប្ដាហ៍។»
រហូតមកទល់នឹងពេលនេះ លោក ហ្វ្រេដ អេឡេន បានធ្វើការស៊ើបអង្កេត បានជាង៦០សំនុំរឿងហើយ សម្រាប់ក្រុងស៊ីដនីទាំងមូល។ នៅពេលអ្នកការសែតសួរលោកថា តើលោកគិតយ៉ាងដូចម្ដេចពីការងាររបស់លោកនេះ លោកបានឆ្លើយដោយសើចក្អាកក្អាយថា៖ «ខ្ញុំចង់បញ្ជាក់ប្រាប់អ្នកឯងថា ការងារនេះ វាច្បាស់លាស់ជាងកាលនៅ ជាអ្នកបើកតាក់ស៊ីឆ្ងាយណាស់។ ហើយប្រាក់ខែ ក៏ទទួលបានច្រើនជាងដែរ។»៕