អ៊ិត សំហេង៖ កម្ពុជាកំពុងមានកំណើនទីផ្សារការងារ និងខ្វះពលករ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីអះអាងយល់ស្របតាមអង្គការពលកម្មអន្តរជាតិ () ថាចំនួនអ្នកគ្មានការងារនៅកម្ពុជាមានចំនួនត្រឹមតែ ០,៣% ប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែមិថុនានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ របស់ប្រទេសកម្ពុជា បានថ្លែងទៅកាន់ពលករ-កម្មករដែលត្រូវបានអាជ្ញាធរថៃ ក្រោមរបបគ្រប់គ្រងយោធាថ្មី ចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ថាកម្ពុជាកំពុងមានកំណើនទីផ្សារការងារ និងខ្វះពលករ។
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង កាលពីថ្ងៃបុណ្យការងារ ទី១ ខែឧសភា ឆ្នាំ២០១៤។ (រូបថតក្រសួងការងារ)
ការងារ - រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះបានទទូចដល់ពលករកម្ពុជា គប្បីកុំត្រលប់ទៅធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ។ បើតាមលោករដ្ឋមន្រ្តីរូបនេះ បានអះអាងនៅចំពោះមុខពលករចំណាកស្រុកកម្ពុជា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា ប្រទេសកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចល្អ ដែលជំរុញឲ្យទីផ្សារការងារមានកំណើនជាលំដាប់ និងកំពុងជួបប្រទះវិបត្តិ ខ្វះពលករ និងកម្មករ។
តែសម្រាប់លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ប្រទេសកម្ពុជាកំពុងជួបប្រទះភាពអត់ការងារធ្វើយ៉ាងធ្ងន់ធ្ងរ និងប្រាក់ឈ្នួលទាប ដែលជំរុញឲ្យមានវិបត្តិ សេដ្ឋកិច្ច និងសង្គម។ ក្នុងសន្និសីទសារព័ត៌មាន ជាមួយពលករខ្មែរចំណាកស្រុក នៅទីស្នាក់ការកណ្តាលគណបក្ស ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នេះ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់កម្ពុជា បានលើកឡើងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវទទួលស្គាល់ ពីភាពបរាជ័យ និងការមិនទទួលខុសត្រូវ ក្នុងការដឹកនាំនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលខ្លួន។
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចច្រើនហួសហេតុ អំពើពុករលួយ បក្សពួកនិយម និងការគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិវាយតម្លៃថា ជាឬសគល់ នៃភាពអត់ការងារធ្វើនៅកម្ពុជា។ លោកសម រង្ស៊ី បានបញ្ជាក់ថា៖ «សេដ្ឋកិច្ចខ្សោយ យ៉ាប់យឺន ដែលធ្វើឲ្យរាស្រ្តអត់ការងារធ្វើ និងក្រីក្រ បានជំរុញឲ្យគេចំណាកស្រុក ព្រោះគ្មានជម្រើស។»
បើតាមតួលេខក្រៅផ្លូវការ បានឲ្យដឹងថា ពលករខ្មែរធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ អាចមានចំនួនក្នុងចន្លោះពី១៦ ទៅ២០ម៉ឺននាក់ ខណៈពលករខ្មែរធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃ មានចំនួនប្រហាក់ប្រហែល ជិត៩ម៉ឺននាក់ផ្សេងទៀត។ តែបើយោងតាមអាជ្ញាធរថៃ បានបង្ហាញថា មានពលករខ្មែរ ជាង៨ម៉ឺននាក់ កំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។
ប្រធានក្រុមប្រឹក្សាយោបល់ផ្នែកវិនិយោគ លោក អឹម ផល្លា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ថា រដ្ឋាភិបាលពិតជាអង្គសំខាន់ និងត្រូវមានកាតព្វកិច្ច ជួយជ្រោមជ្រែង ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋគ្រប់រូប តែវាមិនមែនជាបន្ទុករបស់រដ្ឋាភិបាលតែម្នាក់ឯងនោះទេ ព្រោះត្រូវមានការចូលរួមពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីពាក់ព័ន្ធផ្សេងទៀត។ ប្រធានក្រុមប្រឹក្សាយោបល់ផ្នែកវិនិយោគ រូបនេះបន្តថា ដំណោះស្រាយការងារសម្រាប់ពលករកម្ពុជា គេត្រូវបែងរវាងដំណោះស្រាយការងាររយៈពេលខ្លី និងដំណោះស្រាយការងារ សម្រាប់រយៈពេលវែង។
លោកអឹម ផល្លា បានលើកឡើងទៀតថា លោកមិនគិតថាទីផ្សារការងារនៅកម្ពុជា ចង្អៀតពេកនោះទេ តែបញ្ហានៅត្រង់ថា កម្ពុជាមិនទាន់អាចគ្រប់គ្រងប្រព័ន្ធការងារបានល្អ ហើយការបណ្តុះបណ្តាលជំនាញដល់ពលករ ក៏នៅមានកម្រិត នៅឡើយ។ លោកអឹម ផល្លា បញ្ជាក់ថា៖ «ក្រុមហ៊ុន គេត្រូវការជំនាញឯកទេស។ (...) ការងារវាមានច្រើន តែសំខាន់ថាយើងមានជំនាញគ្រប់គ្រាន់សម្រាប់គេ ឬអត់?»៕